ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ច្រៀង​ពេល​ងូតទឹក​ឬ​អត់​? ហើយ​ធ្លាប់​គិត​ទេ ថា​វា​ល្អ​ចំពោះ​សុខភាព​បែបណាខ្លះ​?
17, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ស្មាន​ដល់​ទេ​ថា​ការ​ច្រៀង​ពេល​ងូតទឹក​ជាពិសេស​ក្នុងពេល​ព្រឹក​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​បាន​? ទោះបី​ជាការ​ច្រៀង​អាចធ្វើ​ឲ្យ​រំខាន​ដល់​មិត្ត​រួម​បន្ទប់ ឬ​សមាជិក​ក្នុងផ្ទះ​ក៏ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណា​ទម្លាប់​មួយ​នេះ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​! ថា​តើ​ការ​ច្រៀង​ពេល​ងូតទឹក​ល្អ​យ៉ាងណា​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​វិជ្ជមាន​ល្អៗ​នៃ​ការ​ច្រៀង​ពេល​ងូតទឹក​ចំពោះ​សុខភាព​រាងកាយ ៖

១. កាត់បន្ថយ​ស្ត្រេ​ស​

​នៅពេលដែល​អ្នក​ច្រៀង វា​ហាក់ដូចជា​អ្នក​កំពុង​ធ្វើ​លំ​ហាត់ប្រាណ​សួត​អញ្ចឹង​! អ្នក​ស្រូបយក​អុកស៊ីសែន​កាន់តែ​ច្រើនដង ហើយ​ជា​លទ្ធផល​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ក៏​ត្រូវបាន​កាត់បន្ថយ​។ ការ​ច្រៀង​ក៏​ជា​បច្ចេកទេស​ពេញនិយម​មួយ​ដែល​អ្នកឯកទេស​ព្យាបាល​បញ្ហា​ស្ត្រេ​ស​ណែ​នាំឱ្យ​អ្នកជំងឺ​អនុវត្ត​ដោយ​ការធ្វើ​បែបនេះ​តម្រូវឱ្យ​ផ្ដោត​សំខាន់​លើ​ការដក​ដង្ហើមវែងៗ​ជ្រៅៗ​។​

២. បញ្ចុះ​សម្ពាធ​ឈាម​

Cortisol ជា​អ័រម៉ូន​ដែល​ទាក់ទង​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស Cortisol កើនឡើង​ច្រើនពេក​ក្នុង​រាងកាយ​នោះ​វា​អាចធ្វើ​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ នៅពេល​ជាតិ​ស្ករ និង​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ខុសធម្មតា​វា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។ ដូច្នេះ​ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​ណាមួយ​កើតឡើង ចូរ​កាត់បន្ថយ​អ័រម៉ូន Cortisol តាមរយៈ​ការ​ច្រៀង​!

៣. បំបាត់​ការឈឺ​ខ្នង​

​នោះ​ក៏​ព្រោះតែ​ដើម្បី​ច្រៀង​អ្នក​ចាំបាច់​ត្រូវ​ឈរ​ត្រង់ សន្ធឹង​ក និង​សម្រាក​សាច់ដុំ​ស្មា​។ លើសពីនេះទៅទៀត​ការ​ច្រៀង​បង្ក​ភាព​ញ័រ​ពេញ​រាងកាយ​ទាំងមូល​ជាពិសេស​តំបន់​ឆ្អឹងខ្នង ហើយ​នេះ​ប្រៀបដូចជា​ផ្ដល់​ការ​ម៉ាស្សា​មួយ​ដល់​ខ្នង​អញ្ចឹង​។​

៤. ពង្រឹង​សាច់ដុំ​

​មាន​បច្ចេកទេស​មួយ​តែង​ត្រូវបាន​អនុវត្ត​ដោយ​អ្នកចម្រៀង​អាជីព​ដែល​ពួកគេ​ច្រៀង​ពី diaphragm (​ដ្យ៉ា​ហ្វ្រា​ម​)​។ ប្រសិនបើ​អ្នក​អាច​ធ្វើដូច្នេះបាន នោះ​អ្នក​អាចជួយ​ពង្រឹង​សាច់ដុំ​ខ្នង និង​ពោះ​បានដែរ​ហើយ​។​

៥. ជំរុញ​ការចងចាំ​

​ដើម្បី​ច្រៀង​ចម្រៀង​បាន​មួយ​បទ​អ្នក​ត្រូវ​ចាំ​ទំនុក​ចម្រៀង ឬ​ប៉ា​រ៉ូ​ល​។ វា​មិន​អី​ទេ​ប្រសិនបើ​ភ្លេច​ខ្លះៗ​នោះ ប៉ុន្តែ​តាមរយៈ​ការ​ច្រៀង​ជាប្រចាំ​អ្នក​អាច​ជំរុញ​ការចងចាំ​របស់​ខ្លួនឯង​បាន​! ការ​ច្រៀង​ជា​មធ្យោបាយ​មួយ​ហ្វឹកហាត់​ភាព​សកម្ម​នៃ​ខួរក្បាល​។​

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​

​ដោយសារ​កម្រិត​នៃ​អ័រម៉ូន cortisol ចុះ​ទាប​នោះ​អ្នក​នឹងមិន​ស្ត្រេ​ស​ឡើយ ហើយ​ភាពមិន​តានតឹង​ក្នុង​អារម្មណ៍​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ នៅពេល​សម្ពាធ​ឈាម​ចុះ​ទាប​វា​ធ្វើឱ្យ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ងាយស្រួល​ដំណើរការបាន​ប្រសើរ​ជាង​មុន​។​

៧. រក្សា​សុខភាព​បេះដូង​

​ការ​ច្រៀង​ប្រៀបដូចជា​លំ​ហាត់ប្រាណ​ដង្ហើម​ដ៏​ល្អ​បំផុត​មួយ​សម្រាប​រក្សា​សុខភាព​បេះដូង​។ នៅ​រាល់ពេល​ដកដង្ហើម​ចេញ ចង្វាក់បេះដូង​ថយចុះ​បញ្ជូន​សញ្ញា​ទៅកាន់​ខួរក្បាល​ថា​គ្រប់យ៉ាង​គឺ​ប្រសើរ​ហើយ​អ្នកនឹង​ចៀស​ផុតពី​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​។ លើសពីនេះទៅទៀត​ការ​ច្រៀង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com