អន្តរជាតិ
«​រូបសំណាក​នៃ​សេរីភាព​» នៅ​ទីក្រុង​ញូវយ៉ក​កសាង​ដើម្បី​អ្វី​?
15, Sep 2019 , 1:59 pm        
រូបភាព
​នៅ​ពីក្រោយ​រូបសំណាក​អ្វីមួយ តែងមាន​បង្កប់​នូវ​ព្រឹត្តិការណ៍ និង​រឿងរ៉ាវ​ជាច្រើន បានកើត​ឡើង​ដែល​ទាមទារ​ឲ្យ​មាន​ចងចាំ​ទុក ដោយ​មនុស្ស​ជំនាន់​ក្រោយ នាពេល​អនាគត​។ រូបសំណាក គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​របស់​មនុស្ស ដែលមាន​អាយុកាល​យូរលង់​ណាស់​ហើយ ពោលគឺ​តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ​។ គេ​បាន​រកឃើញ​រូបសំណាក​នានា​ដែល​ធ្វើ​ចេញ​មកពី​ដីឥដ្ឋ ថ្ម ដែក ឬ​ឈើ​ជាដើម ដែល​បង្ហាញ​ពី​បុគ្គល​ណា​ម្នាក់ ឬ​ក្រុមមនុស្ស​ណាមួយ ជាមួយនឹង​សកម្មភាព​ដ៏​មាន​សារៈសំខាន់​របស់​ពួកគាត់​។



​ក្នុងនោះ រូបសំណាក​មួយ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​មកហើយ គឺជា​រូបសំណាក​សេរីភាព​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង និង​ត្រូវបាន​មនុស្ស​ជាច្រើន​ស្គាល់ ឬ​ធ្លាប់​ឃើញ​។ គេ​បញ្ចាំង​រូបសំណាក​នេះ​នៅក្នុង​ភាពយន្ត នៅក្នុង​រូបភាព សៀវភៅអាន​។ នេះ​ជា​រូបសំណាក​ដែល​បង្ហាញ​ពី​ស្ត្រី​ម្នាក់ ដៃ​មួយ​ខាង​កាន់​សៀវភៅ និង​ដែរ​មួយ​ខាង​ទៀត​លើក​កាន់​អង្គប់​ភ្លើង​។ ខាងក្រោម គឺជា​មូលហេតុ និង​ប្រវត្តិ​នៃ​ការសាងសង់ «​រូបសំណាក​នៃ​សេរីភាព​» ឬ​ជា​ភាសា​អង់គ្លេស «Statue of Liberty» ឡើង​ដោយ​ដកស្រង់ និង​កែសម្រួល​ចេញពី​គេហទំព័រ History.com ។

​រូបសំណាក​នៃ​សេរីភាព ជារួម​គឺ​ត្រូវបាន​គេ​សាងសង់ឡើង​ក្នុងនាម​ជា​ចំណងមិត្តភាព​រវាង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​បារាំង​។ វា​ត្រូវបាន​គេ​សាងសង់​នៅ​ពីលើ​កោះ Liberty នា​តំបន់ឆ្នេរ​នៃ​ទីក្រុង​ញូវយ៉ក​។ រូបសំណាក​មួយ​នេះ​ត្រូវបាន​គេ​បញ្ឈរ​យ៉ាងខ្ពស់ នៅ​ចំ​ពីមុខ​ប្រជាជន​ចំណាកស្រុក​រាប់លាន​នាក់​ទាំងឡាយ នៅពេលដែល​ធ្វើដំណើរ​មក​ទឹកដី​នៃ​សហរដ្ឋអាមេរិក ក្នុង​ការកសាង​ជីវភាព​ថ្មី តាម​កប៉ាល ឬ​តាម​នាវា ជាពិសេស​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើកទីមួយ​។

​ដើមកំណើត​នៃ​ការសាងសង់​៖

​នៅពេលដែល​សង្គ្រាមស៊ីវិល​នៃ​សហរដ្ឋអាមេរិក​ត្រូវបាន​បញ្ចប់ ពោល​នៅក្នុង​អំឡុង​ឆ្នាំ​១៨៦៥ ប្រវត្តិវិទូ​ជនជាតិ​បារាំង​ម្នាក់ លោក Edouard de Laboulaye បានផ្តល់​គំនិត​ថា អាមេរិក​គួរតែ​សាងសង់​រូបសំណាក​អ្វីមួយ ដើម្បី​រំលឹក​ទៅដល់​ភាពជោគជ័យ​នៃ​ការបង្កើត​របប​ប្រជាធិបតេយ្យ​ឡើង​។ ក្នុងនោះ​លោក Frederic Auguste Bartholdi ត្រូវ​ទទួលបន្ទុក​ក្នុងការ​រចនា​រូបសំណាក​នេះ​ឡើង ឲ្យ​បាន​ទាន់ពេលវេលា​នៃ​ខួប​១០០​ឆ្នាំ របស់​សហរដ្ឋអាមេរិក​ក្នុងការ​ប្រកាស​ឯករាជ្យ​របស់ខ្លួន​កាលពី​ឆ្នាំ​១៧៧៦​។ រវាង​ប្រទេស​ទាំងពីរ អាមេរិក​មាន​តួនាទី​ក្នុងការ​សាងសង់​គ្រឹះ​ទម្រ​នៅ​ពីក្រោម ចំណែកឯ​ប្រទេស​បារាំង​វិញ​មាន​តួរ​នាទី​ក្នុងការ​ផ្គុំ​រូបសំណាក​ដោយ​ផ្នែក​ផ្សេងៗ​ចូលគ្នា​។

​ចំពោះមុខ​របស់​រូបសំណាក​នៃ​សេរីភាព លោក Bartholdi បាន​លើកឡើងថា លោក​បាន​យក​ទម្រង់​តាម​មុខ​ម្តាយ​គាត់ ជាមួយនឹង​លោហៈ​ទង់ដែង​ជាច្រើន ដែល​ត្រូវបាន​គេ​ពត់ និង​បិទ​បញ្ចូល​គ្នា​។ បើ​និយាយ​អំពី​ឆ្អឹង​ទម្រ​របស់​រូបសំណាក​វិញ នេះ​គឺជា​តួនាទី​របស់លោក Alexandre Gustave Eiffle ដែលជា​វិស្វករ​មួយរូប​ទៅលើ​សំណង់​តួ​អេ​ហ្វែ​ល​នៃ​ទីក្រុង​ប៉ារីស​ដែរ​។ ចំណែក​គ្រឹះ​នៃ​រូបសំណាក​នេះ​វិញ​ត្រូវបាន​សាងសង់​ដោយ​វិស្វករ​ជនជាតិ​អាមេរិក​ម្នាក់​គឺ​លោក Richard Morries ដោយ​កាលពីដើម​ឡើង មុន​ពេលដែល​គ្រឹះ​នេះ​ត្រូវបាន​គេ​កសាងឡើង វា​គឺជា​តំបន់​ប៉ម​ទាហាន នៅក្នុង​ឆ្នាំ​១៨១២​។

​នៅពេលដែល​រូបសំណាក​ត្រូវបាន​គេ​ផលិត​រួចរាល់ ផ្នែក​ផ្សេងៗ​ទាំងនោះ​ត្រូវបាន​គេ​វេច​ខ្ចប់ និង​ដឹក​តាម​នាវា​ពី​ប្រទេស​បារាំង មកកាន់​ទីក្រុង​ញូវយ៉ក​។ ក្នុង​រយៈពេល​ប្រមាណ​ជា​៤​ខែ កម្មករ​បាន​ផ្គុំ​រូបសំណាក​ទាំងនោះ រហូត​ទៅដល់​កម្ពស់ ៩៣​ម៉ែត្រ (​ជាមួយនឹង​គ្រឹ​ង​ទម្រ​) ។ ក្នុង​ឆ្នាំ​១៨៨៦ លោក​អតីត​ប្រធានាធិបតី​អាមេរិក Grover Cleveland បានប្រកាស​សម្ពោធ​រូបសំណាក់​នេះ​ឡើង ដោយមាន​ប្រជាជន​រាប់ពាន់នាក់​បាន​ចូលរួម​។

​ដោយសារតែ​ប្រតិកម្ម​គីមី​រវាង​លោហៈ​ទង់ដែង​ជាមួយនឹង​អុកស៊ីសែន​ក្នុង​បរិយាកាស ក្នុង​លំនាំ​មួយ​ដែល​គេ​ហៅថា អុកស៊ីតកម្ម ទើប​រូបសំណាក​នេះ​មាន​ពណ៌​រាង​បៃតងចាស់​។ អង្គការ​សហ​ប្រជាជន​បាន​ចាត់​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ជា​តំបន់​បេ​តិក​ភ័​ណ្ឋ​ពិភពលោក​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com