ជាតិ
វីដេអូ
លោក ឃួ​ង ស្រេង ចង់​ឲ្យ​រាជធានី​ភ្នំពេញ​មាន​ពណ៌​បៃតង​
18, Sep 2019 , 11:25 am        
រូបភាព
​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មានបំណង​ឲ្យ​រាជធានី​ភ្នំពេញ​មាន​ពណ៌​បៃតង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ឧទ្យាន​ស្ថានទូត​បារាំង​នៅ​ថ្ងៃទី​១៧ ខែកញ្ញា លោក ឃួ​ង ស្រេង បានលើកឡើង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ចង់បាន នៅ​ទីក្រុង​ភ្នំពេញ មាន​ដើមឈើ​ធំៗ​ប្រកបដោយ​ភាព​បៃតង តែ​ដើមឈើ​នោះ វា​មាន​អត្ថន័យ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​»​។​



​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន ThmeyThmey.com និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដូចតទៅ​៖



​នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ឧទ្យាន​ស្ថានទូត​បារាំង ដែល​បង្ហាញ​ដោយ​លោកស្រី អេ​វ៉ា ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង និង​អ្នកជំនាញ​ក្សេត្រសាស្ត្រ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ទស្សនា និង​ឈ្វេងយល់​ពី​ប្រភេទ​ដើមឈើ​នីមួយៗ​នៅក្នុង​ស្ថានទូត​។ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​លើកឡើងថា​៖ «​បរិយាកាស​ស្ថិតក្នុង​ភាព​បៃតង មាន​ដើមឈើ​ច្រើន វា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ដែល​កំពុង​នឿយហត់ បាន​កាត់បន្ថយ​ការនឿយហត់​មួយ​រំពេច​»​។

​បើតាម​លោក ឃួ​ង ស្រេង បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុងការ​បណ្ដុះ​កូនឈើ​ប្រណិតៗ​សម្រាប់​ដាំ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​នៅតាម​ផ្លូវ​មួយចំនួន​បាន​ដាំ​រួចរាល់​ហើយ​។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បន្ថែមថា នាពេល​អនាគត​លោក​ចង់ឃើញ​អគារ​ខ្ពស់ៗ​នៅ​រាជធានី​ភ្នំពេញ មាន​រុក្ខជាតិ​បៃតង ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ២១ ខែកញ្ញា​នេះ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នឹង​បើកទ្វារ​ឲ្យ​សាធារណជន​ចូល​ទស្សនា​ឧទ្យាន​ស្ថានទូត​ដោយ​សេរី នាឱកាស​ទិវា​បេតិកភណ្ឌ​៕

Tag:
 ដើមឈើ​
  បៃតង​
  ឃួ​ង ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com