អន្តរជាតិ
លោក ក្វៃ​ដូ ថា ការចរចា​ជាមួយ​រដ្ឋាភិបាល​ដែល​សម្របសម្រួល​ដោយ​ន័​រវេ​ស «​ចប់​ហើយ​»
17, Sep 2019 , 9:27 am        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​មេដឹកនាំ​ប្រឆាំង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក ហ័ន ក្វៃ​ដូ និយាយ​នៅ​ថ្ងៃទី​១៥​ខែកញ្ញា ថា ការចរចា​ជាមួយ​រដ្ឋបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​រៀបចំឡើង​ដោយ​ន័​រ​វ៉េ​ស​ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានបញ្ចប់​ហើយ​។ ការចរចា​នេះ បាន​ផ្អាក​អស់​៦​សប្ដាហ៍​មកហើយ បន្ទាប់ពី​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ មិន​ចូលរួម​។​



​កិច្ច​ជំនួប​រវាង​អ្នកតំណាង​ក្រុមប្រឆាំង និង​តំណាង​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ បានចាប់ផ្ដើម​នៅ​ទីក្រុង​អូ​ស្លូ ក្រោម​ការសម្របសម្រួល​របស់​ន័​រ​វ៉េ​ស​។ ក្រោយ​ការ​មក ការចរចា​ក៏​ធ្វើ​នៅ​កោះ​នៃ​តំបន់​កា​រ៉ា​អ៊ី​ប​វិញ​។ ប៉ុន្តែ​រដ្ឋាភិបាល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បានប្រកាស​ដកខ្លួន​ចេញពី​ការចរចា​ជាមួយ​ក្រុមប្រឆាំង​ដឹកនាំ​ដោយ​លោក ហ័ន ក្វៃ​ដូ នៅ​ខែមេសា ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​។

​លោក ហ្វ័​ន ក្វៃ​ដូ​បាន​រិះគន់ថា លោក ម៉ា​ឌុយ​រ៉ូ គ្មាន​បំណង​ដោះស្រាយ​បញ្ហា​ទេ គឺ​គ្រាន់តែ​ចង់​ពន្យារពេល​ប៉ុណ្ណោះ​។ លោក ក្វៃ​ដូ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ថា​៖ « របប​ផ្តាច់ការ ម៉ា​ឌុយ​រ៉ូ បាន​បោះបង់ចោល​ការជជែក​ផ្សះផ្សា​ជាមួយនឹង​លេស​ដែល​មិន​សមស្រប ក្រោយ​ពួកគេ​បដិសេធ​ជំនួប​ជាង ៤០​ថ្ងៃ​។ យើង​ប្រកាសថា ជំនួប​ចរចា​នេះ​ត្រូវ​បានបញ្ចប់​»​។​

​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក៏បាន​ថ្លែងអំណរគុណ​រដ្ឋ​អឺរ៉ុប​ន័​រ​វ៉េ​ស​ដែល​បាន​ជួយ​សម្រួល​ដល់​ដំណើរការ​កិច្ច​ជំនួប​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ជំហាន​បន្ទាប់​ទេ​។​    ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រុមប្រឆាំង​កំពុង​ត្រៀម​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ថ្មី​នៃ​ការតស៊ូ ដែល​នឹង​តម្រូវឱ្យមាន​ការប្តេជ្ញាចិត្ត​ខ្លាំង ការប្តេជ្ញាចិត្ត​ដើម្បី​លះបង់ និង​ការជឿជាក់​ពី​មនុស្ស​គ្រប់គ្នា​។​

​លោក ម៉ា​ឌុយ​រ៉ូ ដែល​បានចាត់ទុក​លោក ក្វៃ​ដូ ជា​អាយ៉ង​របស់​សហរដ្ឋអាមេរិក កំពុងកាន់​អំណាច​ពេញដៃ​ដដែល បើទោះបីជា​ប្រឈមមុខ​បញ្ហា​រឿង​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ​ក្ដី ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ យ៉ាងណាមិញ លោក​នៅតែ​ទទួលបាន​ការគាំទ្រ​ពី​យោធា​ក្នុងស្រុក​និង ពី​ប្រទេស​ចិន​និង រុស្ស៊ី ទើប​ធ្វើអោយ​កលោក​នៅ​បន្ត​ធ្វើជា​ប្រធានាធិបតី វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​មកទល់ពេលនេះ​។​

​ធ្លាប់ជា​ប្រទេស​អ្នកមាន​ដោយសារ​ធនធាន​រ៉ែ​ប្រេង​នេះ វ៉េ​ណេ​ស៊ុយ​អេ​ឡា បាន​ជួប​វិបត្តិ​សង្គម​រយ​:​ពេល​៥​ឆ្នាំ​មកហើយ​។ វិបត្តិ​នេះ​បានធ្វើអោយ​ប្រជាជន​ជួប​បញ្ហា​ជាច្រើន​ដូចជា កង្វះ​អាហារ កង្វះ​ថ្នាំពេទ្យ និង​កង្វះ​សេវាសាធារណ​:​។ ប្រជាជន​រាប់លាន​ក៏​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដើម្បី​ការរស់នៅ​ល្អប្រសើរ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com