ជាតិ
សម្ដេច ហ៊ុន សែន​៖ បើ​ថៃ​បណ្ដេញ​ពលករ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​ចេញ នោះ​សេដ្ឋកិច្ច​ថៃ​នឹង​ធ្លាក់ចុះ​
17, Sep 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ បើ​ថៃ​បណ្ដេញ​ពលករ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​ចេញ នោះ​សេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់ចុះ ព្រោះតែ​ខ្វះ​កម្លាំង​ពលកម្ម​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ ការងារ​លើក​ទី​៥ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស CLMTV ( កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​)​។​



​សម្ដេច ហ៊ុន សែន បាន​និយាយថា ក្នុងចំណោម​ក្របខណ្ឌ​ប្រទេស​ទាំង​៥​នេះ គឺ​មានតែ​ប្រទេស​ថៃ​ទេ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ខ្ពស់​ជាងគេ ដូច្នេះ​បើសិន​ក្នុងករណី​បណ្ដេញ​ពលករ​ចេញ នោះ​សេដ្ឋកិច្ច​ថៃ​ក៏​មិនល្អ​នោះដែរ​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​ប្រទេស​ថៃ រួមទាំង​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ស្វះស្វែង​សម្របសម្រួល​ភាពស្របច្បាប់​នៃ​ពលករ ដើម្បី​បញ្ចៀស​ការកេងប្រវ័ញ្ច និង​ងាយស្រួល​ដល់​ម្ចាស់ផ្ទះ គ្រប់គ្រង​លើ​ពលករ​។​




​ក្នុង​កិច្ចប្រជុំ​ក្រោម​ប្រធានបទ «​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​ថៃ​គឺជា​ប្រទេស​ដែល​ទទួលយក​ពលករ​ចេញពី​កម្ពុជា ចេញ​មី​យ៉ាន់​ម៉ា និង​ចេញពី​ឡាវ ដោយសារ​នៅ​ទីនោះ​មានការ​ងារ​។ ហើយ​រឿងនេះ មាន​ចំណងទាក់ទង​គ្នា សូម​កុំភ្លេចថា បើសិនជា​ឧទាហរណ៍​ថា ប្រទេស​ថៃ​បណ្ដេញ​នូវ​ពលករ​ប្រទេស​ទាំង​៣​នេះ​ចេញ សេដ្ឋកិច្ច​ថៃ​អាច​ធ្លាក់ចុះ​តែម្ដង ដោយសារតែ​ពុំមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ។ នៅក្នុង​(​បញ្ហា​ពលករ​)​ហ្នឹង បានជា​យើង​តែងតែ​ស្វះស្វែងរ​កនូវ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា មិនថាតែ​កម្ពុជា​ទេ តាម​ខ្ញុំ​ដឹង ទាំង​មី​យ៉ាន់​ម៉ា ទាំង​ឡាវ គឺ​សុទ្ធតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថៃ ពី​ស្ថានភាព​ពលករ​មិន​ស្របច្បាប់​ឱ្យទៅជា​ពលករ​ស្របច្បាប់​»​។​

អត្ថបទទាក់ទង

​កន្លងមក​រដ្ឋាភិបាល​ថៃ បាន​ចាប់បញ្ជូន​ពលករ​ចេញ​ជា​បន្តបន្ទាប់ តាមរយៈ​ការអនុវត្ត​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១៧ ។ ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹងរឹង​នេះ មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​។ បញ្ញត្តិ​ថ្មី​នេះ​ចែងថា​ជនជាតិ​ថៃ​ដែល​ជួល​ពលករ​បរទេស​ខុសច្បាប់ ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​សម្រាប់​ពលករ​បរ​ទេស​ម្នាក់ ចំណែក​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អាច​រង​ពិន័យ​ដល់​ទៅជិត​៣​ពាន់​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ​។​

​ការចេញ​បញ្ញត្តិ​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​នេះ គឺជា​ការពង្រឹង​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ក្រោយ​ចេញ​ច្បាប់​នេះ ពលករ​ខុសច្បាប់​ទាំងអស់ ត្រូវបាន​កំណត់ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​សិន ដើម្បី​រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ សឹម​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​។​

​យោងតាម​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ពលករ​បរទេស​នេះ ភាគី​កម្ពុជា​-​ថៃ បានផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ជាង ១​លាន ៧​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ពលករ​ខ្មែរ​បានទទួល​ការបញ្ជាក់​អត្តសញ្ញាណ​បណ្ណស៊ី​ជម្ពូ (​បណ្ណ​មិនមែន​សញ្ជាតិ​ថៃ​) ជាង ៤០​ម៉ឺន​នាក់ និង​ជាង ៦០​ម៉ឺន​នាក់ សម្រួល​ឯកសារ និង​ផ្ដល់​ភាពស្របច្បាប់​តាមរយៈ MoU​។ នេះ​បើតាម​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​កន្លងមក​៕


Tag:
 ​ហ៊ុន សែន​
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com