អន្តរជាតិ
នយោបាយអន្តរជាតិ
អាពាហ៍ពិពាហ៍យូរអង្វែង! លោក មហាធៀ ថា ប្ដីប្រពន្ធត្រូវចេះអត់ធ្មត់ លោក មហាធៀ មហាម៉ាត់ និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ។ រូបភាព Astro Gempak
× ចំណងអាពាហ៍ពិពាហ៍៦៣ឆ្នាំរវាងលោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា ស៊ីទី ហាស្មា មហាម៉ាត់ ជាគោលដៅដែលប្ដីប្រពន្ធទាំងឡាយចង់បាន។ ការរក្សាចំណងអាពាហ៍អាពាហ៍បានយូរបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ពិសេសសម្រាប់អ្នកនយោបាយដូចលោក មហាធៀ ជាដើមនោះ។ ក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី Going Places លោក មហាធៀ ផ្ដល់គន្លឹះសម្រាប់ប្ដីប្រពន្ធឯទៀត។
លោក មហាធៀ មហាម៉ាត់ រៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ស៊ីទី ហាស្មា មហាម៉ាត់ ក្នុងឆ្នាំ១៩៥៦ និងកូនៗ៥នាក់។ គិតត្រឹមឆ្នាំ២០១៩ ចំណងអាពាហ៍ពិពាហ៍នេះ មានអាយុ៦៣ឆ្នាំ ហើយក៏ក្លាយជាចំណងអាពាហ៍ពិពាហ៍គម្រូមួយដែលគ្រប់គ្នាចង់បាន។
ឯមូលហេតុដែលអាចរក្សាសម្ព័ន្ធភាពប្ដីប្រពន្ធបានជាង៦ទសវត្សរ៍បែបនេះវិញ លោក មហាធៀ ដែលសព្វថ្ងៃមានវ័យ៩៤ឆ្នាំទៅហើយនោះ និយាយថា អត់ធ្មត់។ ប្រាប់ទស្សនាវដ្ដី Going Places នៅដើមខែកញ្ញានេះ លោក មហាធៀ បញ្ជាក់ថា ប្ដីប្រពន្ធ មិនល្អគ្រប់ដប់ទាំងអស់ឡើយ ដូចនេះពួកគេតែត្រូវតែអត់ធ្មត់នឹងអាកប្បកិរិយារបស់ភាគីម្ខាងទៀត ទោះមិនចូលចិត្តក៏ដោយចុះ។ ត្រង់នេះ លោក មហាធៀ បានលើកឧទាហរណ៍ពីចំណុចផ្ទុយគ្នាមួយរវាងលោក និងភរិយា។
«ខ្ញុំចូលចិត្តធ្វើអ្វីទៀងម៉ោង។ ខ្ញុំតែងតាំងចង់ឲ្យទាន់ម៉ោងជានិច្ច ប៉ុន្តែភរិយាខ្ញុំតែងតែងយឺត។ ដំបូង យើងទាស់គ្នា ប៉ុន្តែក្រោយមក ដោយសារតែគាត់តែងតែយឺតទៅហើយ អ៊ីចឹងខ្ញុំត្រូវតែទ្រាំ ហើយគាត់ក៏ត្រូវទ្រាំជាមួយការរអ៊ូរបស់ខ្ញុំថា យើងអស់ពេលហើយ។» នេះជាការរៀបរាប់របស់លោកនាយករដ្ឋមន្ត្រី មហាធៀ ។
ក្នុងកិច្ចសម្ភាសដដែល លោក មហាធៀ ដែលកំពុងដឹកនាំម៉ាឡេស៊ីជាលើកទីពីរ ក៏និយាយដល់រឿងតំណែងនាយករដ្ឋមន្ត្រីផងដែរ។ លោក ថា លោកជាមនុស្សចូលចិត្តនៅតែឯង តែការងារធ្វើឲ្យលោកត្រូវនៅជាមួយប្រជាជន ហើយការងារជានាយករដ្ឋមន្ត្រីមិនមែនជារឿងលោកចូលចិត្តឡើយ តែជារឿងចាំបាច់ត្រូវធ្វើ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com