អន្តរជាតិ
តៃវ៉ាន់ អស់មិត្តមួយទៀតហើយ បន្ទាប់ពីប្រជុំកោះសូលូម៉ុនទៅចាប់ចិន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsi Ing-wen (AFP)
× រដ្ឋាភិបាលតៃវ៉ាន់ កាត់ផ្តាច់ចំណងការទូតជាមួយប្រជុំកោះសូលូម៉ុន នៅថ្ងៃចន្ទទី ១៦ កញ្ញា ក្រោយដឹងថា ប្រជាជាតិក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ ងាកទៅទទួលស្គាល់ចិន។ ក្រុងតៃប៉ិ បានចោទរដ្ឋាភិបាលប៉េកាំងថា ប្រើ «ការទូតដុល្លារ» ដើម្បីទិញសម្ព័ន្ធមិត្តខ្លួនដែលនៅសេសសល់។
ការទទួលមិត្តថ្មីនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុងប៉េកាំង ខណៈខ្លួនត្រៀមលក្ខណៈរៀបចំខួប ៧០ ឆ្នាំនៃកំណើតសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី ១ តុលា ខាងមុខ។ សម្រាប់ការដោះដៃពីតៃវ៉ាន់ទៅចាប់ចិនពីសំណាក់ប្រជុំកោះសូលូម៉ុន បច្ចុប្បន្ន តៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តត្រឹម ១៦ ប្រទេសប៉ុណ្ណោះ ដែលសុទ្ធសឹងជាប្រទេសកោះតូចៗនិងក្រីក្រ នៅតំបន់អាហ្វ្រិក ប្រជុំកោះការ៉ាអ៊ីប និងប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu និយាយថា ក្រុងត៉ៃប៉ិ បានដឹងថា គណៈរដ្ឋមន្ត្រីនៃប្រជុំកោះសូលូម៉ុនរបស់នាយករដ្ឋមន្ត្រី Manasseh Sogavare បានសម្រេចចិត្តទទួលស្គាល់ក្រុងប៉េកាំងនៅថ្ងៃ ចន្ទ កន្លងទៅនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Wu បញ្ជាក់ថា រដ្ឋាភិបាល ប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រជុំកោះសូលូម៉ុន ដោយចូលជាធរមានភ្លាមៗតែម្តង។ មន្ត្រីការទូតតៃវ៉ាន់ នឹងត្រូវដកចេញពីទីក្រុង Honiara ហើយប្រេសិតសូលូម៉ូន នឹងរំពឹងថាធ្វើដូចគ្នា។
ដោយចង្អុលមុខប៉េកាំងចំៗ លោករដ្ឋមន្ត្រី Wu លើកឡើងថា រដ្ឋាភិបាលចិន ម្តងហើយម្តងទៀត ប្រើប្រាស់ការទូតដុល្លារ និងការសន្យាខ្យល់ដោយថាផ្តល់ជំនួយបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តអ្នកនយោបាយមួយក្តាប់តូច។
ទន្ទឹមនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsi Ing-wen និយាយថា លោលស្រីមានអារម្មណ៍សោកស្តាយជាខ្លាំង និងថ្កោលទោសចំពោះការសម្រេចចិត្តនេះ ខណៈទីក្រុងប៉េកាំងបានចេញមុខសាទរចំពោះទង្វើនេះ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស Hua Chunying រដ្ឋាភិបាលចិន ស្វាគមន៍ប្រជុំកោះសូលូម៉ុន ក្នុងការឆក់យកឱកាសជាប្រវត្តិសាស្ត្រមួយនេះ៕
Tag:
តៃវ៉ាន់
ចិន
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com