ខេត្តព្រៃវែង​និង​ស្វាយរៀង មាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D
ជាតិ
សេដ្ឋកិច្ច
ខេត្តព្រៃវែង​និង​ស្វាយរៀង មាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​D
16, Sep 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានដាក់​ឲ្យ​ដំណើរការ​សាកល្បង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​(CO Form D) សម្រាប់​ការនាំចេញ​កសិផល ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃទី​១៦​ខែកញ្ញា​តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃទី​៦​ខែកញ្ញា​។​



​ផលិតករ និង​អ្នក​នាំចេញ​កសិផល អាចដាក់​ពាក្យ​ស្នើ CO ទម្រង់​D នេះ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​តាមរយៈ​គេហទំព័រ https://co.moc.gov.kh/ ហើយ​ត្រូវ​ចុះហត្ថលេខា និង​ទទួលយក CO នេះ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​ទីស្នាក់ការ​ក្រុមហ៊ុន​របស់ខ្លួន​ស្ថិតនៅ​។​



​ក្រសួងពាណិជ្ជកម្ម​អះអាងថា​នឹង​បន្តធ្វើ​ប្រតិភូកម្ម​សិទ្ធិអំណាច​ក្នុង​ការផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី ដល់​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់​ក្នុងពេល​ឆាប់ៗ​នេះ​។​កន្លងមក ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ត្រូវបាន​ផ្ដល់​សិទ្ធិ​ចេញ CO ទម្រង់​ឌី​នេះ​។​

​គួរ​បញ្ជាក់ថា CO មាន​ច្រើន​ទម្រង់​។ ហើយ​ទម្រង់ D នេះ គ្រាន់តែ​ជា​ឈ្មោះ CO មួយ​ប្រភេទ​សម្រាប់​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​ពី​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។ នេះ​បើតាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​៕


Tag:
 CO​ទម្រង់​D
© រក្សាសិទ្ធិដោយ thmeythmey.com