រថយន្ត
អន្តរជាតិ
​កាលពី​១៥​ឆ្នាំមុន Oprah ប្រគល់​រថយន្ត​ដល់​ប្រិយមិត្ត​ខ្លួន​ចំនួន​២៧៦​នាក់​
16, Sep 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​កាលពី​ឆ្នាំ​២០០៤ អ្នកស្រី Oprah Winfrey សេដ្ឋិនី និង​ជា​ម្ចាស់​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋអាមេរិក បានផ្តល់​អំណោយ​ដែលមាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​។ អ្នក​ដែល​បាន​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កម្មវិធី The Oprah Winfrey Show ចំនួន​២៧៦​នាក់ សុទ្ធតែ​ត្រូវ​ទទួលបាន​រថយន្ត​ម្នាក់​មួយគ្រឿង​។​



​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ដ៏​ល្បី​មួយ អ្នកស្រី Oprah Winfrey កាលពី​១៥​ឆ្នាំមុន បានប្រកាសថា ប្រិយមិត្ត​១១​នាក់​របស់ខ្លួន ទទួលបាន​រថយន្ត Pontiac G6 ម្នាក់​១​គ្រឿង ដោយសារ​អ្នក​ទាំងនោះ​សុទ្ធតែ​ត្រូវការ​រថយន្ត​។ កាលណោះ រថយន្ត​មួយគ្រឿងៗ​មានតម្លៃ ២៨០០០​ដុល្លារ​អាមេរិក​។​



​ក្រោយមកទៀត ភាព​ភ្ញាក់ផ្អើល និង​រំភើប បានកើត​ឡើង​ពេញ​ស្ទូ​ត​យោ​កម្មវិធី The Oprah Winfrey Show ដោយ​អ្នកស្រី Oprah បាន​ចង្អុល​ទៅ​ប្រិយមិត្ត​ផ្សេង​ទៀតថា​៖ «​អ្នកទទួលបាន​រថយន្ត​! អ្នក​ក៏​ទទួលបាន​រថយន្ត​! និយាយ​រួម អ្នក​ទាំងអស់គ្នា​ទទួល​បាន​រថយន្ត​ម្នាក់​១​គ្រឿង​»​។​

​ប្រិយមិត្ត​ដែល​ទៅ​មើល​ផ្ទាល់​ក្នុង​កម្មវិធី The Oprah Winfrey Show នៅពេលនោះ មាន​២៧៦​នាក់ ដោយ​ពួកគេ​បើក​ប្រអប់​នៅមុខ​ខ្លួន ឃើញ​សុទ្ធតែ​សោរ​រថយន្ត​។ ជាមួយគ្នានេះដែរ រថយន្ត​ទាំង​២៧៦​នាក់​គ្រឿង ត្រូវបាន​ថត​រង់ចាំ​ម្ចាស់ផ្ទះ​រួច​ជាច្រើន​នៅ​ចំណត​ក្រៅ​ស្ទូ​ត​យោ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកមួយ​ចំនួន​បានសម្រេច​ចិត្ត​ជិះ​រថយន្ត​ដែលជា​អំណោយ​របស់ Oprah ទៅផ្ទះ​របស់ខ្លួន ប៉ុន្តែ​អ្នកខ្លះ​មិនបាន​ទទួលយក​ភ្លាមៗ​នោះឡើយ ដោយសារតែ​វា​មិនមែនជា​អំណោយ​ដែល​គ្មាន​ការចំណាយ​នោះដែរ​។​



​ក្រុមហ៊ុន​រថយន្ត ក៏ដូចជា​កម្មវិធី​រប​ស់ Oprah បានចេញ​ការចំណាយ​ទាក់ទង​នឹង​ពន្ធ​លក់​ចេញ ការចុះបញ្ជី និង​ពន្ធ​ផ្សេងៗ ប៉ុន្តែ​ការបង់ថ្លៃ​សេវាកម្ម​មួយចំនួនទៀត ជា​បន្ទុក​របស់​ម្ចាស់​កម្មសិទ្ធិ​ថ្មី ដោយ​ពួកគេ​ត្រូវ​បង់​ចំនួន​៧០០០​ដុល្លារ​អាមេរិក​។​

​មិនជា​បញ្ហា​នោះឡើយ សម្រាប់​អ្នក​ដែល​ត្រូវការ​រថយន្ត ដែល​បង់ប្រាក់​បន្ថែម​៧០០០​ដុល្លារ​អាមេរិក ខណៈ​រថយន្ត​មានតម្លៃ​រហូតដល់​ទៅ​២៨០០០​ដុល្លារ​អាមេរិក ប៉ុន្តែ​អ្នកខ្លះ សម្រេចយក​រថយន្ត ហើយ​លក់​វា​ចេញ​នៅពេល​បន្ទាប់​។​

​ទោះបីជា​នេះ​ជាការ​ផ្តល់​រង្វាន់​ដ៏​ធំ​បំផុត​ក្នុង​កម្មវិធី​ទូរទស្សន៍​ក៏ដោយ ប៉ុន្តែ Oprah នៅតែ​ទទួលរង​នូវ​ការរិះគន់​ពី​បណ្តាសារ​ព័ត៌មាន​មួយចំនួន ដោយ​ចោទប្រកាន់ថា វា​ជា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដូច្នេះ អ្នកទទួលបាន​រថយន្ត​មិនគួរ​មាន​កាតា​ព្វ​កិច្ច​បង់ថ្លៃ​អ្វីៗ​ផ្សេងទៀត​នោះឡើយ​៕

Tag:
 Oprah Winfrey
© រក្សាសិទ្ធិដោយ thmeythmey.com