អន្តរជាតិ
លោក ត្រាំ ថា ពេលវេលា​មិនទាន់​សក្ដិសម​សំរាប់ធ្វើ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ឡើយ​
17, Sep 2019 , 3:11 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ថា បច្ចុប្បន្ននេះ ប្រហែលជា​ពេលដែល​មិន​សក្តិសម​សំរាប់​រូបលោក​ទៅ​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ទេ​។ ប៉ុន្តែ​លោក​នឹង​អាច​ទៅ​ព្យុងយ៉ាង​នៅពេល​ខាងមុខ​។​



«​ខ្ញុំ​គិតថា យើង​មិនទាន់​ត្រៀមខ្លួន​រួច​ទេ​»​។ នេះ​ជាស​ម្តី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រាប់​អ្នកកាសែត​នៅពេល​មាន​សំនួរ​ទាក់ទង​នឹង​កិច្ច​ជំនួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ព្យុងយ៉ាង​។ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម អញ្ជើញលោក ត្រាំ ឲ្យ​មក​ទស្សនកិច្ច​នៅ​ព្យុងយ៉ាង​ក្នុង​សារ​មួយ​កាលពី​ខែសីហា​។​

​លោក ត្រាំ បាន​បន្តថា ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង គឺមាន​ភាពល្អប្រសើរ ប៉ុន្តែ​វា​មិនមែនជា​ពេល​សាក​សម​សំរាប់​ទៅ​ទីនោះ​។ យ៉ាងណា លោក​នៅតែ​ចង់ទៅ​ជួប​លោក គីម ដល់ផ្ទះ​ដដែល​។  ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា​៖ « ខ្ញុំ​នឹង​ទៅ​ទីនេះ​នៅពេល​ខាងមុខ ហើយ​ផ្អែកលើ​ទំនាក់ទំនង​យើង ខ្ញុំ​គិតថា​លោក គីម ជុង​អ៊ុន​ក៏​ពេញចិត្ត​ក្នុងការ​មក​សហរដ្ឋអាមេរិក​ដែរ​»​។​

​កាសែត JoongAng Ilbo របស់​កូរ៉េខាងត្បូង ជា​អ្នក​ផ្សាយ​ពី​ព័ត៌មាន​លោក គីម អញ្ជើញលោក ត្រាំ ដោយ​ផ្អែកលើ​ព័ត៌មាន​ពី​ប្រភព​រដ្ឋាភិបាល​។ កន្លងទៅ លោក គីម និង​លោក ត្រាំ ក៏​សុទ្ធតែ​បាន​អញ្ជើញ​គ្នា​ទៅមក​ផងដែរ​។ វា​នឹង​ក្លាយជា​រឿង​ប្រវត្តិសាស្ត្រ​ថ្មី បើ​វា​កើតឡើង​មែន​នោះ​។

​លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​បី​ដង​រួចហើយ​។ លើកទីមួយ នៅ​សិង្ហ​បុរី​នៅ​ខែមិថុនា ឆ្នាំ​២០១៨, លើក​ទី​ពីរ នៅ​វៀតណាម​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ និង​លើក​ទី​បី នៅ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ នៅ​ខែមិថុនា ឆ្នាំ​២០១៩ ។

​ជំនួប​ទាំងបី​លើក​នេះ មិនមាន​លទ្ធផល​គាប់ប្រសើរ​ឡើយ ក្រៅពី​តែ​ការបន្ត​ឆន្ទៈ​ចរចា​នោះ​។ នា​ជំនួប​ចុងក្រោយ លោក ត្រាំ និង​លោក គីម បាន​ឯកភាពគ្នា​ចាប់ផ្ដើម​ការចរចា​មន្ត្រី​ក្រុមការងារ​ឡើងវិញ ដើម្បី​បន្ត​ការជជែក​លើ​ការរំសាយ​នុយក្លេអ៊ែរ ដែល​ព្រមព្រៀង​អំឡុង​ជំនួប​លើកទីមួយ​។ ប៉ុន្តែ គេ​មិនមាន​ឃើញ​មានការ​ជួបគ្នា​ឡើយ ខណៈដែល​កូរ៉េខាងជើង​បែរជា​បាញ់​មី​ស៊ី​ល​ផូង​ផាំង​ទៅទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com