ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ខានទៅ​ភ្ជុំបិណ្ឌ​៤​ឆ្នាំ​ជាប់​គ្នា​
16, Sep 2019 , 9:59 pm        
រូបភាព
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
ដោយ: ថ្មីៗ
​ដូច​៣​ឆ្នាំមុន​ដែរ លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពុំមាន​ឱកាស​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​ណាមួយ​ឡើយ សម្រាប់​ឆ្នាំនេះ​។ មូលហេតុ គឺ​ដោយសារតែ លោក ត្រូវបាន​ចៅក្រម​ស៊ើបសួរ កំណត់​មិន​ឲ្យ​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​។



​លោក ផែង ហេង មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​គាត់ ទៅណា​មិនកើត​ទេ​។ ចេញ​តែ​ពីមុខ​ផ្ទះ​បន្តិច គឺ​ដល់​ព្រំដែន​កំណត់​ហើយ ហើយ​នៅ​ជិតៗ​ហ្នឹង គ្មាន​វត្ត​ទេ​»​។​

​ក្រៅពី​ហាម​លោក កឹម សុខា មិន​ឲ្យ​ចេញ​ឆ្ងាយ​ពី​ផ្ទះ ចៅក្រម​ស៊ើបសួរ នៅ​មិន​ឲ្យ​លោក ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង មិន​ឲ្យ​ជួប​ជនបរទេស​ណា ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។ វា មាន​រយៈពេល​២​ឆ្នាំ​ហើយ បើ​គិត​ទាំង​ពេលដែល​លោក ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង និង​ទាំង​ពេល​ដែ​លោក ត្រូវ​បានដាក់​ស្ថិតនៅ​ក្នុងផ្ទះ ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​។ លោក ត្រូវបាន​ចោទប្រកាន់ថា លួច​ទៅ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​នេះ​ជា​ឆ្នាំ​ទី​៤ ដែល​លោក កឹម សុខា មិនបាន​ទៅ​វត្ត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨ លោក ខានទៅ​វត្ត ដោយសា​តែ​លោក ជាប់​បម្រាប់​នេះឯង​។ ហើយ​កាលពី​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧ លោក ខកខាន ដោយសារតែ​ពេលនោះ លោក ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ សមត្ថកិច្ច បាន​ចាប់​លោក កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃ​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពោលគឺ នៅមុន​តែ​ពី​២-៣​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការមកដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​ចំណែក កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦ លោក កឹម សុខា ក៏​មិនបាន​ទៅ​វត្ត​ដែរ ដោយសារតែ​លោក ឃុំ​ខ្លួនឯង​ក្នុង​ទីស្នាក់ការ​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ មូលហេតុ ដែល​លោក ឃុំ​ខ្លួនឯង គឺ​ដោយសារតែ​លោក មិន​ចង់​ចូលទៅ​បំភ្លឺ​នៅ​តុលាការ ក្នុង​សំណុំរឿង​មួយ​។
 
​ការ​សម្ងំ​ក្នុង​ទីស្នាក់ការ ដោយ​មិន​ព្រម​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការកោះហៅ បានធ្វើ​ឲ្យ​អតីត​ប្រធាន​គណបក្សប្រឆាំង រង​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​»​។ កាលនោះ តុលាការ បាន​កាត់ទោស​លោក ឲ្យ​ជាប់ពន្ធនាគារ​៥​ខែ តែ​ត្រូវបាន​ព្រះមហាក្សត្រ លើកលែងទោស តាម​សំណើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

Tag:
 ​ភ្ជុំបិណ្ឌ​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com