ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សម្បត្តិ វិ​រៈ ដែលជា​ម្ចាស់​ជំនា​ន់ទី​៤ តាំងចិត្ត​រក្សា​កេរដំណែល​ផ្ទះ​បុរាណ​ឲ្យ​អស់​លទ្ធភាព​
15, Sep 2019 , 8:19 pm        
រូបភាព
​បាត់ដំបង​៖ លោក សម្បត្តិ វិ​រៈ បាន​ក្លាយជា​ម្ចាស់ផ្ទះ​បុរាណ​ខ្មែរ​នៅក្នុង​ខេត្តបាត់ដំបង​ជំនា​ន់ទី​៤ បន្ត​ពី​អ៊ុំ​ស្រី គឺ​អ្នកស្រី ប៊ុន រឿង ដែលមាន​វ័យ​ជរា​ណាស់​ទៅហើយ​។ ផ្ទះ​បុរាណ​នេះ សង់​ឡើង​នៅ​ឆ្នាំ ១៩២០​។ បើតាម​លោក វិ​រៈ ផ្ទះ​ដែលមាន​អាយុ​ជិត​១០០​ឆ្នាំនេះ កំពុង​ប្រឈម​នឹង​បញ្ហា​ចម្បង​មួយចំនួន ជាពិសេស គឺ​កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ ដែល​ប្រសិនបើ​ខូ​ត​ខាត​នៅ​ផ្នែក​ណាមួយ​នោះ នឹង​ពិបាក​ទាំង​ស្វែងរក​ជាង​ជួសជុល និង​អាច​ចំណាយ​ថវិកា​ច្រើន​។ តែ​យ៉ាងណាក៏ដោយ លោក វិ​រៈ តាំងចិត្ត​ថែរក្សា​កេរដំណែល​ផ្ទះ​បុរាណ​មួយ​នេះ ឲ្យ​អស់​លទ្ធភាព ដើម្បី​បើកទ្វារ​ឲ្យ​សាធារណជន​បាន​ស្វែងយល់​ទាំង​ប្រវត្តិ​ផ្ទះ និង​ស្ថាបត្យកម្ម​ផ្ទះ​ខ្មែរ​។



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញលោក​អ្នកនាង ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា និង​លោក សម្បត្តិ វិ​រៈ ម្ចាស់ផ្ទះ​បុរាណ​នៅក្នុង​ខេត្តបាត់ដំបង ជំនា​ន់ទី​៤  ដូចតទៅ​៖




​អ្នកនាង ខន ចំប៉ា​៖ លោក សម្បត្តិ វិ​រៈ គឺជា​ក្មួយ​របស់​អ្នកស្រី ប៊ុន​រឿង តើ​ហេតុអ្វី​បានជា​លោក​ក្លាយជា​អ្នក​បន្តវេន​ធ្វើជា​ម្ចាស់ផ្ទះ​ជំនា​ន់ទី​៤ នៃ​ផ្ទះ​បុរាណ​ក្នុង​ខេត្ត​បាត់​នេះ​?

​លោក សម្បត្តិ វិ​រៈ​៖ បាទ​! ដោយសារ​អ៊ុំ​ម្ចាស់ផ្ទះ​នេះ គឺ​ក្រោយ​ជំនាន់​ប៉ុល ពត​មក គាត់​នៅសល់តែ​ម្នាក់​ឯក​គត់ ដូច​នាង បដា​ចា អ៊ីចឹង​។ មុន​ខ្ញុំ​មក​ទីនេះ គាត់​ធ្វើការ​នៅទីនេះ​តែម្នាក់ឯង ថែរក្សា អភិរក្ស​ផ្ទះ​។ ហើយ​អស្ចារ្យ​មែនទែន គាត់​ម្នាក់ឯង គាត់​អាចធ្វើ​ការងារ​ហ្នឹង​បាន ជាពិសេស​ក្នុងការ​អភិរក្ស​ផ្ទះ​នេះ​។ នៅពេលដែល​គាត់​មាន​បញ្ហា​សុខភាព​(​ពុក​ឆ្អឺ​ង ឈឺសន្លាក់​) គាត់​ពិបាក​នឹង​ឡើង​ចុះ​ផ្ទះ​ផង ពេល​នោះឯង ដែល​គាត់​ចាប់ផ្តើម​រក​ជំនួយ​។ ដំបូង​យើង​អត់​ដែល​គិតដល់​រឿង​ហ្នឹង​ទេ ប៉ុន្តែ​គាត់​បាន​និយាយ​ជាមួយ​យើង​ថា បើ​យើង​មិន​ជួយ​គាត់​ទេ គាត់​អាច​បិទទ្វារ​ផ្ទះ​នេះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​បាត់បង់​កេរដំណែល​គ្រួសារ ក៏ដូចជា​ខេត្ត​យើង និង​ដូចជា​របស់​ជាតិ​យើង​ដែរ​។ អ៊ីចឹង​ខ្ញុំ​ក៏​សម្រេចចិត្ត​មកជួយ​ការងារ​បន្ត​ពី​គាត់ ដែល​មិន​ត្រឹមតែ​យក​តំណែង​ពី​គាត់​ធ្វើជា​របស់​យើង​ទេ តែ​អ្វីដែល​យើង​ចង់បាន​គឺ​ជួយ​អភិរក្ស ដើម្បី​ផ្សព្វផ្សាយ​ស្ថ​ប​ត្យ​កម្ម​ផ្ទះ​ខ្មែរ​។ 



​អ្នកនាង ខន ចំប៉ា​៖ ប៉ុន្តែ​មុននឹង​សម្រេចចិត្តថា​លោក​នឹង​មក​រស់នៅ​ទីនេះ តើ​មានការ​លំបាក​ដូចម្តេច ពីព្រោះ​ខ្ញុំ​ដឹងថា លោក​ប្រើពេល​សម្រេចចិត្ត​បី​-​បួន​ឆ្នាំ​ឯណោះ​?

​លោក សម្បត្តិ វិ​រៈ​៖ ខ្ញុំ​ជឿថា អ្នក​នៅ​ទីក្រុង គេ​កម្រ​នឹង​ត្រឡប់មក​រស់នៅ​ខេត្ត​វិញ​ណាស់ មានតែ​ពី​ខេត្ត​ទៅ​ក្រុង​។ តែ​ខ្ញុំ ដោយសារ​គាត់​(​អ្នកស្រី ប៊ុន រឿង​) ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​រួច​ជីវិត ក្រោយ​របប​ខ្មែរក្រហម ហើយ​ខ្ញុំ​បានឃើញ​ពី​គំរូ និង​វីរភាព​របស់គាត់​ដែល​ខំព្យាយាម​អភិរក្ស ថែទាំ​ផ្ទះ ហើយ​បើក​ទ្វារផ្ទះ​នេះ​ឲ្យ​ភ្ញៀវ​ចូល​មើល ហើយ​គេ​ស្គាល់​គាត់ គេ​ស្ញប់ស្ញែង​គាត់​។ អ៊ីចឹង​ខ្ញុំ​គិតថា បើ​មិន​មកជួយ​គាត់​ទេ គឺ​ត្រូវតែ​បិទទ្វារ​ហ្នឹងហើយ អ៊ីចឹង​យើង​អត់​ចង់​ឲ្យ​វាច​ប់​ត្រឹមហ្នឹង​ទេ គឺ​ចង់​បន្ត​កេរដំណែល និង​ខំ​ផ្សព្វផ្សាយ​បន្ត​ពី​គាត់​ទៀត​។


​អ្នកនាង ខន ចំប៉ា​៖ រយៈពេល​ដែល​បាន​លោក និង​គ្រួសារ មក​រស់នៅ​ផ្ទះ​បុរាណ​នេះ តើ​ជីវិត​បាន​ផ្លាស់ប្តូរ​ដូចម្តេចខ្លះ​? លោក មាន​ទំនាក់ទំនង​ដូចម្តេច​ជាមួយ​ផ្ទះ​មុន និង​ក្រោយ មក​រស់នៅ​ទីនេះ​?

​លោក សម្បត្តិ វិ​រៈ​៖ ជីវិត​នៅ​ទីក្រុង និង​ជនបទ​នេះ វា​ខុសគ្នា​ច្រើន​។ ខ្ញុំ​មិន​និយាយថា ជីវិត​នៅទីណា ប្រសើរ​ជាង​ទីណា​ទេ គ្រាន់តែ​ថា​នៅទីនេះ យើង​រស់នៅ​តាម​គឺ​យើង​អ្វី​ក៏ដោយ យើង​តែងមាន​ពេល មានឱកាស​គ្រប់គ្រាន់ មិន​ប្រញាប់​។ ដូច​កាលដែល​យើង​នៅក្នុង​ក្រុង យើង​ធ្វើការ​គឺ​រត់តាម​ពេលវេលា តែ​នៅទីនេះ​យើង​ធ្វើ​អី ធ្វើតាម​សម្រួល ហើយ​យើង​មាន​ពេល​ច្រើន ដើម្បី​ទំនាក់ទំនង មិន​ត្រឹមតែ​ជាមួយ​មនុស្ស​ទេ ប៉ុន្តែ​ជាមួយ​ធម្មជាតិ​។ យើង​នៅទីនេះ​មិន​ត្រឹមតែ​ថែរក្សា អភិរក្ស​ផ្ទះ ជួយ​ណែនាំ​ភ្ញៀវ​ឲ្យ​ស្គាល់​ផ្ទះ​បុរាណ​នេះ​ទេ គឺ​យើង​បាន​ចូលរួម​អភិវឌ្ឍន៍​ខាង​ផ្នែក​បរិស្ថាន ការអប់រំ​ទាក់ទង​នឹង​ផ្ទះ​បុរាណ​ទៅកាន់​និស្សិត​។ 



​អ្នកនាង ខន ចំប៉ា​៖ លោក​មិន​ហត់នឿយ ក្នុងការ​ថែ​រក្ស អភិរក្ស​ផ្ទះ​បុរាណ​នេះ​ទេ​?

​លោក សម្បត្តិ វិ​រៈ​៖ អត់​ទាល់តែសោះ​! ផ្ទុយទៅវិញ​ទោះបី​ពេលខ្លះ​ខ្ញុំ​ហត់​យ៉ាងម៉េច​ក៏ដោយ ខ្ញុំ​អត់​ស្រួលខ្លួន ពេលខ្លះ​ឈឺ​ផង ក៏​ខំ​ដែរ ព្រោះ​ភ្ញៀវ​គេ​ខំ​ស្កាត់​ពី​នាយ​មកដល់​ទីនេះ​ហើយ គាត់​ចង់ដឹង គាត់​ចង់​ស្គាល់ ជាពិសេស​ប្អូនៗ​និស្សិត​។ អ៊ីចឹង​ខ្ញុំ​សប្បាយ​ចិត្តនឹង​ចែករំលែក ហើយ​ពេលខ្លះ ខ្ញុំ​បាន​រៀន​ពី​ពួកគាត់​វិញទៀត​។ នេះហើយ​ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ស្រឡាញ់ កាន់តែ​ចូលចិត្ត អ្វី​ដែលជា​របស់​យើង ដោយសារ​មិនមែន​មានតែ​យើង​ម្នាក់​ទេ ដែល​ស្រឡាញ់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ តែ​ក៏មាន​អ្នកផ្សេង​ទៀត​គេ​ស្រឡាញ់​របស់​យើង​ដែរ​។ តែ​ស្រឡាញ់​ហ្នឹង​នៅពេលដែល​គាត់​បាន​យល់​ហើយ ថា​ផ្ទះ​ហ្នឹង​មាន​ប្រវត្តិ​យ៉ាងម៉េច ហើយ​ម្ចាស់ផ្ទះ​មាន​ប្រវត្តិ​យ៉ាងម៉េច  ហើយ​ហេតុអ្វី​ក៏​ម្ចាស់ផ្ទះ គាត់​សុខចិត្ត​លះបង់ បើកទ្វារ​ឲ្យ​ភ្ញៀវ​ចូល​មើល​។​

​អ្នកនាង ខន ចំប៉ា​៖ លោក​អាច​រៀបរាប់​ត្រួសៗ​ពី​ប្រវត្តិ​ផ្ទះ​នេះ​បន្តិច​ទេ​ចា៎​?


​លោក សម្បត្តិ វិ​រៈ​៖ ផ្ទះ​មាន​ប្រវត្តិ​វែងឆ្ងាយ តែ​ខ្ញុំ​សុំ​សង្ខេបៗ​។ ផ្ទះ​នេះ​សង់​ឡើង​នៅ​ឆ្នាំ ១៩២០ ធ្វើឡើង​ពី​ឈើ​បី​ប្រភេទ​។ ឈើ​ផ្នែក​ដំបូល និង​សសរ គឺ​ឈើ​ផ្ចឹក​។ ឈើ​នៅ​ផ្នែក​រាល​ហាល ធ្វើ​ពី​ឈើ​កកោះ និង​បរិវេណ​ក្នុងផ្ទះ គឺ​ឈើ​បេង​។  ឈើ​នីមួយៗ សុទ្ធ​តែមាន​ជំនាញ និង​ការងារ​រៀងៗ​ខ្លួន ឈើ​ធន់​កម្តៅ​ដាក់​ត្រង់ណា​? ឈើ​ធន់​នឹង​ទឹក​ដាក់​ត្រង់ណា​? ឈើប្រណិត​គេ​ដាក់​ត្រង់ណា​? អ៊ីចឹង​ទើប​វា​នៅ​បានយូរ​។ ហើយ​ផ្ទះ​នេះ​កាល​ជំនាន់​ខ្មែរក្រហម គេ​យក​ធ្វើជា​ផ្ទះបាយ​រួម​ជា​ភូមិ​សហ​ករ នៅក្រោម​ការគ្រប់គ្រងរ​បស់​ទាហាន​ខ្មែរក្រហម ហើយ​នេះ​ក៏​ហេតុផល​មួយ​ដែល​ផ្ទះ​នេះ​នៅ​ដល់​រាល់ថ្ងៃ​។ ក្រោយ​រំដោះ ផ្ទះ​នេះ​ម្តងទៀត ត្រូវបាន​កងទ័ព​វៀតណាម​គេ​យក​ធ្វើជា​ទីស្នាក់ការ​ភូមិ​របស់គេ​។ ហើយ​អ៊ុំ គឺ​អត់​ដឹងថា​យ៉ាងម៉េច​ទេ ហើយ​មក​ផ្ទះ​នេះ គេ​អត់​ទទួលស្គាល់ថា​ជា​ម្ចាស់​ទេ ព្រោះ​កាលនោះ​ក្រដាស​ស្នាម​ខ្ទេចខ្ទី​អស់ហើយ​។  ចៃដន្យ ប្រហែល​មួយឆ្នាំ​កន្លះ​ក្រោយមក អ្នកជិតខាង​របស់គាត់​ដែល​រួច​ជីវិត​ពីរ​បប​ខ្មែរក្រហម ហើយ​គេ​ជា​អ្នក​ចិត្តល្អ គេ​បាន​ជួយ​គាត់​(​អ្នកស្រី ប៊ុន រឿង​) ធ្វើ​សាក្សី​ថា​ផ្ទះ​នេះ ជា​ផ្ទះ​របស់គាត់​។ អ៊ីចឹង​ទើប​អាជ្ញាធរ​គេ​ប្រគល់​ផ្ទះ​នេះ​ឲ្យ​គាត់​។




​អ្នកនាង ខន ចំប៉ា​៖ លោក​ជា​ជំនា​ន់ទី​៤ នៃ​ផ្ទះ​បុរាណ​ក្នុង​ខេត្តបាត់ដំបង​នេះ តើ​ក្តី​ស្រមៃ​របស់លោក​ទៅ​អនាគត តើ​លោក​ចង់បាន​អ្វី​ពី​ពលរដ្ឋ​ខ្មែរ ពី​ទេសចរ និង​អ្នកជំនាន់ក្រោយ ក្នុងការ​ថែរក្សា​មរតក​ផ្ទះ​បុរាណ​?

​លោក សម្បត្តិ វិ​រៈ​៖ អ្វីដែល​ខ្ញុំ​ធ្វើ​រាល់ថ្ងៃ​ខ្ញុំ​តែងតែមាន​ក្តី​ស្រមៃ ប៉ុន្តែ​គោលដៅ​របស់​យើង​មិនមែនជា​រឿង​សាមញ្ញ​ក្នុងការ​សម្រេច​នោះទេ​។ យើង​នៅទីនេះ គឺ​យើង​ធ្វើជា​លក្ខណៈ​គ្រួសារ​។ អ៊ីចឹង​ការងារ​របស់​យើង ការថែរក្សា​អភិរក្ស ការទទួល​ភ្ញៀវ​ក៏មាន​ការខ្វះចន្លោះ​ដែរ ប៉ុន្តែ​យើង​ព្យាយាម​តាម​លទ្ធភាព ហើយ​យើង​សង្ឃឹមថា​អ្នក​ដែល​មក​ទស្សនា​ផ្ទះ​យើង​ក៏​យោគយល់​ដែរ​។ ក៏ប៉ុន្តែ​ប្រសិនបើ​នៅ​ថ្ងៃ​ណាមួយ​ដែល​យើង​ទៅ​លែងរួច ព្រោះ​នៅទីនេះ​យើង​មាន​បន្ទុក​ធ្ងន់​ណាស់ គឺ​ការជួសជុល​នៅពេលដែល​មានការ​ខូចខាត​។ ខ្ញុំ​សូមបញ្ជាក់ថា នៅទីនេះ​អ្វីដែល​យើង​ប្រឈម គឺ​ទី​១. កត្តា​មនុស្ស​។ ពេលខ្លះ​គាត់​មក គាត់​មក គាត់​អត់​យល់ថា​ផ្ទះ​ឈើ​ជា​ផ្ទះ​របៀប​ម៉េច​ទេ​? ពេលខ្លះ គាត់​ធ្វើតេស្ត​ឈើ ដែល​កន្លែង​ខ្លះ​ពុក​ទៅហើយ​។ អ៊ីចឹង​គាត់​អត់​បាន​ចាប់អារម្មណ៍​ទេ​? គាត់​អត់​បាន​យល់​ទេ​។ ដូច្នេះ ខ្ញុំ​ត្រូវ​ព្យាយាម​ទប់ទល់​ជាមួយ​មនុស្ស​។ ទី​២. កត្តា​ធម្មជាតិ​។ ដូច​យើង​ឃើញស្រាប់​ថា រាល់ថ្ងៃនេះ អាកាសធាតុ កាន់តែ​សាហាវ​ទៅៗ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់​។ អ៊ីចឹង​តើ​នៅពេលដែល​ផ្ទះ​ចាស់​មួយ​ដែលមាន​ការខូចខាត ជាង​ណា​ចេញមុខ​ជួសជុល​? ហើយ​ថវិកា​ប៉ុន្មាន​ដែល​យើង​ត្រូវ​ចំណាយ​? ឧបមា​បើសិនជា​មានការ​ខូចខាត​អី យើង​ព្យាយាម​សង្គ្រោះ​តាម​លទ្ធភាព​របស់​យើង តែបើ​យើង​ទៅ​អត់​រួច យើង​អាច​បិទ​ផ្ទះ​យើង​។ ប៉ុន្តែ​បើសិនជា​ខ្ញុំ​ទៅរួច ខ្ញុំ​អត់​បិទ​ដាច់ខាត​។ ខ្ញុំ​ព្យាយាម​នៅ​បើកទ្វារ​ជានិច្ច​៕


Tag:
 ផ្ទះ​បុរាណ​
 ​បាត់ដំបង​
  ប៊ុន រឿង​
 ​សម្បត្តិ វិ​រៈ​
© រក្សាសិទ្ធិដោយ thmeythmey.com