អន្តរជាតិ
ប៉េកាំង​ហាម​ការ​បង្ហោះ​ដ្រូ​ន ខ្លែង មុន​ខួប​៧០​ឆ្នាំ​នៃ​កំណើត​ប្រទេស​ចិន​
16, Sep 2019 , 10:59 pm        
រូបភាព
រថយន្តយោធាចិន ធ្វើសកម្មភាពហាត់សម មុនថ្ងៃខួប៧០ឆ្នាំនៃកំណើតប្រទេសចិន (Reuters)
រថយន្តយោធាចិន ធ្វើសកម្មភាពហាត់សម មុនថ្ងៃខួប៧០ឆ្នាំនៃកំណើតប្រទេសចិន (Reuters)
ដោយ:
​ចិន​ដាក់​បម្រាម​កា​រប​ង្ហោះ​ដ្រូ​ន ខ្លែង និង​សត្វ​ព្រាប​ក្នុង​រដ្ឋធានី ប៉េកាំង រយៈពេល​ជាង​២​សប្តាហ៍ ខណៈ​ខ្លួន​ត្រៀមលក្ខណៈ​សម្រាប់​ព្យុហយាត្រា​យោធា​ដ៏​ធំ​ដើម្បី​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នា​ថ្ងៃទី​១ ខែតុលា​ខាងមុខ​។



​សកម្មភាព​ហោះហើរ​នានា​ដែល​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ដែនអាកាស ត្រូវ​ហាមឃាត់ ក្នុង​ខណ្ឌ​ចំនួន ៧ នៃ​ខណ្ឌ​ទាំង​១៦​របស់​ទីក្រុង ប៉េកាំង  ចាប់ពី​ថ្ងៃអាទិត្យ​ទី ១៥ កញ្ញា ដល់ ថ្ងៃទី ១ តុលា ។ នេះ​បើតាម​សេចក្តីណែនាំ ដែល​ចុះផ្សាយ​លើ​វេ​ប​សាយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ សកម្មភាព​ដែល​ហាមប្រាម ក៏​រាប់បញ្ចូល​ការ​បង្ហោះ​ប៉ឺតប៉ោង និង​គោម​ផងដែរ​។

​យន្តហោះ​ចម្បាំង រថ​គ្រោះ និង​រថយន្តយោធា​ជាច្រើន​គ្រឿង ធ្វើ​សកម្មភាព​ហាត់​សម កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ​។ ផ្លូវធំៗ​ក្នុង​ទីក្រុង ត្រូវ​បិទ​សម្រាប់​យានយន្ត និង​អ្នក​ថ្មើរជើង​។

​ព្យុហយាត្រា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យជាតិ​ដ៏​ធំ​ដែល​ចិន​ត្រៀម​ធ្វើឡើង​នៅឯ​ទីលាន​ធាន​អាន​មិន​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​ប្រារព្ធ​ថ្ងៃ​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៤៩ ។ កាលនោះ កម្លាំង​នៃ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ឡើង​ក្តាប់​អំណាច ក្រោយ​យកឈ្នះ​កងទ័ព​ជាតិនិយម​របស់ ឈៀង កៃ​សៀក (Chiang-Kai-shek) ។ ក្រោយ​ចាញ់​សង្គ្រាមស៊ីវិល​នេះ ពួកគេ​បាន​ដកទ័ព​ទៅ​តាំងនៅ​កោះ​តៃវ៉ាន់​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP  ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង នឹង​ថ្លែង​សុន្ទរកថា​មួយ នៅក្នុង​កម្មវិធី​នេះ ហើយ​មនុស្ស​ជាង​១០​ម៉ឺន​នាក់ នឹងចូលរួម​ក្នុង​ក្បួន​ដ៏​អ៊ឹកធឹក​នេះ​។  អ្នករៀបចំ​កម្មវិធី បាន​និយាយថា ព្យុហយាត្រា​យោធា​នេះ នឹងមាន​លក្ខណៈ​ធំ​ជាង​លើក​មុនៗ​ទៀត​៕


Tag:
 ​ចិន​
  ប៉េកាំង​
  ដ្រូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com