សង្គមអន្តរជាតិ​
អន្តរជាតិ
ដំបូន្មាន​ល្អៗ​របស់លោក ជេ​ក ម៉ា ជួយ​ជីវិត​ឲ្យ​អ្នក​កាន់តែ​ប្រសើរ​!
28, Sep 2019 , 7:59 pm        
រូបភាព
លោក ជេក ម៉ា នាពេលទៅទស្សនាប្រាសាទអង្គរវត្តកន្លងមក។ រូបថត អ៊ីសា រ៉ហានី
លោក ជេក ម៉ា នាពេលទៅទស្សនាប្រាសាទអង្គរវត្តកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ដោយ:
លោក ជេ​ក ម៉ា បុរស​មាន​ដាច់​គេ​ប្រចាំ​ប្រទេស​ចិន បាន​យក​ថ្ងៃ​ខួបកំណើត ៥៥​ឆ្នាំ​របស់លោក កាលពី​ថ្ងៃទី​១០ កញ្ញា ដើម្បី​លាលែង​ពី​តំណែង​ប្រធាន​ក្រុមហ៊ុន​អា​លី​បា​បា​។ វា គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) ដែល​លោក​បាន​បង្កើត​ដោយ​ផ្ទាល់ដៃ​កាលពី​២០​ឆ្នាំមុន នៅផ្ទះ​ដ៏​តូចចង្អៀត​មួយ​របស់លោក​ក្នុងប្រទេស​ចិន​។ លោក ដា​នី​ញែ​ល ចាង (Daniel Zhang) ដែល​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba កាលពី​ឆ្នាំ​២០១៥ នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​យក្ស​ចិន​នេះ​បន្ត​ពី​លោក ជេ​ក ម៉ា​។



អត្ថបទទាក់ទង


ខាងក្រោម​នេះ​ជា​ដំបូន្មាន​ចំនួន ៣ ដ៏​មាន​អត្ថន័យ​របស់លោក ជេ​ក ម៉ា ដែល​អាចជួយ​ឲ្យ​ជីវិត​អ្នក​កាន់តែ​ល្អប្រសើរ​៖

«​ការងារ​ដំបូង​របស់​អ្នក គឺ​សំខាន់បំផុត​»


​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្នុង​ទីក្រុង Davos នៃ​ប្រទេស​ស្វី​ស កាលពី​ឆ្នាំ​២០១៨ លោក ម៉ា បាន​ចែករំលែក​ដំបូន្មាន​ក្នុង​វិស័យ​ការងារ​របស់លោក​។ លោក​និយាយ​បែបនេះ​៖«​នៅពេល​អ្នក​បញ្ចប់​ការសិក្សា និង​កំពុង​ស្វែងរក​ការងារ​ធ្វើ ការងារ​ដំបូង​របស់​អ្នក គឺ​សំខាន់បំផុត​។ មិន​សំខាន់​ថា ក្រុមហ៊ុន​នោះ មានឈ្មោះ​ល្បី​ឬ​អត់​ទេ អ្នក​គួរ ស្វែងរក​មេដឹកនាំ​ល្អ​ម្នាក់​ដែល​អាច​បណ្តុះបណ្តាល​អ្នក​ឲ្យ​ក្លាយជា​បុគ្គល​ល្អ និង​ធ្វើ​រឿង​ត្រឹមត្រូវ​។ សម្រាប់​ដំបូន្មាន​ខ្ញុំ អ្នក​គួរ​ធ្វើការ​នៅ​ទីនោះ​យ៉ាងតិច ៣​ឆ្នាំ ទើប​ប្រសើរ​»​។

«​ការបង្រៀន​ជំនាញ​ទន់​ដល់​កូនៗ គឺ​សំខាន់​ណាស់​សម្រាប់​អនាគត​ពួកគេ​»


​ក្នុង​ព្រឹត្តិការណ៍​នៅ Davos ក្នុង​ឆ្នាំ​២០១៨​ដដែល អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​រូបនេះ និយាយថា យើង​ត្រូវការ​ផ្លាស់ប្តូរ​វិធី​នៃ​ការបង្រៀន​ក្មេងជំនាន់ក្រោយ​ដើម្បី​ញែក​ឲ្យ​ដាច់​រវាង មនុស្ស និង​បញ្ញា​សិប្បនិម្មិត (AI) ។​

«​ប្រសិនបើ​យើង​ពុំ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​នៃ​ការបង្រៀន​របស់​យើង​ទេ ក្នុងពេល​៣០​ឆ្នាំ​ទៀត យើង​នឹងមាន​បញ្ហា​ជាមិនខាន​។ យើង​កំពុង​បង្រៀន​ក្មេងៗ​នូវ​មេរៀន​តាំងពី​២០០​ឆ្នាំមុន ដ្បិត​វា​ផ្អែកលើ​ចំណេះដឹង​តែ​ម្យ៉ាង​។ ទន្ទឹមនេះ យើង​គ្មាន​លទ្ធភាព​បង្រៀន​ក្មេងៗ​យើង ដើម្បី​ប្រកួតប្រជែង​ជាមួយ​ម៉ាស៊ីន ដែល​នឹ​ឹ​ង​ឆ្លាត​វៃ​ជាង​យើង​ឡើយ​»​។ លោក ម៉ា បញ្ជាក់​បែបនេះ​។

​លោក សង្កត់ធ្ងន់ថា យើង​ត្រូវ​បង្រៀន​ក្មេងៗ​នូវ​អ្វីដែល​ម៉ាស៊ីន​ពុំ​អាច​រៀនសូត្រ​បាន ហើយ​នោះ​គឺមាន​ដូចជា គុណ​តម្លៃ ជំនឿ ការគិត​ត្រិះរិះ​ដោយ​ឯករាជ្យ ការធ្វើការ​ជា​ក្រុម ការយកចិត្តទុកដាក់​លើ​អ្នកដទៃ​។ ជំនាញ​ទន់​ទាំងនេះ គួបផ្សំ​នឹង​កីឡា តន្ត្រី ការ​គូរគំនូ សិល្បៈ ជា​អ្វីដែល​ធ្វើ​ឲ្យ​មនុស្ស ខុសប្លែក​ពី​ម៉ាស៊ីន​។

«​ប្រសិនបើ​បារម្ភ​ពី​ការប្រកួតប្រជែង កុំ​ធ្វើ​អ្នកជំនួញ​»


​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ​២០១៩ លោក ជេ​ក ម៉ា និយាយថា គ្មាន​ឡើយ​អ្នកជំនាញ​សម្រាប់​ថ្ងៃស្អែក ហើយ​អ្វីដែល​ពួកគេ​ដឹង​នោះ គឺជា ថ្ងៃ​ម្សិលមិញ ប៉ុណ្ណោះ​។ លោក សង្កត់​ថា​៖ «​ក្នុង​វិស័យ​ជំនួញ កុំ​ព្រួយបារម្ភ​ពី​ការប្រកួតប្រជែង និង​សម្ពាធ​។ ប្រសិនបើ អ្នក​បារម្ភ​ពី​វា កុំ​ធ្វើជា​អ្នកជំនួញ​អី​»៕



Tag:
 ​ចិន​
  ជេ​ក​ម៉ា​
  ដំបូន្មាន
© រក្សាសិទ្ធិដោយ thmeythmey.com