FIFA
កីឡាជាតិ
ជាតិ
ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កែលម្អ​កន្លែង​អង្គុយ និង​អំពូល​ភ្លើង​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ​
17, Sep 2019 , 9:39 pm        
រូបភាព
ដោយ:
​ចាប់ពី​ឆ្នាំ​២០២០​តទៅ ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ប្រែ​មុខមាត់​ទៅជា​កីឡដ្ឋាន​កម្រិតស្តង់ដារ​អន្តរជាតិ ដែល​ទទួលស្គាល់​គុណភាព​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​។ ដើម្បី​អភិវឌ្ឍន៍​ឱ្យ​ស្របតាម​ស្ដង់ដារ​អន្តរជាតិ​នេះ សហព័ន្ធ​នឹង​កែលម្អ​កន្លែង​អង្គុយ​របស់​ទស្សនិកជន គ្រូបង្វឹក និង​អាជ្ញាកណ្តាល រួមទាំង​អំពូល​ភ្លើង​បំភ្លឺ​ទីលាន​។



​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់ថា សហព័ន្ធ​តាមរយៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹងដាក់​សំណើរ​សុំ​ថវិកា​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​កែលម្អ​គុណភាព​កន្លែង​អង្គុយ​និង​អំពូល​ភ្លើង​បំភ្លឺ​ទីលាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ឲ្យ​មាន​គុណភាព​ស្តង់ដា​អន្តរជាតិ​។ តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ទឹកប្រាក់​ក្នុង​សំណើរ ដែល​គ្រោង​ដាក់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ​។

​គម្រោង​ជួសជុល​កែលម្អ​ឡើងវិញ​នេះ ធ្វើឡើង​ក្រោយ​មាន​សំណើរ​ឲ្យ​កែលម្អ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​។ ការគ្រោង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ជា​ហេតុផល​មួយ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត ដែល​បាន​បន្ថែមថា បើសិន​គ្មាន​ការជួសជុល​កែលម្អ​ទេ ចាប់ពី​ឆ្នាំ​២០២០ FIFA និង AFC មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​លក់​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​ផ្លូវការ ដែល​រៀបចំ​ដោយ​ពួកគេ​ឡើយ​។ លោក សារ៉េត បាន​សង្កត់ធ្ងន់ថា បើ​កម្ពុជា​នៅតែ​រឹងរូស​លក់​សំបុត្រ​ឲ្យ​ទស្សនិកជន​នៅ​កន្លែង​គ្មាន​កៅអីអង្គុយ អាច​រង​ការពិន័យ​ពី FIFA និង AFC​។

«​បើតាម​លក្ខខណ្ឌ គឺ​តំបន់​ក្នុង​កីឡដ្ឋាន​ដែល​គ្មាន​កៅអីអង្គុយ​ត្រឹមត្រូវ គឺ FIFA និង AFC មិន​អនុញ្ញាតឱ្យ​លក់​សំបុត្រ​ឱ្យ​ទស្សនិកជន​ចូល​មើល​ការប្រកួត​ឡើយ​។ ដូច្នេះ​ក្នុងស្ថានភាព​ដែល​កម្ពុជា​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន សហព័ន្ធ​បានស្នើ​សុំ​លក់​សំបុត្រ ដើម្បី​ឲ្យ​បងប្អូន​អាច​ចូល​ទស្សនា​គាំទ្រ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ។​

​ទោះបី​គ្មាន​ការជួសជុល ឬ​បំពាក់​កៅអីអង្គុយ​នៅ​កន្លែង​គ្មាន​កៅអី​ក៏ដោយ ក៏​កម្ពុជា​នៅតែ​អាច​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ផ្លូវការ​បាន​ដដែល គ្រាន់តែ​មិន​អនុញ្ញាត​ឲ្យ​លក់​សំបុត្រ​សម្រាប់​កន្លែង​គ្មាន​កៅអីអង្គុយ​ប៉ុណ្ណោះ​។ 

​គម្រោង​ដាក់សំណើរ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។ ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ពិភាក្សា​ពី​រចនាសម្ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​រប​ស់ FFC និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីលាន​បាល់ទាត់​នៅតាម​រាជធានី​ខេត្ត ដែល​កំពុង​សាងសង់​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  ពហុ​កីឡដ្ឋាន​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com