អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB បន្ត​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​បាទី ពីរ​ឆ្នាំ​ជាប់​គ្នា​
18, Sep 2019 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរពេទ្យបង្អែក​បាទី ជា​រៀងរាល់ខែ មាន​អ្នកជំងឺ​ប្រមាណ ៣៥០ ទៅ​៤៥០​នាក់ បានមក​ពិនិត្យ​ព្យាបាល​ជំងឺ ហើយ​ក្នុងនោះ​មាន​ស្ត្រី​សម្រាលកូន ប្រមាណ ៧០ ទៅ​៨០​នាក់​។ ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​អ្នកជំងឺ ដែលមាន​ចំនួន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បាន​បន្ត​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ​សំខាន់ៗ​បន្ថែមទៀត ដល់​មន្ទីរពេទ្យបង្អែក​បាទី ខេត្តតាកែវ ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។

​សកម្មភាព​សប្បុរសធម៌ សម្រាប់​២​ឆ្នាំ​បន្តបន្ទាប់ របស់​ធនាគារ CIMB នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដោយមាន​ការចូលរួម​ដោយផ្ទាល់ ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ធនាគារ ក្រោម​ពាក្យស្លោក «​ធនាគារ CIMB បន្ត​យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ​»​។ លើសពី​ឆ្នាំមុន ធនាគារ CIMB បានប្រគល់​ឧបករណ៍​ពេទ្យ​ចាំបាច់​បំផុត​មួយចំនួន ដល់​មន្ទីរពេទ្យ ដូចជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ ព្រមទាំង​សម្ភារ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖«​ឆ្លងតាម​គម្រោង​នៃ​ការទទួលខុសត្រូវ​ក្នុងសង្គម (CSR) និង​ការផ្តល់​វិភាគទាន តាមរយៈ​នៃ​ការប្រគល់​ទៅកាន់​សហគមន៍​វិញ នូវ​ចំណែក​នៃ​ផល​អាជីវកម្ម របស់​ធនាគារ CIMB យើងខ្ញុំ​បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន ដូចជា​អប់រំ​សិក្សាធិការ (​ការផ្តល់​អាហារូបករណ៍​) - បរិស្ថាន (​ការដាំ​ដើមឈើ​) - សុខាភិបាល (​ថ្មី​នេះ​រួមចំណែក​ជាមួយ​ធនាគារជាតិ និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត ពី​ប្រទេស​អូស្ត្រាលី ដែល​ជួយឧបត្ថម្ភ​ព្យាបាល​អ្នកជំងឺ​ភ្នែក ដល់​អ្នកជំងឺ​រាប់រយ​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​ស៊ូ​វៀត​)​។ ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​បាទី​នេះ ធនាគារ​យើងខ្ញុំ បាន​ចូលរួម​ឧបត្ថម្ភ​ជា​លើក​ទី​២​។ ចំណុច​ពិសេស​ដែល​ទាក់ទាញ​ធនាគារ CIMB យើងខ្ញុំ មកកាន់​មន្ទីរពេទ្យបង្អែក​បាទី​ម្តងទៀត គឺ​ស្ថិតក្នុង​គោលបំណង​ធានា​និរន្តរភាព នូវ​ការជួយ​ឧ​ប​ត្ត​ម្ភ​របស់​ធនាគារ​យើងខ្ញុំ នឹង​ស្ថិតស្ថេរ​ជា​កាល​រៀង​ទៅ​។ ហើយ​ការឧបត្ថម្ភ​លើក​ទី​២​នេះ គឺ​រួមមាន​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ កៅអី​សម្រាប់​អ្នកជំងឺ​រង់ចាំ តុ​ចល័ត​ពិនិត្យ​អ្នកជំងឺ គ្រែ​សង្គ្រោះ​អ្នកជំងឺ​បន្ទាន់ ឧបករណ៍​វាស់​កំហាប់​អ៊ុក​ស៊ី​សែន​ក្នុង​ឈាម និង​គ្រែ​ពិនិត្យ​អេកូ​ជាដើម​»​។​



​ស្ថិតក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធាន​មន្ទីរពេទ្យបង្អែក​បាទី បាន​មានប្រសាសន៍ថា​៖ «​បច្ចុប្បន្ន ក្រៅពី​អ្នកជំងឺ​នៅក្នុង​មូលដ្ឋាន និង​ក្នុង​ខេត្តតាកែវ ក៏មាន​អ្នកជំងឺ​មកពី​ខេត្ត​ជិតៗ មក​ទទួល​សេវាកម្ម​ព្យាបាល ពី​មន្ទីរពេទ្យបង្អែក​បាទី​ផងដែរ​។ ស្រប​ពេលដែល​អ្នកជំងឺ​ការកើនឡើង​ជា​លំដាប់ ឧបករណ៍​ពេទ្យ ដែល​ធនាគារ CIMB យកមក​ប្រគល់ជូន​មន្ទីរពេទ្យបង្អែក​បាទី​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដល់​ការព្យាបាល​អ្នកជំងឺ ដែល​ញុំ​ា​ង​ឲ្យ​ការព្យាបាល​អ្នកជំងឺ កាន់​តែមាន​ប្រសិទ្ធ​ភាពល្អ​។ ជាក់ស្តែង ដូចជា​ម៉ាស៊ីន​ជីវគីមី​សាស្ត្រ និង​ឧបករណ៍​វាស់​កំហាប់​អ៊ុក​ស៊ី​សែន​ក្នុង​ឈាម​នេះ​ជាដើម គឺជា​សម្ភារ​បរិក្ខារ​ពេទ្យ​ដ៏​ទំនើប ដែល​ជួយ​ដល់​ការតាមដាន និង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ទូទៅ ប្រកបដោយ​ប្រសិទ្ធភាព​។ តាងនាម​ឲ្យ​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យបង្អែក​បាទី ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​ធនាគារ CIMB ដែល​បន្ត​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​យើងខ្ញុំ លើក​ទី​២​នេះ ហើយ​សង្ឃឹមថា ធនាគារ CIMB នឹង​បន្ត​ឧបត្ថម្ភ នៅ​ឆ្នាំ​ខាងមុខៗ​ផងដែរ​»​។​

​លោក សាន ពិសី ជា​បុគ្គលិក​ធនាគារ CIMB មួយរូប ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់ជូន​សម្ភារ​ពេទ្យ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖«​ថ្ងៃនេះ គឺជា​លើក​ទី​៤​ហើយ ដែល​ខ្ញុំ​បាន​ចូលរួម​ការងារ​សង្គម ជាមួយ​ធនាគារ CIMB ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​កម្មវិធី​បរិច្ចាគ​បរិក្ខារ​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក​បាទី នាពេលនេះ​។ បើតាម​ការសង្កេត​រប​ស់​ខ្ញុំ​ផ្ទាល់ អ្វីដែល​ធនាគារ​បា​នប​រិ​ច្ចាគ នា​ថ្ងៃនេះ គឺ​ពិតជា​បំពេញ​ដល់​តម្រូវការ​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​បាទី ដែល​ជួយ​ដល់​ការព្យាបាល​អ្នកជំងឺ​រាប់រយ​នាក់ ក្នុង​មួយខែៗ​។ ដូច្នេះ​ការងារ​សង្គម​របស់​ធ​នាគារ CIMB នេះ បានរួម​ចំណែក​ដល់​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ក៏ដូចជា​លើកស្ទួយ​ដល់​វិស័យ​សុខាភិបាល​ផងដែរ​។ សម្រាប់​ខ្ញុំ ខ្ញុំ​នឹងចូលរួម​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម តាម​លទ្ធភាព ជាមួយ​ធនាគារ CIMB លើក​ក្រោយៗ​ទៀតផង​ដែរ​»​។​

​សូមបញ្ជាក់​ផងដែរ​ថា ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៣ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់ៗ នៅក្នុង​ប្រទេស​។ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លងមកនេះ ធនាគារ CIMB បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន ដែល​រួមមាន​វិស័យ​សំខាន់ៗ ដូចជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​សិក្សា​នៅក្រៅ​ប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យបង្អែក​បាទី និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ជាដើម | វិស័យ​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារកំព្រា​នានា ព្រមទាំង​ផ្នែក​បរិស្ថាន ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ នៅ​វិទ្យាល័យ ឧដុង្គ​ជាដើម​។​



​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ទាំង ១០ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និង​ហ្វីលីពីន​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។



​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com