លោក គីម អញ្ជើញលោក ត្រាំ ទស្សនកិច្ច​នៅ​ព្យុងយ៉ាង
អន្តរជាតិ
លោក គីម អញ្ជើញលោក ត្រាំ ទស្សនកិច្ច​នៅ​ព្យុងយ៉ាង
16, Sep 2019 , 9:40 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធានៃឧបទ្វីបកូរ៉េ ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធានៃឧបទ្វីបកូរ៉េ ។ រូបភាព AFP
​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​អញ្ជើញ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភពពី​កាសែត​កូរ៉េខាងត្បូង​។ មិនទាន់មាន​ការបញ្ជា​ក់​ផ្លូវការ​ណាមួយ​ទាក់ទង​ការអញ្ជើញ​នេះឡើយ ប៉ុន្តែ​លោក ត្រាំ ធ្លាប់​និយាយ​កាលពី​ខែសីហា​ថា នឹងមាន​ជំនួប​ទល់មុខ​ជាមួយ​ម​ដឹកនាំ​កូរ៉េខាងជើង​នៅពេល​ខាងមុខ​។



​លិខិតអញ្ជើញ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទៅធ្វើ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង បាន​ទៅ​ដល់ដៃ​មេដឹកនាំ​អាមេរិក​អំឡុង​ខែសីហា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​កូរ៉េខាងត្បូង JoongAng Ilbo នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។ លិខិត​ខែសីហា ជា​សំបុត្រ​ទី​ពី​ដែល​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ញើ​ឲ្យ​លោក ត្រាំ ស្រប​ពេលដែល​ការចរចា​ដើម្បី​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​ដែល​ភាគី​ទាំងពីរ​ព្រមព្រៀង​ឲ្យ​ចាប់ផ្ដើម​ឡើងវិញ​នោះ មិនទាន់មាន​ដំណើការ​អ្វី​ទេ​។​

​ក្នុង​លិខិត​ទី​ពីរ​នេះ លោក គីម បានបង្ហាញ​ឆន្ទៈ​ចង់​ជួប​លោក ត្រាំ ក្នុងជំនួប​កំពូល​ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​ស្រេចបាច់​។ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង មាន​ជំនួប​កំពូល​ពីរដង​ហើយ​នៅ​សិង្ហ​បុរី​ក្នុង​ខែមិ​ថុ​នា ឆ្នាំ​២០១៨ និង​នៅ​វៀតណាម​ក្នុង​ខែ​កុម្ភៈ នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​ការ​ចុងក្រោយ មិន​ទទួលបាន​ផល​អ្វី​ទេ​។ ចាប់ពីពេលនោះ ភាព​តានតឹង​ក៏​កើន​ឡើងវិញ​បន្តិច ដោយ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ជា​បន្តបន្ទាប់​។

​លោក ត្រាំ និង​លោក គីម ក៏​ជួបគ្នា​ម្ដងទៀត​នៅ​ទឹកដី​កូរ៉េខាងត្បូង​នៃ​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ​។ មិនមាន​ផ្លែផ្កា​អ្វី​ឡើយ​ពី​ជំនួប​ភ្លាមៗ​នេះ ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​រៀបចំ​ការចរចា​ឡើងវិញ​។ ការចរចា​ក៏​នៅតែ​មិនទាន់​អាចធ្វើ​ឡើង ខណៈដែល​ក្រុង​ព្យុងយ៉ាង​បាន​រិះគន់​ខ្លាំងៗ​អាមេរិក និង​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ហើយ​បន្ត​សាកល្បង​មី​ស៊ី​ល និង​អាវុធ​ថ្មីៗ​មិន​ឈប់ឈរ​។​

​និយាយ​ពី​រឿង​សំបុត្រ​វិញ លោក ត្រាំ ក៏​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ខ្លះៗ​ដែល​ទទួលបាន​ពី​លោក គីម ដែរ​។ កាលពី​ខែសីហា លោក ត្រាំ ទទួលបាន​សំបុត្រ​ដ៏​ស្រស់ស្អាត​បី​ទំព័រ​ពី​មេដឹកនាំ​កូរ៉េខាងជើង ហើយ​ថា លោក​អាចមាន​ជំនួប​ម្ដងទៀត​ជាមួយ​លោក គីម ។

​ការអញ្ជើញ​លោក ត្រាំ ពី​សំណាក់​លោក គីម មិនមែនជា​រឿង​ប្លែក​ឡើយ ព្រោះ​មេដឹកនាំ​ទាំង​សុទ្ធតែ​ធ្លាប់​បង្ហាញ​ជំហរ​អញ្ជើញ​គ្នា​ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​គ្នា​ទៅវិញទៅមក​។ ជា​រឿង​មិន​ធ្លាប់មាន លោក ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​តំណែង​ដំបូង​គេ​ដែល​ជួប​មេដឹកនាំ​កូរ៉េខាងជើង ទោះជា​អាមេរិក និង​កូរ៉េខាងជើង ធ្លាប់ជា​គូសត្រូវ និង​គ្មាន​ចំណង​ការទូត​ក្ដី​។ បើ​លោក ត្រាំ ទៅជា​ព្យុង​យ៉ាងនោះ វា​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​៕ 


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com