អន្តរជាតិ
ចិន បន្ត​តាម​ចែចូវ ហៃ​ទី ដែលជា​សម្ព័ន្ធ​ចុងក្រោយ​របស់​តៃវ៉ាន់​នៅ​កា​រ៉ា​អ៊ី​ប
16, Sep 2019 , 8:59 pm        
រូបភាព
ហៃទីជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក។ រូបភាព AFP
ហៃទីជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក។ រូបភាព AFP
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង តាមរយៈ​បេសកជន​ជាន់ខ្ពស់​របស់ខ្លួន កំពុងតែបន្ត​សកម្មភាព​ក្នុង​ការបង្កើន​សម្ព័ន្ធមិត្ត​ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន ដែលជា​សម្ព័ន្ធមិត្ត និង​ដៃគូ​ការទូត​របស់​តៃវ៉ាន់​។ ប៉េកាំង បាន​ពន្យល់​ប្រទេស​ពាក់ព័ន្ធ​ទាំងនោះ​ឲ្យ​ស្គាល់​ពី​សក្តានុពល​របស់​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ ក៏ដូចជា​ផលប្រយោជន៍ រួមទាំង​កម្ចី​អភិវឌ្ឍន៍ ដែល​ប្រទេស​ទាំងនោះ ទទួលបាន ពេល​ព្រម​ផ្សារភ្ជាប់​ចំណង​ការទូត​ជាមួយ​ខ្លួន​។​



​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន South China Morning Post នៅ​ថ្ងៃទី​១៤ ខែកញ្ញា លោក Wang Xiangyang ប្រធានការិយាល័យ​ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ប្រចាំ​ហៃ​ទី បានលើកឡើង​ដោយ​មិន​លាក់លៀម​ឡើយ​ថា ចិន កំពុងតែ​បើកចំហ​រស​ម្រា​ប់​ការផ្សារភ្ជាប់​ចំណង​ការទូត​ជាមួយនឹង ហៃ​ទី ខណៈ​ហៃ​ទី កំពុងតែ​ត្រូវការ​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក Wang បាន​នាំពាក្យ​របស់​រដ្ឋាភិបាល​ចិន​យ៉ាង​ដូច្នេះ​ថា​៖ ប្រសិនបើ រដ្ឋាភិបាល​ហៃ​ទី អាច​ប្រកាន់យក​គោលនយោបាយ​ចិន​តែមួយ រដ្ឋាភិបាល​ចិន មាន​ឆន្ទៈ​ក្នុងការ​បង្កើត​ចំណង​ផ្លូវការ​រវាង​ប្រទេស​និង​ប្រទេស​ជាមួយនឹង​ហៃ​ទី ហើយនឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​អប់រំ​ជាដើម​។

​មន្ត្រីជាន់ខ្ពស់​របស់​ក្រុង​ប៉េកាំង​ដដែល​នេះ បាន​គូសបញ្ជាក់ថា ចិន គឺជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​ពិភពលោក​។ ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ចិន កំពុងតែ​ដើរតួ​យ៉ាងសកម្ម និង​សំខាន់ ក្នុង​កិច្ចការ​អន្តរជាតិ​ទៀតផង​។ លោក ក៏បាន​លើកឡើង​ពី​ផលប្រយោជន៍​ដែល​ប្រទេស​ពាក់ព័ន្ធ​ទទួលបាន​ពេល​មាន​ចំណង​ការទូត​ជាមួយនឹង​ចិន រួមមាន​ជំនួយឥតសំណង​, កម្ចី​គ្មាន​ការប្រាក់ និង​កម្ចីសម្បទាន​សម្រាប់​អភិវឌ្ឍ​ប្រទេស​ទៀតផង​។​

​សូម​ជម្រាប​ផងដែរ​ថា ហៃ​ទី គឺ​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ទាំង​១៧​របស់​ពិភពលោក ដែល​នៅ​ទទួលស្គាល់ និង​មាន​សម្ព័ន្ធភាព​ការទូត​ជាមួយនឹង​តៃវ៉ាន់​។ កន្លងមក ដើម្បី​ធានា​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហៃ​ទី តៃវ៉ាន់ បានផ្តល់​ជំនួយ​ជាច្រើន​លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ហៃ​ទី ក៏ដូចជា​ស្តា និង​អភិវឌ្ឍ​រដ្ឋ​ក្រីក្រ​មួយ​នេះ​ឡើងវិញ ក្រោយ​រង​ការ​បំ​ផ្លិត​បំផ្លាញ​ពី​គ្រោះ​មន្ត​រាយ​ម្តង​ហើយ​ម្តងទៀត​។​

​គ្រាន់តែ​ឆ្នាំ​២០១៨ តៃវ៉ាន់ បានផ្តល់​ជំនួយ​ហៃ​ទី​ប្រមាណ ១៥០ លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍ​។ ក៏ប៉ុន្តែ​ជំនួយ​នេះ ទំនងជា​មិនអាច​ទប់ទល់​ជាមួយនឹង ការទាក់ទាញ​របស់​ចិន​បានឡើយ​។ នោះ ក៏​ព្រោះតែ​រដ្ឋ​ជុំវិញ​របស់​ហៃ​ទី បាន​ងាក​ទៅរក​ចិន​អស់​រួចទៅហើយ ខណៈ​ចិន ក៏បាន​បន្ត​ចែចូវ​ហៃ​ទី ជាមួយនឹង​ការសន្យា​ជ្រោមជ្រែង​ហៃ​ទី​ជាច្រើន​ទៀតផង​នោះ​៕  

Tag:
 តៃវ៉ាន់​
  ចិន​
  ហៃ​ទី
© រក្សាសិទ្ធិដោយ thmeythmey.com