ជាតិ
សំរាមបា្លស្ទិក៨៣កុងតឺន័រត្រូវបានដឹកចេញជាបន្តបន្ទាប់ ហើយក្រុមហ៊ុនបង់ពិន័យអស់ហើយ
× អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការដឹកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រទៅកាន់ប្រទេសដើមវិញ។ សំណល់ទាំងនោះ ត្រូវបានពិនិត្យឃើញនៅផែព្រះសីហនុ ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី១៦ កក្កដា ដែលនាំចូលពីសហរដ្ឋអាមេរិក និងកាដាណា ដោយក្រុមហ៊ុន Chungyuen Plastic Manufacture Co., Ltd។
សំណល់ប្លាស្ទិកទាំង៨៣កុងតឺន័រ មានបរិមាណសរុបជិត១៦០០តោន ដោយ៧០កុងតឺន័រនាំចូលពីសហរដ្ឋអាមេរិក និង១៣កុងតឺន័រ នាំចូលពីកាណាដា។ រដ្ឋាភិបាល បានដាក់កំហិតឲ្យក្រុមហ៊ុន Chungyuen នាំកាកសំណល់ប្លាស្ទិកចេញពីកម្ពុជា នៅត្រឹមថ្ងៃទី២៤ សីហា។ ជាមួយគ្នានេះក្រុមហ៊ុន រងពិន័យជាង១ពាន់លានរៀល ដែលស្មើជាង២៥ម៉ឺនដុល្លារអាមេរិក។
«ក្រុមហ៊ុន បានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន»។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបន្ថែមថា សំណល់១៤កុងតឺន័រត្រូវបានដឹកចេញកាលពីថ្ងៃទី២០ ខែសីហា ហើយក្រុមហ៊ុន Chungyuen បន្តដឹកចេញចំនួន៦៩កុងតឺន័រទៀត កាលពីថ្ងៃ១៥ ខែកញ្ញា។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រុមហ៊ុន Chungyuen បានបំពេញលក្ខខណ្ឌទាំងអស់ដែលបានសម្រេចដោយអាជ្ញាធរមានសមត្ថកិច្ចចប់សព្វគ្រប់៕
រូបភាពផ្តល់ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com