កីឡាជាតិ
ជាតិ
លោក Felix៖ ច​ន្ធា ទើប​មាន​អាយុ​១៧​ឆ្នាំ ដូច្នេះ​គេ​នៅមាន​ទេពកោសល្យ និង​សក្តានុពល​បន្ថែមទៀត​
14, Sep 2019 , 8:19 pm        
រូបភាព
កីឡាករ សៀង ចន្ធា (រូបក្នុងរង្វង់) និងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
កីឡាករ សៀង ចន្ធា (រូបក្នុងរង្វង់) និងលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ដោយ:
​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ជា​កីឡាករ​មាន​ទេពកោសល្យ ដែល​គេ​រំពឹងថា នឹង​អាច​ក្លាយជា​កីឡាករ​សន្តា​នុព​ល​របស់​កម្ពុជា​នាពេល​អនាគត​។ នេះ​ជាការ​យល់ឃើញ​របស់លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ជំនួប​ជាមួយ​បា​រ៉ែ​ន នា​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២​កាលពី​ថ្ងៃទី​១០ កញ្ញា ដែល ច​ន្ធា ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​។



​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បង្ហាញ​ការជឿជាក់​លើ​ខ្សែប្រយុទ្ធ សៀង ច​ន្ធា ថា រូបគេ​នឹង​ក្លាយជា​កីឡាករ​សក្តានុពល​១​រូប​របស់​កម្ពុជា​នាពេល​អនាគត​។ ការជឿជាក់​នេះ ធ្វើឡើង​ក្រោយ​លោក​សង្កេតឃើញថា ច​ន្ធា មាន​ទេពកោសល្យ​ខ្ពស់​ទាំង​លើ​ការហ្វឹកហាត់ និង​ប្រកួត​នៅលើ​ទីលាន​។ ជាក់ស្តែង​ក្នុងជំនួប​កម្ពុជា​ស្មើ ១-១ ជាមួយ​ហុងកុង​យុវជន​បាទី​រូបនេះ បានបង្ហាញ​សមត្ថភាព និង​ទម្រង់​លេង​ដ៏​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ តាមរយៈ​ការបង្កើត​ឱកាស ហើយ​ទាត់​ទៅ​ប៉ះរ​បាទី​របស់​ហុងកុង​។



​ការបង្ហាញ​ទម្រង់​លេង​ល្អ​គួបផ្សំ​ការខិតខំ​ព្យាយាម​ហ្វឹកហាត់ ជួយ​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ​១៧​ឆ្នាំ ដែល​ស្ថិតក្នុង​ជម្រើស​ទី​២​នា​ជំនួប​ជាមួយ​ហុងកុង​រូបនេះ ត្រូវបាន​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​លោក Felix Dalmas ជា​គ្រូបង្វឹក ផ្តល់ឱកាស​ឲ្យ​ជាប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង នា​ជំនួប​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២ ដែល​កម្ពុជា​ចាញ់​បា​រ៉ែ​ន ១-០ កាលពី​ថ្ងៃទី​១០ ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​បានបញ្ជាក់​ពី​មូលហេតុ ដែល​ដាក់ សៀង ច​ន្ធា ក្នុង​ជម្រើស​១១​នាក់​ដំបូង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​យល់​ពី​ស្ថានភាព​នៃ​ការប្រកួត ខ្ញុំ​មើលឃើញថា ច​ន្ធា សម្រាប់​ការប្រកួត​នឹង​(​ជាមួយ​បា​រ៉ែ​ន​)​គឺអាច​ជះឥទ្ធិពល​ខ្លាំង​បើ​គាត់​លេង​ក្នុង​ជម្រើស​ដំបូង ជាការ​ពិត​គាត់​អាចធ្វើ​បាន​មែន​។ យើង​ដឹង​ហើយ​ថា ច​ន្ធា ទើបតែ​មាន​អាយុ​១៧​ឆ្នាំ យើង​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ច្រើន​សម្រាប់​គាត់ ដើម្បី​ឲ្យ​រីកចម្រើន​កាន់តែខ្លាំង​។ គាត់​ពិតជា​មាន​ទេពកោសល្យ និង​សក្តានុពល​»​។



​ប៉ុន្តែ​ក្រោយ​បង្ហាញខ្លួន​បាន​៥៨​នាទី សៀង ច​ន្ធា ត្រូវ​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ ហូ​យ ផល្លី​ន​។ ការប្រកួត​បញ្ចប់​បាន​ប្រមាណ​ជាង​២​ម៉ោង​សមាជិក​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​នៅ​ក្លិប Vegalta Sendai នៃ​ក្លិប J1-League​។ ខណៈ​លោក សាប៊ូ​ន វិ​នតា ជា​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ពីររូប​ទៀត​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី គឺ​អ្នកចាំទី ថា ចាន់​រិទ្ធី និង​កីឡាករ អ៊ា​ន ពិសី កំពុង​រង់ចាំ​នៅ​ទីនោះ​។​

​នា​ជំនួប​ជើង​ទី​១​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​១ កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខ្សែប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​រូបនេះ​បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​កម្ពុជា ក្រោយ​ប្តូរ​ចូល​ជំនួស សេត រ៉​ស៊ី​ប បាន​៦​នាទី​។ គ្រាប់​បាល់​នេះ បាន​ជួយ​ឲ្យ​កីឡាករ​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ​រូបនេះ ក្លាយជា​កីឡាករ​មាន​វ័យក្មេង​ជាងគេ ដែល​រក​គ្រាប់​បាល់​បាន​ក្នុង​វគ្គ​ជម្រុះ World Cup​។ បន្ទាប់មក​នៅ​តង់​ទី​២ ខ្សែបម្រើ​ជើងចាស់ គួច សុ​កុម្ភៈ បានសម្រេច​គ្រាប់​ជ័យជម្នះ ២-០ ឲ្យ​កម្ពុជា ដើម្បី​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់ ដែលមាន​វ័យចាស់​ជាងគេ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នេះ​៕




Tag:
 Felix Dalmas
  World Cup
  សៀង ច​ន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com