ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស មិនមែន​ដើម្បី​ទៅ​ឲ្យ​ធ្វើ​ខ្ញុំគេ​ឡើយ​
17, Sep 2019 , 8:52 am        
រូបភាព
សម្តេច​ ហ៊ុន សែន ថ្លែងនា​ពេល​បើកកិច្ច​ប្រជុំបណ្តាប្រទេស CLMTV នៅខេត្ត​សៀមរាប។ រូបថត SPM
សម្តេច​ ហ៊ុន សែន ថ្លែងនា​ពេល​បើកកិច្ច​ប្រជុំបណ្តាប្រទេស CLMTV នៅខេត្ត​សៀមរាប។ រូបថត SPM
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន បាន​លើកឡើងថា ការបញ្ជូន​ពលករ​ឲ្យ​បម្រើការ​នៅក្រៅ​ប្រទេស​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល និង​បណ្តា​ប្រទេស​ដៃគូ​ទាំងអស់ មិនមែនជា​ការបញ្ជូន​ឲ្យ​ទៅធ្វើ​ខ្ញុំគេ ដូចជា​ការចោទប្រកាន់​មួយចំនួន​នោះឡើយ​។ ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ ការងារ​លើក​ទី​៥ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​)​។​



​ក្នុង​កិច្ចប្រជុំ​ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ សម្តេច​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​ដៃគូ​ទាំងអស់​ដើម្បី​ផ្តល់​ភាពស្របច្បាប់​សម្រាប់​ពល​ករ​។​

​ជាមួយគ្នានេះ សម្តេច បាន​បន្ថែមថា ការយកចិត្តទុកដាក់​ចល័តភាព​នៃ​រប​បស​ន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ជា​រឿង​សំខាន់បំផុត​មួយ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស ឬ​ពលករ​បរទេស​នៅ​កម្ពុជា ទទួល​បានការ​គាំពារ​ និងអត្ថប្រយោជន៍​ផ្សេងៗពី​សង្គម​ដូចៗ​គ្នា​។​

ការចល័ត​ពល​ករ​ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​អះអាងថា មិនមែន​ជារឿង​ថ្មី​នោះឡើយ ពោល​គឺ​មាន​ការពិភាក្សាគ្នា​ជាយូរណាស់មក​ហើយ ជាពិសេស​ក្នុងក្របខណ្ឌអាស៊ាន នៅ Cebu និង ម៉ានីល ជាដើម។ នៅតំបន់អាស៊ាន ព្រុយណេ សិង្ហបុរី និងម៉ាឡេស៊ី ជា​ប្រទេស​ដែល​ខ្វះ​កម្លាំង​ពលករ ហើយ​សម្តេច ហ៊ុន សែន បាន​កត់សម្គាល់ថា ក្នុង​ក្របខណ្ឌ​ប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​) ថៃ​ជា​ប្រទេស​ដែល​ទទួល​ពលករ​ពី​កម្ពុជា​ច្រើនជាងគេ ប៉ុន្តែ​ថៃ​ក៏​បញ្ជូន​ពលករ​របស់ខ្លួន​ទៅ​ក្រៅប្រទេស​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com