ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ពេលយប់​ញ៉ាំ​អាហារ​ទាំងនេះ ប្រយ័ត្ន​គេង​មិន​លក់​
18, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​យល់ស្រប​ថា​វា​ពិបាក​ណាស់​ក្នុងការ​ទ្រាំ​មិន​ទទួលទាន​អាហារ​នៅពេល​កំពុង​ឃ្លាន ជាពិសេស​នៅពេល​យប់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​មិន​ចង់​ជួបប្រទះ​បញ្ហា​រំខាន​ដល់​ការ​គេង​នោះ​ការយកចិត្តទុកដាក់​លើ​ប្រភេទ​នៃ​អាហារ​មុនពេល​ទទួលទាន គឺ​សំខាន់​ណាស់​។ ប៉ុន្តែ​ថា​តើ​អាហារសម្រន់​អ្វី​ខ្លះទៅ​ដែល​អ្នក​មិនគួរ​ទទួលទាន​នៅមុន​ពេល​ចូល​គេង​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ រួមទាំង​ភេសជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរ​ចៀសវាង ៖

១. អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​

​លើកលែងតែ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​! ប្រសិនបើ​អ្នកទទួល​ទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​នោះ​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​គេង​មិន​លក់​ជាមិនខាន​។ នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​រំញោច​ដល់​ភាព​សកម្ម​នៃ​ខួរក្បាល​ដែល​នឹង​ធ្វើអោយ​អ្នកមាន​អារម្មណ៍​ស្វាង​មិន​ងងុយគេង​។

២. អាហារ​សម្បូរ​ខ្លាញ់​

​ជាធម្មតា​នៅពេល​យប់​អ្នក​មិនគួរ​បណ្ដោយ ឬ​ដាក់បន្ទុក​ឱ្យ​ក្រពះ​ប្រឹង​ធ្វើការ​ពេក​នោះទេ ប្រសិនបើ​ចង់​គេង​លក់បាន​ស្រួល​ហើយ​ស្កប់​។ ការទទួល​ទាន​អាហារ​សម្បូរ​ខ្លាញ់​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​។​

៣. សណ្ដែក​

​បើទោះជា​សណ្ដែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​ដែល​ល្អ​ចំពោះ​សុខភាព​រាងកាយ ប៉ុន្តែ​អ្នក​មិនគួរ​ទទួលទាន​វា​នៅពេល​យប់​ឡើយ​ប្រសិនបើ​ចង់​ឆាប់​គេង​លក់​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​រលាយ​ដែល​អាច​បង្កបញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ក្រពះ​នៅពេល​យប់​។​

៤. អាហារ​ហឹរ​

​នោះ​ក៏​ព្រោះតែ​អាហារ​ហឹរ​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែល​ជះឥទ្ធិពល​ដល់​ការ​គេង​។​

៥. សូកូឡា​

​ការ​ទទួលទាន​សូកូឡា​នៅពេល​យប់​គឺ​មិនល្អ​សោះឡើយ​ចំពោះ​ការ​គេង​។ នោះ​ក៏​ព្រោះតែ​សូកូឡា​មាន​ផ្ទុក​ទាំង​ជាតិ​កាហ្វេ​អ៊ី​ន​និង​សារធាតុ theobromine ដែល​ផ្ដល់​ការ​រំញោច​ដល់​ខួរក្បាល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​មិន​ងងុយ​។​

៦. សាច់​ក្រហម​

​ការទទួល​ទាន​សាច់​ក្រហម​ច្រើន​អាច​បណ្ដាល​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង​។ ប្រសិនបើ​អ្នក​គិតថា​បែបនេះ គឺជា​រឿង​ល្អ​នោះ ចូរ​គិត​ម្ដងទៀត​! ក៏​ដូចនឹង​ការទទួល​ទាន​គ្រឿង​ស្រវឹង​ពេលយប់​ដូច្នោះ​ដែរ ការទទួល​ទាន​សាច់​ក្រហម​មុនពេល​ចូល​គេង​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​មិន​ស្ងប់ ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ប្រឹង​ធ្វើការ​បំបែក​សាច់​ក្រហម​ដែល​អ្នក​បាន​ទទួលទាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com