ជាតិ
បាក់ឌុប
វីដេអូ
តើ សុខ​ឃីម សិស្ស​ពិការភ្នែក​ទាំងសងខាង រៀន​ដូចម្ដេច​ទើប​ប្រឡង​ជាប់​និទ្ទេស D?
17, Sep 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ជា​សិស្ស​ពិការភ្នែក​ទាំងសងខាង យុវជន សូ សៀម​សុខ​ឃីម បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ទទួលបាន​និទ្ទេស D (​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​។ ដើម្បី​ប្រឡង​ជាប់ មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​យុវជន​ពិការភ្នែក សូ សៀម​សុខ​ឃីម ឡើយ សុខ​ឃីម ត្រូវ​ប្រឹងរៀន​ទ្វេដង​ពី​សិស្ស​ធម្មតា​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវជន សុខ​ឃីម ប្រាប់​ឲ្យ​ដឹងថា​៖ «​ក្នុង​មួយថ្ងៃ ខ្ញុំ​ត្រូវ​ចំណាយពេល​រៀន ៨​ម៉ោង គឺ​រៀន​នៅ​វិទ្យាល័យ​សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី និង​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ (​គ្រួសារ​ថ្មី​)​។ ជាពិសេស ត្រូវដាក់​កាលវិភាគ​សម្រាប់​រៀន​»​។



​ដើម្បី​ប្រឡង​ជាប់ និង​ទទួលបាន​លទ្ធផល​ល្អ សិស្សានុសិស្ស​ម្នាក់ៗ ត្រូវខិតខំ​ប្រឹងប្រែង​រៀន​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​រៀន​ដោយ​ខ្លួនឯង​។ សម្រាប់​យុវជន សូ សៀម​សុខ​ឃីម វិញ ដើម្បី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សុខ​ឃីម ត្រូវ​រៀបចំ​កាលវិភាគ​សម្រាប់​រៀន និង​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​នៅផ្ទះ​។ សុខ​ឃីម បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ទី​១ ខ្ញុំ​ដាក់​កាលវិភាគ​សម្រាប់​រៀន​, ទី​២ ប្រឹងប្រែង​រៀន និង​ទី​៣ ខ្ញុំ​ជា​សិស្ស​ពិការ ខ្ញុំ​ត្រូវតែ​ប្រឹង មួយ គុណ​នឹង​ពីរ​ជាមួយ​សិស្ស​ធម្មតា​»​។

​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​យុវជន សូ សៀម​សុខ​ឃីម សិស្ស​ពិការភ្នែក​ជាប់​និទ្ទេស D ដូចតទៅ​៖



​មិន​ខុសពី​សិស្សានុសិស្ស​មួយចំនួន​ដែល​ប្រឹងរៀន​ទាំងយប់ និង​ទាំង​ថ្ងៃ​នោះទេ សុខ​ឃីម ក្រៅពី​រៀន​នៅ​សាលា​ចំនួន ៨​ម៉ោង​ហើយ គឺ​សុខ​ឃីម បាន​យក​ពេលទំនេរ​នៅពេល​យប់ ដើម្បី​ទន្ទេញមេរៀន​ដូចជា​ភូមិវិទ្យា ប្រវត្តិវិទ្យា ឬ​សីលធម៌​ជាដើម​។ យុវជន សូ សៀម​សុខ​ឃីម បន្ថែមថា ក្នុង​ការរៀន​នេះ មាន​ផល​លំបាក ដែល​ត្រូវ​ផ្ចង់អារម្មណ៍​ស្ដាប់ និង​គិត​។ សិស្ស​ពិការភ្នែក​ទាំងសងខាង​វ័យ ២២​ឆ្នាំ​រូបនេះ អះអាងថា កត្តា​ដែល​ជំរុញ​ទឹក​ចិត្តធំ​បំផុត គឺ​គ្រួសារ​, មនុស្ស​ជុំវិញខ្លួន និង​បរិយាកាស​ខាងក្រៅ​។ 
អត្ថបទទាក់ទង

​សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)  ដែល​ប្រកាស​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ បាន​បង្ហាញថា  សិស្ស​ប្រឡង​ជាប់​មាន​ចំនួន ៧៩,០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២,៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥,៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤,១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦,២៣២ នាក់​៕

Tag:
 អប់រំ​
  សិស្ស​ពិការភ្នែក​
  ប្រឡង​
© រក្សាសិទ្ធិដោយ thmeythmey.com