ជាតិ
ក្រសួងបរិស្ថាន​សង្ស័យ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ៥៩​កន្លែង មាន​ភ្លុក​ដំរី​និង​កុយរមាស
14, Sep 2019 , 10:19 pm        
រូបភាព
រូបភាពក្រសួងបរិស្ថាន
រូបភាពក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​បានចេញ​លិខិត ទៅ​ម្ចាស់​អាជីវកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍ ៥៩​ទីតាំង ដែល​សង្ស័យថា​មាន​ភ្លុក​ដំរី​និង​កុយរមាស​។ តាម​លិខិត​នេះ ម្ចាស់​ហាង​ត្រូវ​បញ្ឈប់​សកម្មភាព​ទិញ​លក់​វត្ថុ​ទាំងនោះ ហើយ​ត្រូវប្រគល់​ឲ្យ​សម​ត្ថិ​ច្ច​ជាបន្ទាន់​។ បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ពេល​ចុះ​ពិនិត្យឃើញ​មាន​វត្ថុ​ហាមឃាត់​ទាំងនោះ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៣​កញ្ញា ឆ្នាំ​២០១៩​។



​តាម​ការអង្កេត​ស្រាវជ្រាវ​យ៉ាង​ដិតដល់​របស់​កម្លាំង​សមត្ថកិច្ច​នាពេល​ថ្មីៗ​នេះ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី​និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់​។  អាជីវកម្ម​ទាំង​៥៩​កន្លែង ត្រូវបាន​ក្រសួង​ចេញ​លិខិត​ណែនាំ​និង​សង្ស័យថា​មាន​ភ្លុក​ដំរី​និង​កុយរមាស មាន​២៧​កន្លែង​នៅ​រាជធានី​ភ្នំពេញ ៣០​កន្លែង​នៅ​ខេត្តសៀមរាប និង​២​កន្លែង​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​។ ការចេញលិខិត​ណែនាំ​ដល់​ម្ចាស់​អាជីវ​កម្មនេះ គឺ​ដើម្បី​បញ្ឈប់​ការជួញដូរ​សត្វព្រៃ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​លុបបំបាត់​ការជួញដូរ​គ្រប់​រូបភាព​ទាំង​កន្លែង​កែច្នៃ និង​កន្លែង​លក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

​សកម្មភាព​ជួញដូរ​នេះ នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​កា​រកា​ពារ​ប្រភេទ​សត្វព្រៃ​កំពុង​រងគ្រោះថ្នាក់ ក៏ដូចជា​ធ្វើ​ឲ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ ការធ្វើ​ពាណិជ្ជកម្ម លក់ នាំចូល និង​នាំចេញ នូវ​ទំនិញ​ភ្លុក​ដំរី​និង​កុយរមាស​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក នេត្រ ភក្ត្រា ដោយ​អះអាង​ដូច្នេះ​ទៀតថា​៖«​ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មាន​លាក់ទុក​ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី​និង​កុយរមាស​ត្រូវប្រគល់​ទៅ​សមត្ថកិច្ច ប្រសិនបើ​សមត្ថកិច្ច​រកឃើញ​និង​ចាប់បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមច្បាប់​ជា​ចាំបាច់​»​។​

​កន្លងមក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស​ដែល​លួច​នាំចូល​ក្នុងប្រទេស​ក​ម្ពុ​ជា និង​លួច​នាំ​ចេញទៅ​ក្រៅប្រទេស​ជាច្រើន​ករណី​។

ពី​ឆ្នាំ​២០១៦ រហូតមក​ទល់នឹង​ចុងឆ្នាំ ២០១៨ ភ្លុក​ដំរី និង​កុយរមាស​ជាច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ៥​តោន​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​។ ក្រៅពីនោះ​ក៏មាន​ស្រកាពង្រូល និង​ឆ្អឹង​សត្វព្រៃ​ផ្សេងទៀត​ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាបបាន​ផងដែរ​។ បរទេស មួយចំនួន​បានស្នើ​សុំឱ្យ​មានការ​ដុត​បំផ្លាញចោល​នូវ​វត្ថុ​ដ៏​មានតម្លៃ​ទាំងនេះ​។ គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៧ សម្តេច ហ៊ុន សែន បាន​ណែនាំ​ឱ្យ​សមត្ថកិច្ច​ត្រូវ​រក្សាទុក​នូវ​ភ្លុក​ដំរី កុយរមាស និង​សំណាក​សត្វ​កម្រ​ដទៃទៀត​ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន ដើម្បី​ដាក់តាំង​ពិ​ព័រ​ណ៌​សម្រាប់​សាធារណជន​ទស្សនា​និង​សម្រាប់​បម្រើឱ្យ​ការសិក្សា​ស្រាវជ្រាវ​៕


Tag:
 ភ្លុក​ដំរី​
  កុយរមាស​
© រក្សាសិទ្ធិដោយ thmeythmey.com