ជាតិ
ស្ថានទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនាដោយសេរី នៅថ្ងៃទី២១ កញ្ញានេះ
17, Sep 2019 , 9:15 pm        
រូបភាព
ស្ថានទូតបារាំង​ប្រចាំ​កម្ពុជា
ស្ថានទូតបារាំង​ប្រចាំ​កម្ពុជា
​ភ្នំពេញ​៖ ក្នុងឱកាស​នៃ​ទិវា «​បេតិកភណ្ឌ​» ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​បើកទ្វារ​ឲ្យ​សិស្ស​-​និស្សិត និង​សាធារណជន​ទូទៅ ចូល​ទស្សនា​ឧទ្យាន​ស្ថានទូត ដោយ​សេរី នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល​។ «​ដំណើរ​កម្សាន្ត​តាម​ព្រៃព្រឹក្សា​» ជា​ប្រធានបទ​នៃ​ព្រឹត្តិការណ៍​ទស្សនា​ឧទ្យាន​ស្ថានទូត​បារាំង​ក្នុងឆ្នាំនេះ​។​



​នេះ​ជា​លើក​ទី​៣​ហើយ ដែល​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា អនុញ្ញាត​ឲ្យ​សាធារណជន​ទូទៅ ចូល​ទស្សនា​គយគន់​ស​ម្រ​ស់ និង​ឈ្វេងយល់​ពី​ប្រភេទ​ដើមឈើ​ជាច្រើន​នៅក្នុង​ឧទ្យាន​នៃ​ស្ថានទូត​។ ឧទ្យាន​ក្នុង​ស្ថានទូត​បារាំង ដែលមាន​ទំហំ ៤,៥ ហិកតា​នេះ មាន​ដើមឈើ ជាង​២០០​ដើម ត្រូវ​ជាជាង ៥០​ប្រភេទ​។​



​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​លើកឡើងថា ក្នុង​ទិវា​បេតិកភណ្ឌ​នេះ អគារ​ជាច្រើន នឹង​បើកទ្វារ​ឲ្យ​សាធារណជន​ចូល​ទស្សនា រួមទាំង​ស្ថានទូត​បារាំង​ផងដែរ​។ ឯកអគ្គរដ្ឋទូត​បារាំ​ង​រូបនេះ បន្តថា ក្នុងឆ្នាំនេះ ក្រៅពី​ទស្សនា​ដើមឈើ​ក្នុង​ឧទ្យាន ស្ថានទូត​ក៏បាន​រៀបចំ​បញ្ជី​ចុះឈ្មោះ​ដើមឈើ ដើម្បី​ឲ្យ​សាធារណជន​ស្គាល់ឈ្មោះ និង​ប្រភេទ​ដើមឈើ​។


​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​កម្ពុជា​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ឧទ្យាន​ស្ថានទូត​បារាំង សាធារណជន ក៏​អាច​ទស្សនា​គំនូរ​រុក្ខជាតិ​លើ​ជញ្ជាំង​របស់​សិល្បករ​ជនជាតិ​បារាំង លោក នូ​ប្លា និង​វត្ថុ​សិល្បៈ​មួយចំនួន​របស់​សិល្បក​រ​កម្ពុជា លោក អ៊ូ វណ្ណឌី​ផងដែរ​។ ឧទ្យាន​ស្ថានទូត​បារាំង ជា​លំហ​បៃតង​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​បើក​ជូន​សាធារណជន​ទស្សនា​ជាច្រើនលើក​ក្នុង​មួយឆ្នាំៗ​ក្នុងឱកាស​ផ្សេងៗ​។​

​សូមបញ្ជាក់ថា សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី ដោយ​មិនចាំបាច់​ចុះឈ្មោះ​ជាមុន​ឡើយ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​យក​ចំណីអាហារ ភេសជ្ជៈ និង​កាបូប​ធំៗ​ចូលក្នុង​ស្ថានទូត​ឡើយ​៕

​ទិដ្ឋភាព​ឧទ្យាន​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា​


​ទិដ្ឋភាព​ឧទ្យាន​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា​

Tag:
 ស្ថានទូតបារាំង
  ឧទ្យាន
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com