សង្គមអន្តរជាតិ​
អន្តរជាតិ
រុក្ខជាតិ «Venus Fly Trap» ស៊ី​សត្វ​ជា​អាហារ
28, Sep 2019 , 9:59 pm        
រូបភាព
​រុក្ខជាតិ​ជា​សារពាង្គកាយ​មួយ​ដែល​រស់នៅ​ដោយ​ធ្វើ​រស្មី​សំយោគ នៅពេល​ដែលមាន​វត្តមាន​ពន្លឺ​ដើម្បី​ផលិត​អាហារ​សម្រាប់​ការរស់រាន​មានជីវិត​។ វា​លូតលាស់​យឺតៗ​ចេញពី​បរិស្ថាន​របស់​វា​។ តែ​សម្រាប់​ធម្មជាតិ រុក្ខជាតិ​ខ្លះ​វិ​វត្ត​មក​ដោយមាន​លក្ខណៈពិសេស​អ្វីមួយ​ខុសពី​រុក្ខជាតិ​ដទៃ​។ បើ​រុក្ខជាតិ​គ្មាន​មាត់ គ្មាន​ប្រដាប់​រំលាយ​អាហារ​ទេ ហេតុអ្វី​បានជា​រុក្ខជាតិ​ដែល​នឹងធ្វើ​ការឡើង​បន្តិចទៀតនេះ បែរជា​ទៅ​ត្រូវការ​សារធាតុចិញ្ចឹម​ពី​សត្វ​វិញ​?

 
​ដើម​រុក្ខជាតិ​បៃតង​តូច​មួយ​នេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា​«Venus Fly Trap»​។ បើតាម​ការបកស្រាយរ​បស់​គេហទំព័រ livescience.com រុក្ខជាតិ​នេះ​ត្រូវបាន​ជីវ​វិទូ​ដ៏​ល្បីល្បាញ​ជនជាតិ​អង់គ្លេស​ម្នាក់ លោក Charles Darwin កត់ត្រា​ទុក​ក្នុង​សៀវភៅ​បោះ​ពុ​ម្ភ​របស់លោក​តាំងពី​ឆ្នាំ​១៨៧៥​។ ភាគច្រើន​វា​រស់​នៅតាម​តំបន់​ក្នុង​រដ្ឋ Carolina ខាងជើង និង​ខាងត្បូង នៃ​ទឹកដី​សហរដ្ឋអាមេរិក​។ 
 
​រុក្ខជាតិ​នេះ​មាន​កម្ពស់​ប្រមាណ​ជា​១៣​សង់ទីម៉ែត្រ​ពី​ដី ហើយ​មាន​ផ្នែក​មួយ​ដែលមាន​រាងដូចជា​ប្រអប់មាត់​នៅ​ខាងលើ​នៃ​ដើម​។ ប្រអប់មាត់​នេះ​មាន​ទំហំ​ប្រហែលជា​៣​សង់ទីម៉ែត្រ និង​មាន​បន្លា​វែងៗ​ស្រួលៗ​នៅ​សងខាង ដែល​គេ​ហៅថា​«​ធ្មេញ​»​។ វា​ចូលចិត្ត​រស់នៅ​កន្លែង​ក្តៅ ហើយ​មាន​សំណើម​អាកាស​ខ្ពស់​។ ប្រអប់មាត់​នេះឯង​ដែលជា​កន្លែង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​ចាប់អារម្មណ៍​។ នៅក្នុង​មាត់​របស់​វា រុក្ខជាតិ​មួយ​នេះ​ផលិត​សារធាតុ​ផ្អែម និង​ក្លិន​ពិសេស​មួយ ដែល​សត្វល្អិត​តូចៗ ជាពិសេស​សត្វ​រុយ​ចូលចិត្ត​។ នៅពេលដែល​សត្វ​រុយ​ហើរ​ចូលទៅ​ខាងក្នុង មាត់​របស់​វា​មិនទាន់​បិទ​ភ្លាម​នោះទេ​។ 



រុក្ខជាតិ​នេះ​ប្រើប្រាស់​រោម​តូចៗ​ដើម្បី​សង្កេតមើល​ចលនា​របស់​សត្វល្អិត​។ បើ​សត្វល្អិត​បង្កើត​ឲ្យ​មាន​ចលនា​ពីរដង ក្នុង​មាត់​របស់​វា ក្នុង​រយៈពេល​២០​វិនាទី នោះ​មាត់​របស់​រុក្ខជាតិ​នេះ​នឹង​បិទ​
​ភ្លាមៗ​យ៉ាងរ​ហ័យ​តិចជាង​មួយ​វិនាទី​។ បន្លា​ធ្មេញ​ស្រួចៗ​ទាំងនោះ​ហ៊ុមព័ទ្ធ​ជិត ដូចជា​របង​មិន​ឲ្យ​សត្វល្អិត​នោះ​ហើរ​ចេញទៅ​ក្រៅ​។

នៅពេលដែល​វា​ចាប់​សត្វ​ល្អិត​បាន​ដោយ​ជោគជ័យ​ហើយ សារធាតុ​រំលាយ​អាហារ​នឹង​បញ្ចេញ​មក​ក្នុង​ប្រអប់មាត់​។ ជាទូទៅ មាត់​របស់​វា​នឹង​បើក​មកវិញ​នៅ​​រយៈ​១២​ថ្ងៃក្រោយ​។ សំបក​ខ្លួនប្រាណ​របស់​សត្វល្អិត ដែល​មិន​រលាយ​នឹង​ធ្លាក់​ចេញមកក្រៅ​។ មូលហេតុ​ដែល​វា​ត្រូវការ​សត្វល្អិត គឺ​ដោយសារតែ​តម្រូវការ​សារធាតុចិញ្ចឹម​បន្ថែម ដូចជា​ប្រូតេអ៊ីន​ជាដើម​។ ក្រៅពី​រុយ វា​ក៏​ស៊ី​សត្វ​ពីងពាង ខ្យ​ង់ និង​កង្កែប​តូចៗ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com