ជាតិ
ពីនេះ ពីនោះ

×![]()
ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង
ភ្នំពេញ៖ នៅក្នុងសង្គមតែងតែមានមនុស្សល្អនិងមនុស្សអាក្រក់ និង មានមនុស្សស្មោះត្រង់និងមនុស្សមិនស្មោះត្រង់ដែលព្យាយាមប្រើល្បិចផ្សេងៗដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ដោយសារតែមានសភាពបែបនេះហើយ ទើបបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា«ហុតទឹកសម្លឹងកាក»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
មុននឹងបកស្រាយសុភាសិតនេះ យើងគួរយល់ដឹងនូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «ហុតទឹក» មានន័យថា ស្រូបយកតែទឹក ដួសយកតែទឹក ដូចជា ហុតទឹកសម្ល ស្រូបយកទឹកសម្ល ជាដើម។ «សម្លឹង» មានន័យថា មើលស្លឹង មើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក ជាដើម។ «កាក» ក្នុងន័យនេះ សំដៅយកអ្វីៗទីទៃពីទឹកក្នុងបរិបទសម្ល ដូចជា សាច់ត្រី សាច់គោ សាច់ដទៃទៀត ឬបន្លែដែលមាននៅក្នុងឆ្នាំងឬចានសម្ល។
តាមន័យត្រង់«ហុតទឹកសម្លឹងកាក» សំដៅយកន័យថា មនុស្សណាម្នាក់ដែលក្នុងពេលបរិភោគសម្លដៃរបស់គាត់ប្រើស្លាបព្រាដួសទឹកសម្ល ប៉ុន្តែ ភ្នែករបស់គាត់បានសម្លឹងមើលសាច់ត្រី ឬសាច់ដទៃទៀតដែលមាននៅក្នុងចានសម្លនោះ ដោយបង្ហាញចេតនាមួយថាគាត់ប៉ុនប៉ងចង់ដួសសាច់នោះនៅពេលបន្ទាប់ប្រសិនបើអាច។
ក្នុងន័យធៀប «ហុតទឹកសម្លឹងកាក» អាចត្រូវបានគេយកទៅប្រើក្នុងន័យជាច្រើន ដូចជា ការរាប់អានគ្នា ការសេពគប់គ្នាជាមិត្តភក្ដិ ដោយសម្លឹមើលឬរំពឹងអំពីផលប្រយោជន៍នៅពេលអនាគត ជាដើម។ ក្រៅពីនេះ ការជួយសង្គ្រោះឬការជួយទំនុកបម្រុងអ្នកណាម្នាក់ដើម្បីផលប្រយោជន៍ណាមួយ ក៏ចូលក្នុងបរិបទ«ហុតទឹកសម្លឹងកាក»នេះដែរ។
លើសពីនេះទៀត ក្នុងបរិបទនយោបាយនិងទំនាក់ទំនងអន្តរជាតិ ការណ៍ដែលអ្នកនយោបាយឬប្រទេសមហាអំណាចណាមួយ ផ្ដល់ជំនួយដល់ជនក្រីក្រ ប្រទេសក្រីក្រ ជាថ្នូរនឹងសម្លឹកឆ្នោត ឬជាថ្នូរនឹងការទាមទារឱ្យប្រជាជនឬប្រទេសដែលទទួលជំនួយនោះក្លាយជាអ្នកនៅក្រោមបង្គាប់បញ្ជា ឬជាប្រទេសរណបរបស់ខ្លួន ក៏ចាត់ទុកចូលក្នុងគំនិតស្ដីពីការហុតទឹកសម្លឹងកាកនេះដែរ។
ជារួម នៅក្នុងសុភាសិតនេះ បុព្វបុរសខ្មែរចង់អប់រំប្រជាជនខ្មែរឱ្យចាំថា រាល់ទង្វើរបស់មនុស្សសុទ្ធតែមានគោលបំណង។ ក្នុងករណី «ហុតទឹកសម្លឹងកាក» ការហុតទឹក គឺជាចំណុចចាប់ផ្ដើម ឯការសម្លឹងកាក គឺជាគោលដៅអនាគត់។ ហេតុនេះ មនុស្សគ្រប់រូបគួរតែយល់ដឹងរឿងនេះឱ្យច្បាស់ ជៀសវាងពួកគេអាចក្លាយទៅជាអ្នករងគ្រោះជាយថាហេតុ។
តាមពិតទៅ ការស្វែងរកប្រយោជន៍ ការស្វែងរកលាភ ការស្វែងរកទ្រព្យសម្បត្តិ ឬការស្វែងកេរ្ដិ៍ឈ្មោះល្អ មិនមែនជារឿងអាក្រក់និងមិនគួរធ្វើនោះទេ ពីព្រោះវាជាអ្វីដែលមនុស្សត្រូវការនិងចង់បាន។ ប៉ុន្តែ វិធីដែលគេប្រើដើម្បីសម្រេចគោលបំណងទាំងនេះទេ ដែលអាចល្អ អាចអាក្រក់។ ជាគោលការណ៍សីលធម៌និងគោលការណ៍មនុស្សធម៌ ការជួយសង្គ្រោះឬការផ្ដល់ជំនួយដល់អ្នកណាម្នាក់ ក្រុមណាមួយឬប្រទេសណាមួយ មិនតម្រូវឱ្យមានការតបស្នងមកវិញនោះទេ។ ប៉ុន្តែ ក្នុងតថភាព អ្នកដែលធ្លាប់បានទទួលជំនួយឬអំណោយពីនរណាម្នាក់ឬក្រុមណាមួយ គេតែងតែតបស្នងមកវិញនូវការថ្លែងអំណរគុណ ការគោរព ការស្រឡាញ់ និងការកោតសរសើរដល់សប្បុរសជនទាំងនោះវិញដែរ។
លើសពីនេះទៀត ពេលខ្លះ ជនដែលធ្លាប់រងគ្រោះឬធ្លាប់ទទួលជំនួយទាំងនោះក៏ព្យាយាមជួយអ្នកមានគុណរបស់ខ្លួនវិញដែរតាមលទ្ធភាពដែលខ្លួនមាន ដូចជា ការជួយជាសម្ភារៈ ប្រាក់ ឬមធ្យោបាយផ្សេងៗ ជាដើម។ ករណីបែបនេះ មិនចាត់ទុកថា ជាប់ពាក់ព័ន្ធក្នុងសុភាសិត«ហុតទឹកសម្លឹងកាកា»ទេ។ វាគ្រាន់តែជាគំរូ លំនាំ ឬបទពិសោធន៍ដែលអ្នកធ្លាប់ត្រូវគេជួយ ចង់រៀនសូត្រតាមម្ចាស់ជំនួយ ឬចង់តបស្នងដល់ម្ចាស់ជំនួយតែប៉ុណ្ណោះ។
ដូច្នេះ យើងអាចវាយតម្លៃបានថា ការទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមកក្នុងភាពជាដៃគូរក្នុងគ្រួសារ មិត្តភក្ដី ស្ថាប័នជំនួញ ស្ថាប័ននយោបាយ ជាដើម ដែលស្ថិតក្រោមលក្ខខណ្ឌស្មគ្រចិត្ត សីលធម៌ មនុស្សធម៌ ច្បាប់ ជាដើម មិនមែនស្ថិតក្នុងន័យដូចដែលសុភាសិត«ហុតទឹកសម្លឹងកាក»បានកំណត់នោះទេ។ ផ្ទុយទៅវិញ សុភាសិតរបស់យើង សំដៅយកតែគំនិតឬសកម្មភាពណាដែលចង់កេងចំណេញ ឬចង់ទាញយកប្រយោជន៍ជាឯកតោភាគីដោយមិនស្មោះត្រង់តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com