កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool រក្សាភាពខ្លាំង ខណៈMan City បរាជ័យលើកដំបូង
× Liverpool នៅតែរក្សាភាពខ្លាំងរបស់ខ្លួនដោយយកឈ្នះ Newcastle United ៣-១ សម្រាប់ការប្រកួតសប្តាហ៍ទី៥ នៃក្របខណ្ឌ Premier League នៅថ្ងៃទី១៤ ខែកញ្ញា ខណៈដែលម្ចាស់ការពារជើងឯក Manchester City ស្គាល់បរាជ័យលើកដំបូងក្រោមថ្វីជើងក្រុមទើបឡើងថ្មី Norwich City ៣-២។
ការរក្សាភាពខ្លាំងរបស់ក្រុមហង្សក្រហម បាននាំពួកគេនៅឈរកំពូលតារាងមាន១៥ពិន្ទុពេញ នាំមុខគូប្រជែង Man City ដល់ទៅ៥ពិន្ទុ ក្រោយការប្រកួត៥លើកដូចគ្នា។ ក្រុមមេឃខៀវប្រកួត៥លើក ឈ្នះ៣ ស្មើ១ និងចាញ់១ មាន១០ពិន្ទុ។
Liverpool ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jurgen Klopp កាន់តែបន្តភាពខ្លាំងរបស់ពួកគេតាំងពីរដូវកាលមុន រហូតរដូវកាលថ្មីនេះ និងជឿជាក់ថាពួកគេអាចនឹងដណ្តើមពាន Premier League បានទៀតផង។
ដោយឡែក Tottenham Hotspur, Manchester United និង Chelsea សុទ្ធតែទទួលបានបានជ័យជម្នះរៀងខ្លួននៅសប្តាហ៍ទី៥នេះ តែ Arsenal បានត្រឹមលទ្ធផលខកចិត្តក្រោយក្រុមបាតតារាង Watford តាមស្មើ ២-២។ Spurs បានយកឈ្នះ Crystal Palace ៤-០, Man Utd ឈ្នះ Leicester City ១-០ ហើយ Chelsea ឈ្នះ Wolverhampton ៥-២។
ក្រុមទាំង៤ ក្រៅពី Liverpool និង Man City ដែលគេគិតថាជាបេក្ខភាពក្នុងការដណ្តើមពានលីគកំពូលអង់គ្លេសរដូវកាលនេះ រកបាន៨ពិន្ទុដូចគ្នា ប៉ុន្តែមាន់ខ្នាយមាស ឈរនៅលេខរៀងទី៣ ដ្បិតមានគ្រាប់ស៊ុតល្អជាង តាមពីក្រោយដោយបិសាចក្រហមនៅលេខ៤ តោខៀវលេខ៦ និង កាំភ្លើងធំលេខ៧៕
© រក្សាសិទ្ធិដោយ thmeythmey.com