អន្តរជាតិ
លោក ត្រាំ ថា មិនចង់ធ្វើសង្គ្រាមឡើយ ទោះចោទអ៊ីរ៉ង់នៅពីក្រោយហេតុការណ៍នៅអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, រូបភាព (Reuters)
× ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី១៦ ខែកញ្ញានេះថា អ៊ីរ៉ង់គឺដូចជាអ្នកនៅពីក្រោយការវាយប្រហារអ៊ីចឹង។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា អាមេរិកមិនចង់ធ្វើសង្គ្រាមទេ។ ការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតនេះ បានធ្វើឲ្យតម្លៃប្រេងកំពុងតែឡើងថ្លៃ និងបង្កជាការបារម្ភនៃការកើតឡើងជម្លោះថ្មីមួយទៀតនៅមជ្ឈិមបូព៌ា។
បន្ទាប់ពីមានការវាយប្រហារលើរោងចក្រផលិតប្រេងរបស់ក្រុមហ៊ុន Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ទីក្រុងវ៉ាស៊ីនតោនបានចេញប្រតិកម្មភ្លាមៗរិះគន់ទៅលើការវាយប្រហារ និងបានចោទថាទីក្រុងតេហេរ៉ង់ថាជាអ្នកនៅពីក្រោយខ្នងក្រុមឧទ្ទាមហ៊ូធី។ បន្ថែមពីលើនេះទៅ អាមេរិកបានបញ្ជាក់ថា ខ្លួននឹងស៊ើបអង្កេតលើសំណុំរឿងមួយនេះ ថាតើនរណាជាអ្នកនៅពីក្រោយ។
ប៉ុន្តែអ៊ីរ៉ង់បានចេញមុខបដិសេធលើការចោទប្រកាន់របស់អាមេរិក ហើយអះអាងថា វាគឺជារឿងរបស់ក្រុមឧទ្ទាមហ៊ូធី ក្នុងគោលបំណងសងសឹកទៅលើអារ៉ាប៊ីសាអូឌីត ដែលបានធ្វើសង្គ្រាមនៅក្នុងប្រទេសយេម៉ែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
ទោះជាចង្អុលមុខអ៊ីរ៉ង់ ហើយត្រៀមខ្លួនវាយបករួចហើយក្ដី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចង់ធ្វើសង្ក្រាមឡើយ។ ក្នុងន័យនេះ លោកចង់សំដៅដល់ ការមិនចង់ធ្វើសង្គ្រាមពាក់ព័ន្ធនឹងការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ដែលក្រុមឧទ្ទាមហ៊ូធីបានប្រកាសថាជាស្នាដៃខ្លួន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានអះអាងថា ទោះមានច្រើនជម្រើសក្នុងឆ្លើយតបក្ដី អាមេរិកមិនប្រញាប់ទេ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិន។
បន្ថែមពីថ្នាក់ក្រោម ប្រធានាធិបតីអ៊ីរ៉ង់ ក៏ចេញបដិសេធជាថ្មីពាក់ព័ន្ធរឿងនេះ។ ប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចនៅតួកគី លោក ហាសាន់ រូហានី និយាយក្នុងន័យរុញកំហុសលើយេម៉ែនថា៖ «ប្រជាជនយេម៉ែនកំពុងអនុវត្តសិទ្ធិស្របច្បាប់ ដើម្បីការពារខ្លួន»។
ជុំវិញរឿងនេះ អារ៉ាប៊ីសាអូឌីតបានកត់សម្គាល់ថា ការវាយប្រហារគឺ ធ្វើដោយអាវុធរបស់អ៊ីរ៉ង់ និងជំរុញឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ។ រជ្ជទាយាទ Mohammed bin Salman បានចង្អុលចំៗតែម្តងថា ការគំរាមកំហែងរបស់អ៊ីរ៉ង់ មិនត្រឹមតែអារ៉ាប៊ីសាអូឌីតនោះទេ តែប្រឆាំងនឹងមជ្ឈិមបូព៌ា និងពិភពលោកទាំងមូល។
នរណាពីក្រោយការវាយប្រហារដោយយន្តហោះបញ្ជានេះ នៅតែជារឿងស្រពេចស្រពិល។ អ្នកតំណាងអង្គការសហប្រជាជាតិនៅយេម៉ែន លោក Martin Griffiths នៅថ្ងៃទី១៦ ខែកញ្ញា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វាដូចជាមិនច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ លោកព្រមានថា វិបត្តិនេះ នឹងធ្វើឲ្យបញ្ហាជម្លោះនៅក្នុងតំបន់កាន់តែកើនឡើង។ រុស្ស៊ី និងចិនវិញបានអំពាវនាវកុំឲ្យមានការសន្និដ្ឋាន និងរិះគន់លឿនពេកទៅលើប្រទេសណាមួយ ដែលបានវាយប្រហារអារ៉ាប៊ីសាអូឌីត។
ជាការពិត វាមានសំនួរជាច្រើនបានលេចឡើងទៅលើការវាយប្រហារ ព្រោះដូចដែលយើងបានដឹងរួចមកហើយថា អារ៉ាប៊ីសាអូឌីតបានទិញអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសទិញពីអាមេរិក ប៉ុន្តែនៅតែមិនអាចទប់ស្កាត់ការវាយប្រហាររោងចក្រផលិតប្រេងបាន។
សូមបញ្ជាក់ថា វិបត្តិលើកនេះ បានកាត់បន្ថយផលិតកម្មប្រេងឆៅនៅលើពិភពលោក ៥ភាគរយ និងធ្វើឲ្យតម្លៃប្រេងកើនឡើងរហូតដល់ ១៩ភាគរយ។ តាមតួលេខនេះ គឺវាខ្ពស់ជាងពេលណាៗទាំងអស់ ចាប់តាំងពីវិបត្តិឆ្នាំ ១៩៩០-១៩៩១ នៅពេលដែលអ៊ីរាក់ចូលឈ្លានពានប្រទេសកូវ៉ែត៕
Tag:
អាមេរិក
យេម៉ែន
អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com