ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពិធី​កោរ​ជុក ដែល​ចាស់​បុរាណ​ធ្វើ​ដើម្បី​អនាម័យ​,​ផ្ដល់​ការអប់រំ​...​នៅតែ​សំខាន់​ក្នុងសង្គម​ជឿនលឿន​
15, Sep 2019 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ ពិធី​កោរ​ជុក​ត្រូ វ​បាន​ដូនតា​ខ្មែរ​បង្កើតឡើង​ក្នុង​បំណង​សំខាន់ៗ​៤​យ៉ាង​។ ទីមួយ​ដើម្បី​ថែរក្សា​ស្បែកក្បាល​ឱ្យ​កុមារ​។ ទី​ពីរ​. ផ្ដល់​ចំណេះដឹង​នានា​ដល់​ពួកគេ​។ ទី​បី​.​ជាការ​ដឹងគុណ​ដល់​ព្រះមហាក្សត្រ និង​វត្ថុ​ស័ក្តិសិទ្ធិ​គ្រប់ទិសទី និង​ទី​បួន​. បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​។ នេះ​បើតាម​លោក ប៉ុក វណ្ណ​ធីរ អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ឧទ្ទេសាចារ្យ​បង្ហាត់បង្រៀន​អាចារ្យ​ខ្មែរ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ប៉ុក វណ្ណ​ធីរ ទោះជា​មកដល់​បច្ចុប្បន្ន សង្គម​កាន់តែ​ជឿនលឿន ការធ្វើ​ពិធី​កោរ​ជុក ក៏​នៅតែមាន​ប្រ​យោ​ជ​គ្រឹះស្ថាន​អប់រំ ក៏​មាននៅ​គ្រប់​ទីកន្លែង ក្នុងន័យ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​។ ប៉ុន្តែ​បើ​មិន​ធ្វើ​ក៏​មិន​ប៉ះពាល់​ដល់​ការអប់រំ​ដែរ ព្រោះ​ផលិតផល​ថែរក្សា​អនាម័យ​ក្មេង នាបច្ចុប្បន្ន​ក៏មាន​ច្រើន ហើយ​គ្រឹះស្ថាន​អប់រំ​ក៏មាន​គ្រប់​ទីកន្លែង​ដែរ​។



​តទៅ​នេះ សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស រវាង​កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ប៉ុក វណ្ណ​ធីរ ដូចតទៅ​៖




​ព្រោះតែ​ពី​សម័យមុន​បច្ចេកវិទ្យា​មិនទាន់​ជឿនលឿន សម្ភារ​ប្រើប្រាស់​ដើម្បី​ថែរក្សា​អនាម័យ​ឱ្យ​កុមារ​មិន​សម្បូរបែប ការ​កោរសក់​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​ការពារ​ស្បែកក្បាល​ឱ្យ​កូន​។ ទោះជា​យ៉ាងណា​ក្នុងអំឡុងពេល​ទុក​ជុក កុមារ​ទាំងឡាយ​តែងតែ​ត្រូវបាន​ចាស់ទុំ មានដូចជា​ជីដូន​ជីតា ឬ​ម្ដាយ​ឪពុក​អប់រំ​ទូន្មាន​ដោយ​ពាក្យសម្តី​ផង ដោយ​សកម្មភាព​ផង និង​ដោយ​ការ​និទានរឿង​ឱ្យស្ដាប់​ផង​។ ជាពិសេស​ពួកគេ​ត្រូវបាន​តម្រង់ទិស​យ៉ាង​ល្អ ដើម្បី​ក្លាយជា​មនុស្ស​ស្គាល់​គុណ​និង​ទោស​។ លោក ប៉ុក វណ្ណ​ធី ថា​ចាស់​ពី​ដើម​បានដឹង​ច្បាស់​ពី​កម្រិត​អាយុ​ក្មេង​ដែល​កំពុង​ពេញ​ទទួលយក​ចំណេះ ដូច្នេះ​គាត់​ផ្ដល់​តែ​បទពិសោធ​ដែល​ល្អ ឱ្យទៅ​ពួកគេ​ប៉ុណ្ណោះ​។​



​គេ​ចាប់ផ្ដើម​កោរសក់​ឱ្យ​ទារក​ទារិកា ក្រោយពី​កុមារ​ទាំងនោះ​សម្រាល​បាន​៧​ថ្ងៃ ឬ​ក្រោយពី​ធ្វើ​ពិធី​ទម្លាក់​ចង្ក្រាន​រួច​។ គេ​កោរសក់​ទាំងអស់ ដោយ​ទុក​តែ​ជុក កំប៉ោយ និង​កន្ទូតអូង​តែប៉ុណ្ណោះ​។ ទុក​សក់​បែបនេះ ដើម្បី​បញ្ជាក់​ឱ្យដឹងពី​ចំណុច​គ្រោះថ្នាក់​បំផុត​របស់​ក្បាល​។ 

​ក្រោយពី​ទុក​ជុក​បាន ៩​ឆ្នាំ ១១​ឆ្នាំ ឬ​១៣​ឆ្នាំ សម្រាប់​កុមារា គេ​នឹងធ្វើ​ពី​ធី​កោរ​ជុក​នោះ​ចេញ​។ ចំណែក​កុមារី គេ​នឹង​កោរ​ជុក នៅ​អាយុ​ត្រឹម​៩​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​សរីរ​រា​ង្គ​កាយ​របស់​ក្មេងស្រី​ឆាប់​លូតលាស់​ជាង​ក្មេងប្រុស​។ ម្យ៉ាង​ក្មេងស្រី ជា​ភេទ​ដែល​ពោរពេញ​ទៅដោយ​គ្រឿង​លម្អ​។​



​លោក ប៉ុក វណ្ណ​ធីរ បញ្ជាក់ថា នៅ​សម័យមុន​ចាស់​បុរាណ​ធ្វើ​ពិធី​កោរ​ជុក ក្នុង​បំណង​ថែរក្សា​អនាម័យ ផ្ដល់​ចំណេះដឹង ជាការ​ដឹងគុណ​ដល់​ព្រះមហាក្សត្រ និង​វត្ថុ​ស័ក្តិសិទ្ធិ និង​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​។ មកដល់​សម័យ​បច្ចុប្បន្ន សង្គម​កាន់តែ​ជឿនលឿន ផលិតផល​ថែរក្សា​អនាម័យ​ក្មេង​ក៏មាន​ច្រើន ហើយ​គ្រឹះស្ថាន​អប់រំ ក៏​មាននៅ​គ្រប់​ទីកន្លែង​។ ដូច្នេះ បើ​ធ្វើ​ពិធី​កោរ​ជុក ក៏​នៅតែមាន​ប្រយោជន៍ ព្រោះ​ក្នុងន័យ​ថែរក្សា​អត្តសញ្ញាណ​ជាតិ​។ ប៉ុន្តែ​បើ​មិន​ធ្វើ​ក៏​មិន​ប៉ះពាល់​អ្វី ព្រោះ​ប្រយោជន៍​ផ្សេងៗ នៅតែមាន​ក្នុងពេល​បច្ចុប្បន្ន​៕


 


Tag:
 ប៉ុក វណ្ណ​ធីរ​
 ​កោរ​ជុក​
 ​ពិធី​បុរាណ​
 ​ពិធី​
 ​សក់​
 ​ប្រពៃណី​
  ទំនៀមទម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com