កីឡាជាតិ
ជាតិ
បឹងកេតប្រជែងជាមួយវិសាខា ដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែន នៅល្ងាចនេះ លោក Tunji Ayoyinka Akeeb គ្រូបង្វឹកក្រុមវិសាខា(ឆ្វេងទី២)ចាប់ដៃជាមួយលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត, រូបភាពពី CNCC
× ភ្នំពេញ៖ បឹងកេតត្រូវប្រជែងជាមួយវិសាខា ដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នៅម៉ោង៦ល្ងាចថ្ងៃទី១៨ ខែកញ្ញា នេះ នាពហុកីឡដ្ឋានជាតិ។ នេះជាលើកទី១ ដែលក្រុមទាំងពីរបានឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
មុនឡើងមកជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមទាំងពីរបានទម្លាក់គូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ ក្នុងនោះវិសាខាបានទម្លាក់គីរីវង់សុខសែនជ័យជាមួយជ័យជម្នះទាំងពីរជើង ៥-២ ខណៈបឹងកេតទម្លាក់សូលទីឡូអង្គរ ២-១។ បឹងកេតទំនងជាអាចមានការប្រឹងប្រែងខ្លាំងនៅថ្ងៃនេះ ដ្បិតពួកគេទើបតែរបូតឱកាសឡើងទៅប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគកំពូល។
ជំនួបនៅពហុកីឡដ្ឋានជាតិម៉ោង៦ល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏តានតឹងនិងមានភាពទាក់ទាញក្នុងក្រសែភ្នែកទស្សនិកជន ដ្បិតវិសាខា ក៏បានអះអាងពីការត្រៀមខ្លួនបានល្អសម្រាប់ការប្រជែងដណ្តើមពាននេះដែរ។
នេះជាលើកទី៣ហើយ សម្រាប់បឹងកេត ដែលបានបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពួកគេបង្ហាញខ្លួនក្នុងពានរង្វាន់នេះតាំងពីឆ្នាំ២០១២។ សម្រាប់ការបង្ហាញខ្លួនពីរលើកកន្លងមក បឹងកេតមិនធ្លាប់ឈ្នះកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះទេ។ ពោលគឺនៅឆ្នាំ២០១៤ ពួកគេទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះណាហ្គាវើល ៣-០។ នៅឆ្នាំ២០១៧ ពួកគេទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់អគ្គិសនីកម្ពុជាដោយបាល់កាត់សេចក្តី ៥-៤។
សម្រាប់វិសាខាវិញ ក៏ជាការបង្ហាញខ្លួនលើកទី១ នៃការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការពានរង្វាន់នេះ ។ នាការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០១៨ វិសាខាបានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀងជាមួយលទ្ធផល ២-១។ ពានរង្វាន់សម្តេច ហ៊ុន សែន បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ៕
Tag:
Hun Sen Cup 2019
វិសាខា
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com