កីឡាជាតិ
ជាតិ
គីរីវង់​សងសឹក​ក្រោ​ន​បានសម្រេច ខណៈ​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ​អស់​ឱកាស​ប្រជែង​ពាន​
16, Sep 2019 , 2:10 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមគីរីវង់សុខសែនជ័យ(អាវស)ជាមួយភ្នំពេញក្រោន
សកម្មភាពប្រកួតរវាងក្រុមគីរីវង់សុខសែនជ័យ(អាវស)ជាមួយភ្នំពេញក្រោន
ដោយ:
​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បានធ្វើ​ឲ្យ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​ខកចិត្ត​យ៉ាងខ្លាំង​ជាមួយ​ជ័យជម្នះ ៣-២ នៅលើ​ទឹកដី​ខ្លួន​។ ទោះបី​មិនអាច​ជួយ​ឲ្យ​ខ្លួន​ឡើងទៅ​ប្រជែង​យក​ចំណាត់ថ្នាក់​ក្តី តែ​ជ័យជម្នះ​នេះ ជួយ​ឲ្យ​គីរីវង់​សុខ​សែន​ជ័យ​សងសឹក​ភ្នំពេញ​ក្រោ​ន ដែល​យកឈ្នះ​ខ្លួន​នៅ​ជើង​ទី​១​បានសម្រេច​។ ក្រុម​ជើងឯក​ពីរ​សម័យកាល​គឺ​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ បាន​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ ក្រោយ​ពួកគេ​ធ្វើ​មិន​បានល្អ​ក្នុងជំនួប​សប្តាហ៍​ទី​២២​។ ជ័យជម្នះ ៧-០ លើ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី មិន​ត្រឹមតែ​ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ប៉ុណ្ណោះ​ទេ តែ​ជួយ​ឲ្យ​ពួកគេ​ខិត​កាន់តែ​ជិត​នៃ​ការ​គ្រង​ជើងឯក​។



​ភាពសប្បាយ​រីករាយ​ស​ម្រា​ប់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​បានកើត​ឡើង​ត្រឹម​១​នាទី​ដំបូង ក្រោយ​កីឡាករ Coulibaly Souleymane រក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​លើ​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​។ ប៉ុន្តែ​ភាពសប្បាយ​រីករាយ​នេះ ត្រូវបាន​រសាយ​ត្រឹម​៧​នាទី ក្រោយ​កីឡាករ ប្រាក់ ធី​វ៉ា រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ភ្នំពេញ​ក្រោ​ន​។ ក្តីសង្ឃឹម​បានកើត​ឡើង​ម្តងទៀត​សម្រាប់​ម្ចាស់ផ្ទះ បន្ទាប់ពី​កីឡាករ Reiya Konishita សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ សម្រាប់​គីរីវង់​សាជាថ្មី​នៅ​នាទី​ទី​១០​។

​ការប្រកួត​ដំណើរ​បាន​ជាង​៣០​នាទី​កីឡាករ Reiya Konishita បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន ដើម្បី​បង្កើន​ការនាំ​មុខ ៣-១ ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​មុន​បញ្ចប់​តង់​ទី​១​។ ក្រោយ​សម្រាក​តង់​រយៈពេល​១៥​នាទី គ្រាប់​បាល់​ក៏បាន​កើតឡើង​ត្រឹម​៩​នាទី​ដំបូង​នៃ​តង់​ទី​២ ក្រោយ​កីឡាករ​អា​ហ្វ​ហ្គា​នី​ស្ថាន Mustafa Zazai សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ៣-២ សម្រាប់​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​ពួកគេ​បាន​ព្យាយាម​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ក៏ដោយ​។

​ទោះបី​មិនអាច​ជួយ​ឲ្យ​ខ្លួន​ឡើងទៅ​ប្រជែង​យក​ចំណាត់ថ្នាក់​ក្តី តែ​គីរីវង់​សុខ​សែន​ជ័យ​ពិតជា​រីករាយ​ជាមួយ​ជ័យជម្នះ​នេះ ព្រោះ​ជួយ​ឲ្យ​ពួកគេ​សងសឹក​ភ្នំពេញ​ក្រោ​ន ដែល​យកឈ្នះ​ខ្លួន ២-១ នៅ​ជើង​ទី​១​បានសម្រេច​។ ទាំង​ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​ភ្នំពេញ​ក្រោ​ន​សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើមពាន ឬ​ចំណាត់ថ្នាក់​លេខ​២​។

​ក្រុម​ជើងឯក​ពីរ​សម័យកាល​ជាប់​គ្នា​(២០១៦, ២០១៧)​បឹងកេត​ក៏​អស់​ឱកាស​ប្រជែង​ដណ្តើមពាន​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ពួកគេ​ស្មើ ២-២ ជាមួយ​អាស៊ី​អឺរ៉ុប​នៅលើ​ទឹកដី​ខ្លួន​។ បឹងកេត​ស្ថិតនៅ​លេខ​៥​មាន​៤២​ពិន្ទុ ដោយមាន​គម្លាត​១៦​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង ខណៈ​ពួកគេ​នៅសល់​៤​ប្រកួត​ទៀត​។ ប៉ុន្តែ​ពួកគេ​នៅមាន​ឱកាស​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​២ ដែល​វិសាខា​កំពុង​គ្រង​ជាមួយ​៥០​ពិន្ទុ​។

​ជាមួយគ្នានេះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ ក៏​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើមពាន​ផងដែរ បន្ទាប់ពី​ពួកគេ​រង​បរាជ័យ ៤-១ ក្រោម​ថ្វី​ជើង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​។ បច្ចុប្បន្ន​ក្រុម​នេះ ស្ថិតនៅ​លេខ​៤​មាន​៤២​ពិន្ទុ​ស្មើ​បឹងកេត​។

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​បង្ហាញ​ភាពខ្លាំង តាមរយៈ​ការរក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ បន្ទាប់​ពួកគេ​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៧-០ នៅលើ​ទឹកដី​ខ្លួន​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា​។ ជ័យជម្នះ​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ពួកគេ​អាច​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​២២​ប្រកួត​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ពួកគេ​ខិត​កាន់តែ​ជិត​នៃ​ការ​គ្រង​ជើងឯក​នៅ​រដូវ​កាល​នេះ​។ បច្ចុប្បន្ន​ពួកគេ​ស្ថិតនៅ​កំពូល​តារាង​មាន​៥៨​ពិន្ទុ​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ណាហ្គា​វើ​ល​បាន​យកឈ្នះ​កំពង់ចាម​ក្នុង​លទ្ធផល ៣-០ ដើម្បី​បន្ត​ពង្រឹង​ទីតាំង​ទី​៣​ជាមួយ​៤៧​ពិន្ទុ​។ តាមរយៈ​លទ្ធផល​នេះ យើង​អាច​វាយតម្លៃ​បាន​ថា សមត្ថភាព​របស់​ក្រុម​ចំណូល​ថ្មី​កំពង់ចាម​មានការ​រីក​ចម្រើន​ខ្លាំង ខណៈ​កាលពី​ជើង​ទី​១​ពួកគេ​ចាញ់​ក្នុង​លទ្ធផល ១៨-០៕    


Tag:
 Cambodia League 2019
  គីរីវង់​សុខ​សែន​ជ័យ​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com