អន្តរជាតិ
លោក វី​ដូ​ដូ​៖ ឥណ្ឌូណេស៊ី កំពុង​ព្យាយាម​ប្រើ​គ្រប់​វិធី​ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​
18, Sep 2019 , 10:24 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​១៧ ខែកញ្ញា បាន​ទៅពិនិត្យ​ទីតាំង​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា ដែលជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំងប្រទេស​។ លោក វី​ដូ​ដូ និយាយថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​ប្រយុទ្ធប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ដែល​បណ្តាលឱ្យមាន​អ័ព្ទ​ពុល​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ដោយ​ប្រើ​យន្តហោះ​ធ្វើ​ភ្លៀង​សិប្បនិម្មិត និង​ការ​អធិដ្ឋាន​ផងដែរ​។



​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី ហាក់​មិនទាន់​ថមថយ​ឡើយ​។ ភ្លើង​កំពុងតែ​ឆាបឆេះ​នៅលើ​កោះ ប័​រ​ណេ​អូ និង​កោះ​ស៊ូ​ម៉ា​ត្រា ដែល​ធ្វើឱ្យ​មានការ​ផ្សែង​អ័ព្ទ​ហោះ​ពាសពេញ​តំបន់ រួមទាំង​សាយភាយ​ទៅដល់​ប្រទេសជិតខាង​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផងដែរ​។ វិធានការ​ចាំបាច់​ជាច្រើន ត្រូវបាន​អនុវត្ត​រាប់ទាំង​ការអនុវត្ត​ច្បាប់​ដាក់ទោស​ទណ្ឌ​ផង​។ នៅ​ថ្ងៃទី​១៦ ខែកញ្ញា អាជ្ញាធរ​បាន​ចាប់ខ្លួន​ជាង​២០០​នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​សកម្មភាព​ធ្វេសប្រហែស​ហើយ​បង្ក​ជា​អគ្គិភ័យ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត Riau នៅ​កណ្តា​លកោះ​ស៊ូ​ម៉ា​ត្រា​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ប្រធានាធិបតី​ឥណ្ឌូណេស៊ី Widodo បាន​និយាយថា​កងទ័ព​ជិត ៦​ពាន់​នាក់​ត្រូវបាន​បញ្ជូនទៅ​កន្លែង​ឆេះ​ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​។ លោក​បាន​មានប្រសាសន៍ថា យើង​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​។ មិន​ត្រឹមតែ​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​ដី​ប៉ុណ្ណោះ​ទេ យន្តហោះ​រាប់​សិន​គ្រឿង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប​ញ្ជូន​ទឹក​ទៅ​ពន្លត់​។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ បាន​បន្ថែមទៀតថា យើង​ក៏បាន​បន់ស្រន់​ផងដែរ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ព្រះវិហារ Amrulloh នៅ Pekan terbaru​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​ផ្សែង​ពុល​ដែល​បណ្តាលមកពី​ការដុត​ដោយ​ចេតនា ដើម្បី​កាប់ឆ្ការ​ដី​សម្រាប់ធ្វើ​កសិកម្ម គឺជា​បញ្ហា​ប្រចាំឆ្នាំ​សម្រាប់​ឥណ្ឌូណេស៊ី​និង​ប្រទេសជិតខាង​។ ប៉ុន្តែ​វា​កាន់តែ​អាក្រក់​ទៅៗ នៅ​ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ស្ងួត​។ បើតាម​ភ្នាក់ងារ​ឧតុនិយម​របស់​អាស៊ាន តំបន់​ដែលមាន​ភ្លើង​ឆេះ មិនមាន​កំណើន​ទៀត​ទេ​តែ​អ័ព្ទ​ក្រាស់ៗ​នៅមានកម្រិត​ធ្ងន់ធ្ងរ និង​បន្ត​គ្រប់​ដណ្តប់​ពាសពេញ​តំបន់​។ សាលារៀន​ជាច្រើន​នៅក្នុង​ឥណ្ឌូណេស៊ី​ត្រូវបាន​បិទ ដែល​ប៉ះពាល់​ដល់​ការសិក្សារ​របស់​សិស្ស​ជាង​៣៥​ម៉ឺន​នាក់​។

​ខ្យល់អាកាស​នៅលើ​កោះ​ប័​រ​ណេ​អូ ក្នុង​ទឹកដី​របស់​ម៉ាឡេស៊ី និង​នៅឯ​សិង្ហ​បុរី គឺ​កាន់តែ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កោះ​ប័​រ​ណេ​អូ គឺជា​កោះ​ដែល​បែង​ចែកជា​បី​ផ្នែក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឥណ្ឌូណេស៊ី ជាមួយ​ម៉ាឡេស៊ី និង​សិង្ហ​បុរី​៕

© រក្សាសិទ្ធិដោយ thmeythmey.com