ជាតិ
មនុស្ស​១១​នាក់​ស្លាប់ ខណៈ​ពលរដ្ឋ​ជាង​៨​ម៉ឺន​គ្រួសារ រងគ្រោះ​ដោយសារ​ទឹកជំនន់
16, Sep 2019 , 3:02 pm        
រូបភាព
រូបភាពក្រសួងធនធានទឹក និងឧតុនិយម
រូបភាពក្រសួងធនធានទឹក និងឧតុនិយម
​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ មាន​មនុស្ស​១១​នាក់​ស្លាប់ និង​ពលរដ្ឋ​ជាង​៨,៤​ម៉ឺន​គ្រួសារ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ ។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​



​លោក កែវ វី បាន​និយាយថា ក្នុងចំណោម​ពលរដ្ឋ​ជាង​៨​ម៉ឺន​គ្រួសារ​នេះ មាន​ពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ផ្ទះសម្បែង​ជាង​៦,២​ម៉ឺន​ខ្នង រង​ផលប៉ះពាល់​។ បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទឹកជំនន់​នេះ ក៏បាន​ឆក់យក​ជីវិត​មនុស្ស​១១​នាក់​ផងដែរ​។​

«​មុន​ស្ស​១១​នាក់​ដែល​ស្លាប់មាន​ប្រុស​៩​នាក់​និង​ស្រី​២​នាក់ ហើយ​នៅ​ខេត្តកំពង់ចាម​៥​នាក់ ក្រចេះ​៤​នាក់ ត្បូងឃ្មុំ​ម្នាក់ និង​ព្រះវិហារ​ម្នាក់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ វី ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខេត្ត​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ខ្លាំង រួមមាន​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ព្រៃវែង និង​កំពង់ធំ​។​

​ក្រៅពី​ផលប៉ះពាល់​ដល់​ពលរដ្ឋ ក៏មាន​ដំណាំ​ជាង​៣​ម៉ឺន​ហិកតា ជួបប្រទះ​បញ្ហា​ដោយសារ​ទឹកជំនន់​ផងដែរ​។ ក្នុងនោះ​មាន ស្រូវ​លិច​ទឹក​ជាង​២,៦​ម៉ឺន​ហិកតា ខូចខាត​សំណាប​ជាង​៣០០​ហិកតា ដំណាំ​រួមផ្សំ​រង​ការ​លិច​ទឹក​ជាង​៣​ពាន់​ហិកតា និង​រង​ការខូចខាត​ជាង​១០០​ហិកតា​។ ជាមួយគ្នា​ដែរ សត្វ​ចិញ្ចឹម​ជាង​៣​ម៉ឺន​ក្បាល ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ដោយឡែក​សាលារៀន មន្ទីរពេទ្យ និង​វត្ត​អារាម​ជាង​៤​០០កន្លែង​បាន​រង​ការ​ជន់​លិច​។ ចំណែក​ការបាក់​ច្រាំងទន្លេ​នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ​មាន​ប្រវែង​ជាង​២,២​ម៉ឺន​ម៉ែត្រ ដោយ​ក្នុងនោះ​មានផ្ទះ​ពលរដ្ឋ​៥៦​ខ្នង​ត្រូវ​រុះរើ ដោយសារ​ការបាក់​ច្រាំងទន្លេ​។ នេះ​បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com