ជាតិ
នយោបាយជាតិ
អាជ្ញាធរ បន្តតាមចាប់អ្នកត្រៀមទទួលលោក សម រង្ស៊ី រូបពី AFP
× មានអ្នកគាំទ្រមួយចំនួនហើយនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនខ្លួន ហើយអ្នកផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនផងដែរ ដោយសារតែពួកគេ ប្រមូលផ្តុំគ្នានិងបង្ហាញឆន្ទៈត្រៀមទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ភាគីបក្សកាន់អំណាច ផ្ញើសារទៅអ្នកគាំទ្រខាងប្រឆាំងថា ពួកគេ នឹងត្រូវចាប់ខ្លួនជាបន្តបន្ទាប់ ឲ្យតែដឹងថា ពួកគេ ប្រមូលផ្តុំគ្នាចាំទទួលមេកើយរបស់ពួកគេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ថា ការចាប់អ្នកគាំទ្រនៃអតីតគណបក្សប្រឆាំង «នៅតែបន្ត» បើអំពើល្មើសច្បាប់ នៅតែមាន។ លោក បកស្រាយដូច្នេះថា៖«មិនបាច់ឆ្ងល់ទេ ការប្រជុំគ្នា ដើម្បីរៀបចំផែនការទទួលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ គឺជាបទល្មើស ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះហើយ គឺចាប់អត់ខុសទេ»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានមន្ត្រីនិងសកម្មជន៦នាក់នៃអតីតគណបក្សប្រឆាំង ត្រូវចាប់ខ្លួន។ អ្នកទាំងនោះ គឺ លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន កញ្ញា យូ ចាន់ធានី លោក លី ម៉េងឃាង លោក លី លីន និង លោក ឈុន ថៃយុទ្ធ។
អតីតគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេសមក ដោយបានថ្តោលទោសរដ្ឋាភិបាលកម្ពុជា។ សេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែកញ្ញា បានសរសេរថា៖«ការចាប់និងឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិខាងលើ គឺជាទង្វើរំលោភបំពានយ៉ាងកម្រោលលើច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា......»។
អតីតគណបក្សប្រឆាំង ទាមទារឲ្យអាជ្ញាធរ ដោះលែងអ្នកទាំងនោះវិញ ព្រមទាំងអ្នកទោសនយោបាយផ្សេងទៀត ហើយបានស្នើទៅសហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធឲ្យកាន់តែខ្លាំង ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា។
តាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមដដែល លោក សុខ ឥសាន ប្រាប់អ្នកកាសែតថា ការចាប់សកម្មជនទាំង៦នាក់នោះ មិនមែនជាការចាប់ចុងក្រោយឬជាចុងបញ្ចប់នោះទេ។ លោក សរសេរនៅថ្ងៃទី១៦ ខែកញ្ញា ថា៖«បើក្រីក្រហើយ កុំភ្លើតភ្លើន ដើរតាមឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់។ ក្រុមឧទ្ទាម គ្មានលទ្ធភាពអ្វីជួយដោះស្រាយទេ»។
ទន្ទឹមនេះ មានការបែកធ្លាយសំឡេងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្គាប់ទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យដាក់កម្លាំងឃ្លាំមើលអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមវត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបារម្ភថា ពួកគេ យកលេសនៃការទៅវត្ត ដើម្បីជួបជុំគ្នា ហើយលួចជជែកគ្នាពីផែនការខ្មៅងងឹត។ រដ្ឋមន្ត្រីមហាផ្ទៃ ដែលមានសិទ្ធិអំណាចមើលការខុសត្រូវលើអភិបាលរាជធានី-ខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ បានដាក់បញ្ជាថា៖«សូមនាំគ្នាចាត់ចែង»។
លោក សុខ ឥសាន បន្តនិយាយតាមបណ្តាញទំនាក់ទំនងតេឡេក្រាមអំពីសំឡេងរបស់សម្តេច ស ខេង ថា មេដឹកនាំក្រុមប្រឆាំង លួចដាក់ផែនការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឲ្យសកម្មជន ធ្វើសកម្មភាពទុច្ចរិត ដែលជាហេតុឲ្យសមត្ថកិច្ច ត្រូវចាត់វិធានការទប់ស្កាត់។ លោក សង្កត់ធ្ងន់ថា៖«តួនាទីភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជារឿងធម្មតា»។
កាលពីប៉ុន្មានខែមុន មានអ្នកគាំទ្រខាងប្រឆាំងមិនតិចជាង១០០នាក់នោះទេ ដែលត្រូវបានសមត្ថកិច្ច និង តុលាការហៅទៅសួរនាំ ពាក់ព័ន្ធនឹងការជួបជុំគ្នា។
ក្រៅពីនេះ នៅមានយុវជន២នាក់ទៀត ត្រូវបានចាប់ខ្លួន គឺ យុវជន គង់ រ៉ៃយ៉ា ត្រូវបានចាប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែអំពាវនាវលក់អាវយឺត ដែលមានរូបនិងទ្រឹស្តីរបស់បណ្ឌិត កែម ឡី ហើយយុវជន សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន ដោយសារតែផ្សព្វផ្សាយខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដែលជាថ្ងៃរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។ បច្ចុប្បន្ន អ្នកទាំង២ កំពុងជាប់ឃុំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំសំខាន់មួយ ដើម្បីពិភាក្សាពីរឿងវិលត្រឡប់របស់លោក សម រង្សី។ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំនេះ ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ សម្រេចប្រគល់ភារកិច្ចឲ្យថ្នាក់ដឹកនាំរបស់ខ្លួនគ្រប់លំដាប់ថ្នាក់ ទាំងនៅក្រៅប្រទេសនិងនៅក្នុងស្រុក ដើម្បីអនុវត្តផែនការនៃការធ្វើមាតុភូមិនិវត្ត។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អតីតគណបក្សប្រឆាំង បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស វិលត្រឡប់មកកម្ពុជាជាមួយថ្នាក់ដឹកនាំប្រឆាំង ដើម្បីរួមកម្លាំងគ្នាផ្លាស់ប្តូរ។ អតីតគណបក្សប្រឆាំង ប្រកាសថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី នឹងហោះពីបារាំង ចូលទៅតំបន់អាស៊ីសិន មុននឹងឈានជើងចូលទឹកដីកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលរួមទាំងនគរបាល យោធា និង កងរាជអាវុធហត្ថ ប្រកាសថា បានត្រៀមលក្ខណៈរួចហើយ ដើម្បីចាំចាប់លោក សម រង្សី និង បក្សពួក ដែលមានឈ្មោះក្នុងដីការចាប់ខ្លួនរបស់តុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com