កីឡាអន្តរជាតិ
អន្តរជាតិ
Klopp សារភាពថា Liverpool មិនមែនក្រុមខ្លាំងបំផុតនៅអឺរ៉ុប តែចង់ឈ្នះ UCL ឆ្នាំនេះទៀត
× លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុម Liverpool សារភាពថាក្រុមរបស់លោកមិនមែនជាក្រុមខ្លាំងនៅអឺរ៉ុបឡើយ បើទោះជាបានឈ្នះពាន Champions League រដូវកាលមុន។ ប៉ុន្តែយ៉ាងណាលោក Klopp ថាក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារតំណែងជើងឯកនៅឆ្នាំនេះដោយចាប់ផ្តើមជាមួយនឹងការប្រកួតបើកឆាកពូល E ទល់ Napoli នៅរាត្រីថ្ងៃទី១៧ ខែកញ្ញានេះ។
«ឈ្នះជើងឯកគឺល្អហើយ ប៉ុន្តែវាមិនបានប្តូរអ្វីទាំងអស់ទេ។ Klopp និយាយទៅកាន់អ្នកព័ត៌មានក្នុងសន្និសីទនៅក្រុង Naples ប្រទេសអ៊ីតាលីដូច្នេះ និងបន្ថែមថា៖«យើងចាញ់ការប្រកួតក្រៅទឹកដីស្ទើទាំងអស់រដូវកាលមុន យើងល្អដោយពេលប៉ុណ្ណោះ។ ក្រុមដែលល្អជាងគេនៅអឺរ៉ុបបច្ចុប្បន្នគឺ Manchester City ឯណោះទេ តែពួកគេគ្មានសំណាងដូចយើង។ យ៉ាងណាយើងនឹងធ្វើឲ្យបានល្អបន្ថែមទៀតនៅរដូវកាលនេះ»។
Liverpool បានយកឈ្នះ Tottenham Hotspur ២-០ នៅវគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ដែលនេះជាលទ្ធផលដ៏អស្ចារ្យសម្រាប់ការដឹកនាំរបស់លោក Klopp នៅទឹកដីអង់គ្លេស។
សម្រាប់រដូវកាលនេះ ម្ចាស់ជើងឯកចាស់ និងធ្វើដំណើរទៅទឹកដី Napoli សម្រាប់ជំនួបវគ្គសន្សំពិន្ទុពូល E នៅយប់នេះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៥២ឆ្នាំរូបនេះ បានសិក្សាពីកំហុសកាលពីឆ្នាំមុនរួមទាំងការចាញ់រាល់ការប្រកួតក្រៅដីរបស់ពួកគេ ដោយក្នុងនោះរាប់ទាំងការបរាជ័យ ១-០ ពីសំណាក់ក្រុម Napoli ផង។ Napoli ជាក្រុមខ្លាំងដែលហង្សក្រហមត្រូវប្រឈម រួមទាំងក្រុម Salzburg និង Genk ផងដែរនៅរដូវកាលនេះ។
យ៉ាងណាក៏ដោយ នៅចំពោះមុខអ្នកកាសែតមុនការប្រកួត លោក Klopp បញ្ជាក់ជាថ្មីថាលោកចង់ឈ្នះ Champions League នេះទៀត បើទោះការរក្សាតំណែងជើងឯកវាពិតជាមិនងាយស្រួលក្តី។ Liverpool នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី៣នៅឆ្នាំនេះ ហើយក្រុមបានត្រៀមខ្លួនរួចរាល់ហើយ។
សម្រាប់ការប្រកួតក្នុងលីគវិញ ក្រុមរងជើងឯក Premier League រដូវកាលមុន ពិតជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយទទួលបានជ័យជម្នះទាំង៥ប្រកួតតែម្តងសម្រាប់រដូវកាលថ្មី ២០១៩-២០នេះ។ Liverpool មាន១៥ពិន្ទុពេញឈរកំពូលតារាងលីគកំពូលអង់គ្លេស នាំមុខគូប្រជែងចាស់ Man City ចំនួន៥ពិន្ទុ៕
Tag:
Liverpool
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com