អន្តរជាតិ
លោក ត្រាំ ថា មាន​មូលហេតុ​គ្រប់គ្រាន់​ដែល​អ៊ីរ៉ង់​នៅពីក្រោយការវាយប្រហារ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​
16, Sep 2019 , 3:32 pm        
រូបភាព
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នា​ថ្ងៃទី​១៥ ខែកញ្ញា បាន​និយាយថា អាមេរិក​បាន​ត្រៀម​រួចហើយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​រោងចក្រ​ផលិត​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុង​រី​យ៉ា​ដ​សិន​។ ក្រោយ​ហេតុការណ៍​នេះ ក្រុង​វ៉ាស៊ីនតោន​ចោទ​ភ្លាមៗ​លើ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បាន​បដិសេធ​ភ្លែត​ដែរ ខណៈ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ប្រកាស​ទទួលខុសត្រូវ​។ ការវាយប្រហារ​លើក​នេះ បង្ក​ឲ្យ​មានការ​បារម្ភ​ពី​បញ្ហា​ផ្គត់ផ្គង់​ប្រេង​យ៉ាងខ្លាំង​នៅលើ​ពិភពលោក​។​



​បន្ទាប់ពី​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​អ្នកយក​សារព័ត៌មាន​អំពី​ភស្តុតាង ដែល​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​រោងចក្រ​ផលិត​ប្រេង​ថា​ជា​ទង្វើ​របស់​អ៊ីរ៉ង់​រួចមក លោក ដូ​ណា​ល់ ត្រាំ ក៏​មក​ចេញមុខ​មក​ព្រមាន​ចំៗ​តែម្តង​ទៅលើ​ការវាយប្រហារ​នេះ​។

អត្ថបទទាក់ទង

​នៅលើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​១៥ ខែកញ្ញា លោក ត្រាំ ទំនង​ទម្លាក់​ការទទួលខុសត្រូវ​លើ​ទីក្រុង​តេ​ហេ​រ៉ង់ ប៉ុន្តែ​ក៏​ចាំ​ចម្លើយ​ពី​ក្រុង​រី​យ៉ា​ដ​សិន​មុន​ចាត់វិធានការ​។ លោក​បាន​អះអាងថា​៖ «​វា​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការជឿ​ទៅលើ​រឿងហេតុ​ទាំងនោះ ចំណែក​អាមេរិក​បានដាក់​គ្រាប់ ដើម្បី​ត្រៀម​បាញ់​រួចស្រេច តែ​ចាំមើល​ការ​ញ្ជា​ក់​ឲ្យ​បានច្បាស់លាស់​ជាមុនសិន និង​រង់ចាំ​ការអះអាង​ពី​រាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា​តើន​រណា​ជា​អ្នកបង្ក​បញ្ហា​មួយ​នេះ និង​ធ្វើ​ប្រតិបត្តិការ​ត្រូវអនុវត្ត​តាម​ណា​»​។​

​និយាយ​មុន​លោក ត្រាំ បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter លោក ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា វា​គ្មាន​ភស្តុតាង​ដែលមាន​ការវាយប្រហារ​មកពី​យេ​ម៉ែន​ឡើយ ព្រោះ​ក្រុម​ហ៊ូ​ធី​កំពុង​ជាប់ដៃ ហើយ​ផែនការ​វាយប្រហារ​នេះ ត្រូវបាន​រៀបចំ​យ៉ាង​ល្អិតល្អន់ ដែល​មានតែ​អ៊ីរ៉ង់​ប៉ុណ្ណោះ​អាចធ្វើ​បាន​។ លោក​បន្តថា នៅ​ពីក្រោយ​ការអំពាវនាវ​ឲ្យ​មានការ​បន្ថយ​ភាព​តានតឹង អ៊ីរ៉ង់​បែប​ជា​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​ដ៏​ធំ​របស់​ពិភពលោក​ទៅវិញ​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​ច្រានចោល​នូវ​ការចោទប្រកាន់​របស់​អា​មេ​រិ​កថា ជា​រឿង​គ្មាន​ភស្តុតាង​ច្បាស់លាស់ ខណៈ​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍ ក៏​ចេញ​មុខមក​ព្រមាន​ផ្ទាល់​ផងដែរ​ថា អ៊ីរ៉ង់​ក៏​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ធ្វើសង្គ្រាម​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Amirali Hajizadeh បាន​គូសបញ្ជាក់ថា មូលដ្ឋានទ័ព​អាមេរិក និង​នាវាចម្បាំង​ក្នុង​ដែន​ចម្ងាយ​ពីរពាន់​គីឡូម៉ែត្រ គឺ​សុទ្ធតែ​នៅក្នុង​រ៉ា​ដា​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ទាំងអស់​។

​តាម​ការបកស្រាយ​រប​ស់​មន្ត្រី​អាមេរិក​ដោយ​មិនបាន​បញ្ចេញ​ឈ្មោះ រោងចក្រ​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​រង​ផលប៉ះពាល់​១៩​ចំណុច​។ ម្យ៉ាងទៀត ភស្តុតាង​បានបង្ហាញ​ថា តំបន់​ដែល​បានចាប់ផ្តើម​បាញ់​គឺ​ទិស​ពាយព្យ ដូច្នោះ​វា​មិនមែនជា​ភាគខាងត្បូង​យេ​ម៉ែន​ទេ ហើយ​វា​ក៏​មិន​ត្រឹមត្រូវ​ដូច​ការប្រកាស​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ថា​ជា​អ្នកបង្ក​ដែរ​។ ហេតុនេះ អ៊ីរ៉ង់ គឺជា​គោលដៅ​ចម្បង​តែម្ដង​។

​បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​មួយ​នេះ តម្លៃ​ប្រេង​បាន​កើនឡើង​ប្រមាណ​ជា ១៥​ភាគរយ​។ អ្វី​គួរ​ឲ្យ​បារម្ភ ការវាយប្រហារ​ដោយ​យន្តហោះ​បញ្ជា​ពី​ចម្ងាយ​នេះ បាន​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន ៥,៧​ភាគរយ ដែល​បង្ក​ឲ្យ​មានការ​បារម្ភ​ដល់​ការផ្គត់ផ្គង់​ប្រេង​នៅលើ​ពិភពលោក​។​

​សហគមន៍​អន្តរជាតិ​ក៏​បារម្ភ​ខ្លាំង​ពី​ការវាយប្រហារ​នេះ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​រិះគន់​ទៅលើ​ការវាយប្រហារ​មួយ​នេះ និង​អំពាវនាវ​ឲ្យ​មានកា​បន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់​។ ចំណែក​នៅ​ខាង​សហគមន៍​អឺរ៉ុប​វិញ បាន​ព្រមាន​ថា ការវាយប្រហារ​នេះ​អាច​បង្ក​ឲ្យ​មានការ​គំរាមកំហែង​នៅក្នុង​តំបន់​៕


Tag:
 ​អាមេរិក​
  អារ៉ាប់​ប៊ី​សា​អូឌីត​
  អ៊ីរ៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com