អន្តរជាតិ
បោះឆ្នោត​អ៊ីស្រាអែល​៖ លោក ណេ​តាន់​យ៉ា​ហ៊ូ ត្រូវការ​ឈ្នះ​ដើម្បី​បន្តជីវិត​នយោបាយ​
17, Sep 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងគូប្រជែង បេននី ហ្កាន់ ។ (រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងគូប្រជែង បេននី ហ្កាន់ ។ (រូបភាព AFP
​ប្រជាជន​អ៊ីស្រាអែល នៅ​ថ្ងៃទី​១៧ ខែកញ្ញា​នេះ នាំគ្នា​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ក្នុងការ​បោះឆ្នោត​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​៥​ខែ​។ ការបោះឆ្នោត​នេះ ជាការ​កំណត់​អនាគត​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក្នុង​ការបន្ត​កាន់តំណែង​នាយករដ្ឋមន្ត្រី​បន្តទៀត ឬក៏​ប្រជាជន​អ៊ីស្រាអែល​នាំគ្នា​បោះឆ្នោត​គាំទ្រ​អតីត​ឧ​ត្ត​ម​សេនីយ៍ បេន​នី ហ្កា​ន់ ឲ្យ​ដឹកនាំ​ប្រទេស​វិញ​ម្ដង​។ លោក ណេ​តាន់​យ៉ា​ហ៊ូ ត្រូវការ​ជ័យជម្នះ​ខ្លាំង ព្រោះ​កំពុង​ចោមរោម​ដោយ​រឿងអាស្រូវ​ពុករលួយ​។​



​ការិយាល័យ​បោះឆ្នោត បាន​បើក​នៅ​ម៉ោង​៧​ព្រឹក (​ម៉ោង​អ៊ីស្រាអែល​) និង​បិទ​វិញ​នៅ​ម៉ោង​១០​យប់ (​ម៉ោង​អ៊ីស្រាអែល​) នៅ​ថ្ងៃទី​១៧ ខែកញ្ញា​។ ប្រជាជន​អ៊ីស្រាអែល​ចំនួន​ជាង​៦,៤​លាន​នាក់ នឹង​បោះឆ្នោត​ជ្រើសរើស​រវាង​ការបន្ត​ឲ្យ​លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត ឬក៏​ផ្ដល់ឱកាស​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ បេន​នី ហ្កា​ន់ ដឹកនាំ​ប្រទេស​វិញ​ម្ដង​។ នេះ​ជាការ​បោះឆ្នោត​លើក​ទី​ពីរ​ក្នុង​រយៈពេល​៥​ខែ​។

​កាលពី​ការបោះឆ្នោត​ខែមេសា គណបក្ស​លី​ឃូ​ដ (Likud) របស់លោក ណេ​តាន់​យ៉ា​ហ៊ូ និង​សម្ព័ន្ធមិត្ត​ទទួល​សំឡេង​ច្រើនជាងគេ​ក្នុង​សភា​ដែលមាន​កៅអី​១២០ ប៉ុន្តែ​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​។ លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏​សម្រេចចិត្ត​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​ពីរ​នៅ​ខែកញ្ញា​នេះ ជាជាង​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អ៊ីស្រាអែល តែងតាំង​បេក្ខជន​ផ្សេង​ឲ្យ​រៀបចំ​រដ្ឋាភិបាល​។ វត្តមាន​លោក ហ្កា​ន់ ដែលជា​អតីត​មេទ័ព ធ្វើ​ឲ្យ​លោក ណេ​តាន់​យ៉ា​ហ៊ូ ជួប​ដៃគូ​ដ៏​ខ្លាំងក្លា​មួយ​។​

​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត នឹង​ចេញ​នៅក្រោយ​ការបិទ​ការិយាល័យ ហើយ​លទ្ធផល​ផ្លូវការ នឹង​ដឹង​នៅ​មួយថ្ងៃ​បន្ទាប់​។ បើតាម​ការស្ទង់មតិ​មុន​ការបោះឆ្នោត ការបោះឆ្នោត​ថ្ងៃទី​១៧ ខែកញ្ញា​នេះ នឹង​ក្លាយ​ជាការ​ប្រជែង​ដ៏​ខ្លាំងក្លា​រវាង​បក្ស​កាន់អំណាច និង​សម្ព័ន្ធភាព​ស​-​ខៀវ​របស់លោក ហ្កា​ន់ ។ លទ្ធ​ស្ទាបស្ទង់​បង្ហាញថា សម្ព័ន្ធភាព​កាន់អំណាច​ទទួល​៣២​កៅអី ហើយ​សម្ព័ន្ធភាព​របស់​លោក ហ្កា​ន់ ទទួល​៣២​កៅអី​ដូចគ្នា​។ អតីតរដ្ឋមន្ត្រី​ការពារជាតិ Avigdor Lieberman អាចជា​កូនជញ្ជីង​កំណត់​ចាញ់ឈ្នះ​។

​ការបោះឆ្នោត​លើក​នេះ ជា​រឿង​សំខាន់​សម្រាប់​លោក ណេ​តាន់​យ៉ា​ហ៊ូ ជា​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ​របស់​អ៊ីស្រាអែល​។ លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ក្មេង​ជាងគេ​របស់​អ៊ីស្រាអែល​នៅ​អាយុ​ត្រឹម​៤៦​ឆ្នាំ តែ​ក៏​របូត​កៅអី​វិញ​នៅ​ឆ្នាំ​១៩៩៩ ។ នៅ​ឆ្នាំ​២០០៩ លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏​ក្លាយជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត ហើយ​កាន់អំណាច​ទល់​សព្វថ្ងៃ​។​

​ប្រសិន​ទទួល​ជ័យជម្នះ​លើក​នេះ គេ​ជឿថា ណេ​តាន់​យ៉ា​ហ៊ូ អាច​នឹង​ស្វែង​ការការពារ​ដោយ​អភ័យឯកសិទ្ធិ ខណៈ​លោក​កំពុង​ប្រឈមមុខ​សំណុំរឿង​ពុករលួយ​។ រដ្ឋអាជ្ញា​អ៊ីស្រាអែល និយាយថា លោក​មានបំណង​ចោទប្រកាន់​លោក ណេ​តាន់​យ៉ា​ហ៊ូ ពីបទ​កេង​បន្លំ ទទួល​សំណូក និង​បំពាន​សេចក្ដីទុកចិត្ត​។ សវនាការ​នេះ នឹងធ្វើ​ឡើង​ក្រោយ​បោះឆ្នោត មុននឹង​ការសម្រេចចិត្ត​ចុងក្រោយ​៕

Tag:
 ​អ៊ីស្រាអែល​
  បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com