អន្តរជាតិ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុន-អាមេរិក នឹងប៉ះពាល់កូរ៉េខាងត្បូង ពីឆ្វេងទៅស្តាំ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន, លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៉ូ អាបេ
× ក្រុមអ្នកជំនាញពាណិជ្ជកម្មមកពីកូរ៉េខាងត្បូងនៅថ្ងៃទី ១៦ ខែកញ្ញា បាននិយាយថា កូរ៉េខាងត្បូង នឹងផលប៉ះពាល់ផ្នែកពាណិជ្ជកម្ម ប្រសិនបើអាមេរិក និងជប៉ុនសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។
ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាំងពីខែមេសាមកម្លេះ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ភាគីទាំងពីរនឹងឈានដល់នីតិវិធីដ៏សំខាន់ជាមួយគ្នា។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងជប៉ុន និងអាមេរិកនេះហើយ អាចធ្វើឲ្យកូរ៉េខាងត្បូងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចប្រមាណជា២៧,៥ពាន់លានដុល្លារនៃប្រាក់ចំណេញលើការនាំចេញរបស់ខ្លួន។ ចំណែកក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនផលិតរថយន្ត រោងចក្រផលិតម៉ាស៊ីន អាចទទួលរងនូវផលប៉ះពាល់មួយនេះ។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនទៀត ត្រូវបានគេរំពឹងថានឹងមានការនាំចេញច្រើនជាមុន ដូចជាក្រុមហ៊ុនចម្រាញ់សារធាតុគីមីពីប្រេង និងក្រុមហ៊ុនផលិតដែកជាដើម។
តាមការបកស្រាយពីវិទ្យាស្ថានដដែលដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅពេលអាមេរិក និងជប៉ុនអាចអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបានពេញលេញហើយ ការនាំចេញខាងវិស័យរោងចក្រ និងគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូង នឹងធ្លាក់ចុះពី១១,៦ភាគរយ មកដល់ត្រឹមតែ ៩,២ភាគរយតែប៉ុណ្ណោះ។ ដូច្នេះកូរ៉េខាងត្បូង ត្រូវតាមតែតាមដានការចរចារបស់ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។
លោក Jung Jae-won អ្នកស្រាវជ្រាវមកពី KERI បញ្ជាក់ថា វ៉ាស៊ីនតោន ទំនងជាអនុវត្តយុទ្ធសាស្ត្រឈរមើលស្ថានការណ៍រវាងកូរ៉េខាងត្បូង និងជប៉ុន ស្របពេលដែលគ្នានោះ ក៏កំពុងខិតទៅដល់ការយោគយល់គ្នាជាមួយជប៉ុនរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើតាមការផ្សាយរបស់ Yonhap ។
ជាការពិតនៅក្នុងឆ្នាំ ២០១៨ ការនាំចេញរបស់កូរ៉េខាងត្បូង បានរកប្រាក់ចំណេញប្រមាណជាជាង ៧០ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះជាប់កំណត់ត្រានាំទំនិញលើសទៅបរទេសក្នុងរយៈពេល ១០ឆ្នាំ ជាប់ៗគ្នា។
សូមបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលមួយរយៈចុងក្រោយនេះ បានធ្វើឲ្យកូរ៉េខាងត្បូងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិ ដោយសារតែជប៉ុនរឹតត្បិតការនាំចេញធាតុកម្របីប្រភេទទៅកូរ៉េខាងត្បូង៕
Tag:
អាមេរិក
ជប៉ុន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com