អន្តរជាតិ
យន្តហោះ Drones ពី​ប្រទេស​យេ​ម៉ែន​វាយប្រហារ​លើ​កន្លែង​ប្រេង​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​
15, Sep 2019 , 7:59 pm        
រូបភាព
ផ្សែង​ចេញ​ពី​កន្លែង​បូម​ប្រេង​ Abqaiq ស្ថិត​នៅ​ប្រមាណ​ ៦០​គ.ម.ភាគ​និរតី​នៃ​ទីក្រុង Dhahran នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩។
ផ្សែង​ចេញ​ពី​កន្លែង​បូម​ប្រេង​ Abqaiq ស្ថិត​នៅ​ប្រមាណ​ ៦០​គ.ម.ភាគ​និរតី​នៃ​ទីក្រុង Dhahran នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៩។
ដោយ: VOA
​យន្តហោះ​គ្មាន​មនុស្ស​បើក (Drones) ដែល​បាន​ត្រូវ​បង្ហោះ​ដោយ​ពួក​ឧទ្ទាម Houthi ក្នុងប្រទេស​យេ​ម៉ែន​បាន​វាយប្រហារ​លើ​កន្លែង​បូម​យក​ប្រេង​ធំ​បំផុត​នៃ​ពិភពលោក​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​វាល​ប្រេង​ធំ​មួយទៀត​កាលពី​ថ្ងៃ​សៅរ៍ បណ្តាលឱ្យមាន​អគ្គិភ័យ​ធំ​មួយ​នៅ​កន្លែង​ផ្តល់​ថាមពល​សាកល​។​



​គេ​មិនទាន់​ដឹង​ច្បាស់លាស់​នៅពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់មក ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ត្រូវរបួស​នៅឯ​កន្លែង​កែច្នៃ​ប្រេង Abqaiq និង​នៅ​វាល​ប្រេង Khurais ឬ​អំពី​អ្វីដែល​ការវាយប្រហារ​នេះ​មាន​ផលប៉ះពាល់​លើ​ការផលិត​ប្រេង​ទេ​។ គេ​អាច​មើលឃើញ​ផ្សែង​អគ្គិភ័យ​នេះ​ពី​អវកាស​តាមរយៈ​ផ្កាយ​វិទ្យាសាស្ត្រ​។​

​ការវាយប្រហារ​ដោយ​ពួក Houthis គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​នៅក្នុង​សង្គ្រាម​ប្រឆាំងនឹង​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ឡើង​នៅក្រោយ​ការវាយប្រហារ​ស្រដៀង​គ្នា​ជាច្រើន​សប្តាហ៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ព្រះរាជាណាចក្រ​នេះ ក៏ប៉ុន្តែ​ការវាយប្រហារ​កាលពីពេល​មុនៗ​ហាក់ដូចជា​មិន​បណ្តាលឱ្យមាន​ការខូចខាត​ដូច​ការវាយប្រហារ​នៅ​លើក​នេះ​ទេ​។​

​ការវាយប្រហារ​នេះ​ទំនងជា​នឹង​បង្កើន​ភាព​តានតឹង​ថែមទៀត​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក នៅពេល​មានការ​ប្រឈម​រវាង​ស​.​រ​.​អា​.​និង​ប្រទេស​អ៊ីរ៉ង់​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​ពួក​ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក​។​

​ដំណឹង​ដំបូង​អំពី​ការវាយប្រហារ​នេះ​មាន​ឡើង​នៅក្នុង​វីដេអូ​តាម​បណ្តាញ​អ៊ីនធឺណិត ដែល​បង្ហាញឱ្យឃើញ​អគ្គិភ័យ​ធំៗ​នៅឯ Abqaiq ឋិត​នៅ​ចម្ងាយ​ប្រមាណ​៣៣០​គ​.​ម​. ទិសឦសាន​រាជធានី​រី​យ៉ា​ដ​។​

​គេ​អាច​ឮស្នូរ​ការបាញ់​កាំភ្លើងយន្ត​នៅក្នុង​វីដេអូ​មួយចំនួន​ជាមួយ​សំឡេង​ប្រកូក​ហៅ​លើកទីមួយ​ឱ្យ​ពួក​អ្នក​កាន់សាសនា សូត្រ​ធ៌​មកាល​ពីថ្ងៃ​សៅរ៍​ដែលនាំឱ្យ​គេ​ដឹងថា កងកម្លាំង​សន្តិសុខ​បាន​ខិតខំ​ព្យាយាម​បាញ់​ទម្លាក់ Drones ទាំងនេះ​ក្នុងពេល​ងងឹត​មុន​ថ្ងៃ​រះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com