អន្តរជាតិ
ឌឺអាមេរិក? លោក ពូទីន ថា អារ៉ាប៊ីសាអូឌីតគួរតែទិញខែលការពារមីស៊ីលពីរុស្ស៊ី ប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននៅថ្ងៃទី១៦ ខែកញ្ញា បានផ្តល់សំណើឲ្យអារ៉ាប៊ីសាអូឌីតទិញប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន ដើម្បីការពារហេដ្ឋារចនាសម្ពន្ធ និងប្រជាជន។ ការលើកឡើងរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារលើរោចក្រផលិតប្រេង។
ការលើកឡើងរបស់ប្រធានាធិបតីរបស់រុស្សីបែបនេះ គឺធ្វើឡើងនៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី Hassan Rouhani និងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ប៉ុន្មានថ្ងៃក្រោយការវាយប្រហារទៅលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ទំនងចង់ឌឺដងផ្លែផ្កាឲ្យអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត លោក ពូទីន ប្រាប់ក្រុងរីយ៉ាដឲ្យប្រើប្រាស់ប្រព័ន្ធការពាររបស់រុស្ស៊ី។
«យើងរួចរាល់ក្នុងការជួយអារ៉ាប៊ីសាអូឌីតការពារប្រជាជនរបស់ពួកគេ»។ នេះជាសម្តីរបស់លោក ពូទីនបន្ទាប់ពីមានជំនួបត្រីភាគីរវាង រុស្ស៊ី អ៊ីរ៉ង់ និងតួកគី នៅទីក្រុងអង់ការ៉ា។ ក្នុងន័យនេះ ប្រធានាធិបតីរុស្សីវ័យ ៦៦ឆ្នាំ បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតត្រូវតែឆ្លាតដូចអ៊ីរ៉ង់ ដែលទិញប្រព័ន្ធខែលការពារមីស៊ីល S-300 និងតួកគីដែលបានសម្រេចចិត្តទិញប្រព័ន្ធខែលការពារមីស៊ីល S-400។ សម្រាប់មូលហេតុត្រូវទិញប្រព័ន្ធខែលការពារនេះ ព្រោះពួកវាមានសមត្ថភាពការពារហេដ្ឋារចនាសម្ពន្ធគ្រប់ទាំងអស់របស់អារ៉ាប៊ីសាអូឌីតពីការវាយប្រហារផ្សេងៗ។ នេះបើតាមសារព័ត៌មាន Politico ។
ជាការពិតរុស្ស៊ី ឈរនៅចំណាត់ថ្នាក់ទី៣ នៃប្រទេសផលិតប្រេងបន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត។ បានសេចក្តីថា នៅពេលផលិតកម្មប្រេង របស់ទីក្រុងរីយ៉ាដត្រូវបានកាត់បន្ថយ រុស្ស៊ីក៏ទទួលបានូវផលប្រយោជន៍ទៅតាមនោះដែរ ទាំងតម្លៃប្រេង និងបរិមាណនៃការលក់។
ក្រៅពីបញ្ហាការវាយប្រហារលើរោងចក្រប្រេងពីសំណាក់ក្រុមឧទ្ទាមហ៊ូធី លោកពូទីនក៏បាននិយាយពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា ការគាំទ្រកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងបីជាដើម។
សូមបញ្ជាក់ថា អាមេរិកបានជំទាស់ទីក្រុងតេហេរ៉ង់មិនឲ្យទិញប្រព័ន្ធខែលការពារមីស៊ីលពីរុស្ស៊ីជាយូរមកហើយ។ ចំណែករុស្ស៊ីវិញក៏មិនព្រមលក់ទៅឲ្យអ៊ីរ៉ង់ដែរ ព្រោះវាស្ថិតនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០០៧ ដែលខ្លួនបានចុះហត្ថលេខា ប៉ុន្តែទើបតែឆ្នាំ២០១៦ទេ ដែលរុស្ស៊ីបានសម្រេចលក់ប្រព័ន្ធខែលការពារមីស៊ីលឲ្យអ៊ីរ៉ង់។ អាមេរិកក៏បានជំទាស់តួកគីមិនឲ្យទិញប្រព័ន្ធខែលមីស៊ីល S-400 របស់រុស្ស៊ីដែរ តែឲ្យតួកគីទិញប្រព័ន្ធខែលការពារមីស៊ីល Patriot របស់ខ្លួនវិញ៕
Tag:
រុស្ស៊ី
ពូទីន
អារ៉ាប់ប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com