ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​មហាផ្ទៃ បកស្រាយ​ថា មិនបាន​រារាំង​អ្នកណាម្នាក់ មិន​ឲ្យ​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឡើយ​
18, Sep 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញមក​បដិសេធថា មិនបាន​ដាក់​បញ្ជា​ឲ្យ​រារាំង​ឬ​គាបសង្កត់​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ឲ្យ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឡើយ​។ ការបដិសេធ​នេះ ជាការ​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​មួយចំនួន ដែល​ផ្សាយ​ថា សម្តេច បញ្ជា​ឲ្យ​រារាំង​និង​គាបសង្កត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​វត្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​។​



​សម្តេច​រដ្ឋមន្ត្រី បាន​ហៅ​សារព័ត៌មាន​ទាំងនោះ ថា​មាន​និន្នាការ​ប្រឆាំង ហើយ​ចុះផ្សាយ​បំ​ភ្លើ​ស និង​មួលបង្កាច់​។ រដ្ឋមន្ត្រី​មហាផ្ទៃ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ដូច្នេះ​ថា​៖«​នេះ​ជា​ចេតនា​អាក្រក់ ដែល​ខ្ញុំ មិន​ទទួលយកបាន​»​។​

​សារព័ត៌មាន​នានា បាន​ចុះផ្សាយ​ពី​សំឡេង​របស់​សម្តេច ស ខេង ដែល​បែកធ្លាយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ក្នុង​សំឡេង​នោះ សម្តេច បាន​បង្គាប់​ទៅគ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ដាក់​កម្លាំង​ឃ្លាំមើល​អ្នកគាំទ្រ​គណបក្សប្រឆាំង នៅតាម​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​បារម្ភ​ថា ពួកគេ យក​លេស​នៃ​ការ​ទៅ​វត្ត ដើម្បី​ជួបជុំគ្នា ហើយ​លួច​ជជែក​គ្នា​ពី​ផែនការ​ខ្មៅ​ងងឹត​។

​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក អនុប្រធាន​គណបក្សកាន់អំណាច បកស្រាយ​ពី​សំឡេង​របស់ខ្លួន​បែបនេះ​ថា​៖«​ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​ប្រទេសជាតិ ខ្ញុំ មាន​សិទ្ធិ និង​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ក្នុងការ​ដាក់ចេញ​បទបញ្ជា​ដើម្បី​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​គ្រប់​ព្រឹត្តិការណ៍​នានា​។ ...​ហើយ​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព​នយោបាយ បំផុស​ឲ្យ​មាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ឈានទៅ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់​ត្រូវមាន​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​»៕

Tag:
 ​ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com