ជាតិ
សាឡង់ជាប់នៅស្ពានព្រែកតាមាក់ មិនទាន់យកចេញបាន និងរង់ចាំស្ថានភាពទឹកស្រក រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ប្រតិបត្តិការទាញយកសាឡង់ដឹកខ្សាច់ ដែលកឿងជាប់នៅនឹងសរសរស្ពានព្រែកតាមាក់ ត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយរង់ចាំឲ្យស្ថានភាពទឹកធូរស្រាលឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ ។
គួរបញ្ជាក់ថា សាឡង់ដឹកខ្សាច់មួយគ្រឿងនេះ កាលពីរសៀលថ្ងៃអាទិត្យទី៨ខែកញ្ញា ដោយសារលំហូរទឹកខ្លាំង បានបុកនិងកឿងជាប់នៅសសរស្ពានព្រែកតាមាក់ ដែលស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការទាញសាឡង់មួយគ្រឿងនេះ ក្រុមការងារបានបូមខ្សាច់ចេញពីសាឡង់ និងព្យាយាមទាញសាឡង់ជាច្រើនលើក តែមិនអាចអូសចេញបាន ដោយសារសម្ពាធទឹកខ្លាំង។ សេចក្ដីប្រកាសព័ត៌មានខាងលើបានឲ្យដឹងដូចនេះ។ ក្រុមការងារបច្ចេកទេសក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងអន្តរាគមន៍អង្គរក្សសម្ដេចហ៊ុនសែន ក្រុមជំនាញការសាងសង់ស្ពានរបស់ចិន និងអាជ្ញាធរពាក់ព័ន្ធ។
ប្រតិបត្តិការនេះត្រូវបានផ្អាកសិន។ ប្រកាសព័ត៌មានគូសបញ្ជាក់ដូច្នេះថា៖«ក្រុមការងារបានសម្រេចផ្អាកប្រតិបត្តិការអូសសាឡង់ខាងលើនេះបណ្ដោះអាសន្ន ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មី នៅពេលទឹកមានសភាពធូរស្រាលឡើងវិញ»។
ជាមួយគ្នានេះដែរ សេចក្ដីប្រកាសព័ត៌មាននេះបានឲ្យដឹងថា សាឡង់ដឹកខ្សាច់នេះ មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com