អន្តរជាតិ
ប្រមុខ​ដឹកនាំ​ហុងកុង ការី ឡាំ នឹង​ជួប​អ្នក​តវ៉ា​ហុងកុង ដើម្បី​បន្ថយ​សម្ពាធ​
18, Sep 2019 , 7:59 am        
រូបភាព
មេដឹកនាំក្រុងហុងកុង លោកស្រី ការី ឡាំ (AFP)
មេដឹកនាំក្រុងហុងកុង លោកស្រី ការី ឡាំ (AFP)
ដោយ:
​មេដឹកនាំ​ហុងកុង នឹង​ជួបពិភាក្សា​ជាមួយ​ក្រុមអ្នកតវ៉ា​ហុងកុង នា​សប្តាហ៍​ក្រោយ បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បានអូសបន្លាយ​ជាច្រើន​ខែ​មកនេះ​។ គោលដៅ​នៃ​កិច្ចសន្ទនា​នេះ គឺ​ដើម្បី​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្រុង​ហុងកុង​។



​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ក្រុង​ហុងកុង លោកស្រី ការី ឡាំ បាន​និយាយថា លោកស្រី​នឹង​ជួប​ជាមួយ ក្រុមបាតុករ​ហុងកុង​ចន្លោះ​ពី ១០០ ទៅ ២០០​នាក់ ដើម្បី​ចាប់ផ្តើម​កិច្ចសន្ទនា​ផ្លូវការ​មួយ ក្នុង​គោលដៅ​ត​ភ្ជាប់​ឡើងវិញ​ជាមួយ​សាធារណៈ និង​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​។​

​ថ្លែង​នៅមុខ​ជំនួប​ក្រុមប្រឹក្សា​ប្រតិបត្តិ​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃទី​១៧ ខែកញ្ញា លោកស្រី ឡាំ បញ្ជាក់​បែបនេះ​៖« នេះ​គឺជា​កិច្ចសន្ទនា​បើកចំហ​មួយ ដែល​យើង​នឹង​អញ្ជើញ​មនុស្ស​គ្រប់ទិសទី​ឲ្យ​មក​បង្ហាញ​ការយល់ឃើញ​របស់​ពួកគេ​ទៅកាន់​យើង​»​។ លោកស្រី សង្កត់ធ្ងន់​ទៀតថា នេះ​គឺ​ដោយសារតែ​ការឆ្លើយ​ឆ្លង​គ្នា គឺ​ល្អប្រសើរ​ជាង​ការប្រឈមមុខ​ដាក់គ្នា​។

​តាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post ប្រមុខ​ដឹកនាំ​ក្រុង​ហុងកុង​រូបនេះ លើកឡើងថា បញ្ហា​នេះ​គឺ​ទៅ​ឆ្ងាយ​ហួស​ពី​រឿង​សេចក្តីព្រាងច្បាប់ ដូច្នេះ​វា​សំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ចូលរួម និង​ស្តាប់​កង្វល់​របស់​សហគម​ន៍ ដើម្បី​យល់ដឹង​កាន់តែច្បាស់​អំពី​បញ្ហា​ពួកគេ​។ 

​ទន្ទឹមនេះ លោកស្រី អះអាងថា លោកស្រី​បានដឹង​លឺ​ពី​កំហឹង​ពលរដ្ឋ​ដែល​កើតចេញពី​បញ្ហា​សង្គម​មួយចំនួន រួមមាន កង្វះខាត​ដី​ធ្លិ និង​លំនៅឋាន​, កង្វះ​នៃ​ពិពិធ​ភាព និង​បរិ​យា​ប័ន​ក្នុង​សេដ្ឋកិច្ច​ហុងកុង​។ ការជួប​មុខ​ផ្ទាល់ និង​ដោះដូរ​គំនិត​គ្នា​ទៅវិញទៅមក​បែបនេះ មិន​ធ្វើឡើង​តែម្តង​ហើយ​បញ្ចប់​ឡើយ ប៉ុន្តែ​វា​នឹង​បន្ត​រយៈពេល​វែង​ទៀត​។

​និយាយ​ដល់​កិច្ចសន្ទនា​នេះ រដ្ឋាភិបាល​ហុងកុង បាន​បែង​ចែកជា​បី​ប្រភេទ​។ ទីមួយ ដែល​ដំណើរការ​នា​សប្តាហ៍​ក្រោយ គឺ​បើក​ឲ្យ​មនុស្ស​គ្រប់គ្នា​ចុះឈ្មោះ​។ ហើយ​សម្រាប់​កិច្ចប្រជុំ​នីមួយៗ មនុស្ស​ពី​១០០ ទៅ ២០០​នាក់​ដែល​បាន​ចុះឈ្មោះ​ជាមុន នឹងត្រូវ​ជ្រើសរើស​ដើម្បី​ចូលរួម​។ ចំណែក ទម្រង់​ទី​២ នឹងត្រូវ​ធ្វើ​ឡើងជា​តំណាង ដោយ​ប្រជាជន​ត្រូវ​ជ្រើសរើស​ដោយ​ចៃដន្យ​។​

​រីឯ ប្រភេទ​ទី​៣​វិញ នឹងធ្វើ​ឡើងជា​ក្រុម​តូច​ត្រឹម ២០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ផ្តោតលើ​ប្រធានបទ​ស៊ីជម្រៅ​។ លោកស្រី ការី ឡាំ និយាយ​បែបនេះ ដោយ​បន្ថែមថា រាល់​ជំនួប​ទាំងអស់ នឹង​ឈរលើ​គោលការណ៍​តម្លាភាព និង​បើកចំហ ដោយមាន​របៀបវារៈ​ប្រកា​ស​ជា​សាធារណៈ​។​
​    ​
​ទោះជា​លោកស្រី ការី ឡាំ បាន​ចំណាយ​ច្រើន​ក្នុង​សន្និសីទ​ព៏​ត៌មាន​និយាយ​ពី​រឿង​កិច្ចសន្ទនា លោកស្រី ក៏បាន​បញ្ជាក់​ជំហរ​ច្បាស់​ថា ការបង្កើត​កិច្ចសន្ទនា​នេះ ពុំ​មានន័យថា រដ្ឋាភិបាល​បញ្ឈប់​ចាត់វិធានការ​ចាំបាច់​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នោះឡើយ​៕


Tag:
 ហុងកុង​
  ការី​ឡាំ​
  បាតុកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com