អន្តរជាតិ
លោក គីម អញ្ជើញលោក ត្រាំ ទស្សនកិច្ចនៅព្យុងយ៉ាង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធានៃឧបទ្វីបកូរ៉េ ។ រូបភាព AFP
× មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារអញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅធ្វើទស្សនកិច្ចនៅទឹកដីកូរ៉េខាងជើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពពីកាសែតកូរ៉េខាងត្បូង។ មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយទាក់ទងការអញ្ជើញនេះឡើយ ប៉ុន្តែលោក ត្រាំ ធ្លាប់និយាយកាលពីខែសីហាថា នឹងមានជំនួបទល់មុខជាមួយមដឹកនាំកូរ៉េខាងជើងនៅពេលខាងមុខ។
លិខិតអញ្ជើញប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅធ្វើទស្សនកិច្ចនៅព្យុងយ៉ាង បានទៅដល់ដៃមេដឹកនាំអាមេរិកអំឡុងខែសីហា។ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង JoongAng Ilbo នៅថ្ងៃទី១៦ ខែកញ្ញា។ លិខិតខែសីហា ជាសំបុត្រទីពីដែលប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ផ្ញើឲ្យលោក ត្រាំ ស្របពេលដែលការចរចាដើម្បីឈានទៅរំសាយនុយក្លេអ៊ែរដែលភាគីទាំងពីរព្រមព្រៀងឲ្យចាប់ផ្ដើមឡើងវិញនោះ មិនទាន់មានដំណើការអ្វីទេ។
ក្នុងលិខិតទីពីរនេះ លោក គីម បានបង្ហាញឆន្ទៈចង់ជួបលោក ត្រាំ ក្នុងជំនួបកំពូលដើម្បីដោះស្រាយបញ្ហាឲ្យស្រេចបាច់។ មេដឹកនាំអាមេរិក និងកូរ៉េខាងជើង មានជំនួបកំពូលពីរដងហើយនៅសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ និងនៅវៀតណាមក្នុងខែកុម្ភៈ នៅឆ្នាំ២០១៩ ប៉ុន្តែការចុងក្រោយ មិនទទួលបានផលអ្វីទេ។ ចាប់ពីពេលនោះ ភាពតានតឹងក៏កើនឡើងវិញបន្តិច ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលចម្ងាយខ្លីជាបន្តបន្ទាប់។
លោក ត្រាំ និងលោក គីម ក៏ជួបគ្នាម្ដងទៀតនៅទឹកដីកូរ៉េខាងត្បូងនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េនៅថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ មិនមានផ្លែផ្កាអ្វីឡើយពីជំនួបភ្លាមៗនេះ ប៉ុន្តែមេដឹកនាំទាំងពីរបានព្រមព្រៀងរៀបចំការចរចាឡើងវិញ។ ការចរចាក៏នៅតែមិនទាន់អាចធ្វើឡើង ខណៈដែលក្រុងព្យុងយ៉ាងបានរិះគន់ខ្លាំងៗអាមេរិក និងប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ហើយបន្តសាកល្បងមីស៊ីល និងអាវុធថ្មីៗមិនឈប់ឈរ។
និយាយពីរឿងសំបុត្រវិញ លោក ត្រាំ ក៏ធ្លាប់បញ្ចេញព័ត៌មានខ្លះៗដែលទទួលបានពីលោក គីម ដែរ។ កាលពីខែសីហា លោក ត្រាំ ទទួលបានសំបុត្រដ៏ស្រស់ស្អាតបីទំព័រពីមេដឹកនាំកូរ៉េខាងជើង ហើយថា លោកអាចមានជំនួបម្ដងទៀតជាមួយលោក គីម ។
ការអញ្ជើញលោក ត្រាំ ពីសំណាក់លោក គីម មិនមែនជារឿងប្លែកឡើយ ព្រោះមេដឹកនាំទាំងសុទ្ធតែធ្លាប់បង្ហាញជំហរអញ្ជើញគ្នាឲ្យធ្វើទស្សនកិច្ចនៅទឹកដីគ្នាទៅវិញទៅមក។ ជារឿងមិនធ្លាប់មាន លោក ត្រាំ ជាប្រធានាធិបតីអាមេរិកក្នុងតំណែងដំបូងគេដែលជួបមេដឹកនាំកូរ៉េខាងជើង ទោះជាអាមេរិក និងកូរ៉េខាងជើង ធ្លាប់ជាគូសត្រូវ និងគ្មានចំណងការទូតក្ដី។ បើលោក ត្រាំ ទៅជាព្យុងយ៉ាងនោះ វានឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com