អន្តរជាតិ
ថៃ ត្រៀម៤៩លានដុល្លារជួយគាំទ្រតម្លៃប្រេងក្នុងស្រុក ក្រោយហេតុការណ៍នៅអារ៉ាប៊ីសាអូឌីត ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
× ក្រសួងថាមពលថៃ មានគម្រោងប្រើលុយ ១,៥ពាន់លានបាត ឬស្មើនឹង ៤៩លានដុល្លារ ពីមូលនិធិប្រេងរដ្ឋ ដើម្បីជួយគាំទ្រតម្លៃប្រេងក្នុងស្រុក ដែលរំពឹងនឹងកើនឡើង១បាតក្នុងមួយលីត្រ នារយៈពេលខ្លី ។ ការត្រៀមលក្ខណៈជាមុននេះ ធ្វើឡើងបន្ទាប់ពីដ្រូនចំនួន ១០ បានបើកការវាយប្រហារលើទីតាំងចម្រាញ់ប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា ។
ផែនការនេះគឺជារបៀបវារៈបន្ទាន់មួយសម្រាប់ជំនួបរបស់គណៈកម្មាធិការគោលនយោបាយថាមពល នៅថ្ងៃអង្គារ ទី១៧ កញ្ញា ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីថាមពលថៃ Sontirat Sontijirawong ដែលនឹងធ្វើជាប្រធាននៃកិច្ចប្រជុំនេះ។
«ក្រសួង កំពុងតាមដានតម្លៃប្រេងសកល និងប៉ាន់ប្រមាណថា តើឥទ្ធិពលរបស់វានឹងមានរយៈខ្លីឬយ៉ាងណា»។ លោក Sontirat និយាយបែបនេះ ដោយបន្ថែមថា តម្លៃប្រេងឆៅ (Brent) កើនឡើង ១២ ភាគរយ ស្មើនឹង ៧១ ដុល្លារក្នុងមួយប៉ារែល នៅថ្ងៃព្រឹកចន្ទ ប៉ុន្តែតម្លៃធ្លាក់ចុះទៅវិញមក ៦៧ដុល្លារ នៅពេលរសៀល ។ លោករដ្ឋមន្ត្រី ចាត់ទុកជា «សញ្ញាល្អមួយ»។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Sontirat បញ្ជាក់ឲ្យដឹងថា ជាលទ្ធផល កំណើន៥ដុល្លារក្នុងតម្លៃប្រេងសកល បានដំឡើងថ្លៃ១បាតក្នុងមួយលីត្រ ក្នុងតម្លៃលក់រាយក្នុងស្រុក។ លោក សង្កត់ធ្ងន់ថា ផែនការ១,៥ពាន់លានបាតនេះ នឹងប្រើជាការជួយសម្រួលតម្លៃប្រេងសម្រាប់ប្រជាជនថៃ។
ក្រសួងថាមពលថៃ បានរាយការណ៍ថា មូលនិធិប្រេងរដ្ឋ ធ្លាប់បានផ្តល់លុយ ៣៩,៤ពាន់លានបាត ឬស្មើនឹងជាង ១,២៨ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងកំណើននៃតម្លៃប្រេងសកល។
ថៃ មានប្រេងឆៅបម្រុងទុកគ្រប់គ្រាន់សម្រាប់ ៥៤ថ្ងៃ ដែលសរុបស្មើនឹង ៣,៣៧ពាន់លានលីត្រ និង២៣ថ្ងៃសម្រាប់ឧស្ម័ន (LPG) សរុបស្មើនឹង ១៣១ លានគីឡូក្រាម។ថៃ នាំចូលប្រេងឆៅប្រមាណ ១លានប៉ារែលពីបរទេស ដែលក្នុងនោះ ១៧ម៉ឺនប៉ារែលក្នុងមួយថ្ងៃ ដឹកចេញពីអារ៉ាប៊ីសាអូឌីត ។ តួលេខនេះ ស្មើនឹង ១៦ភាគរយនៃប្រេងនាំចូលពីបរទេសសរុប។
សូមបញ្ជាក់ថា កាលពីថ្ងៃ ១៤ កញ្ញា ដ្រូនចំនួន១០ បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងសំខាន់ចំនួន ២ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមមាន Abqiaq និង Khurais ។ ក្រុមសកម្មប្រយុទ្ធ Houthi ក្នុងប្រទេសយេម៉ែន បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ភ្លាមៗក្រោយកើតហេតុការណ៍នេះ តម្លៃប្រេងឆៅ បានហក់ឡើង ២០ភាគរយ ក្រោយទីផ្សារប្រេងបើកទ្វារនៅយប់ថ្ងៃសៅរ៍ និងធ្លាក់ចុះទៅវិញ នៅថ្ងៃចន្ទ ទី១៦ កញ្ញា។
Abqaiq គឺជារោងចក្រចម្រាញ់ប្រេងធំបំផុតរបស់ពិភពលោក ដោយមានសមត្ថភាពផលិតប្រេង ៨,៤៥លានប៉ារែល ក្នុងមួយថ្ងៃ។ អារ៉ាប៊ីសាអូឌីត ប្រទេសនាំចេញធំបំផុតក្នុងពិភពលោក បានដឹកប្រេងចេញប្រមាណ ៩,៨លានប៉ារែលក្នុងមួយថ្ងៃ ដែលក្នុងនោះ ៥,៧លានប៉ារែល បានមកពីរោងចក្រចម្រាញ់ប្រេងដែលរងការវាយប្រហារទាំងពីរនេះ៕
Tag:
ថៃ
អារ៉ាប៊ីសាអូឌីត
ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com