ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ទុនវិនិយោគផ្នែក​សំណង់​នៅ​កម្ពុជា កើន​៥៧​ភាគរយ ក្នុង​ខែសីហា​២០១៩ បើ​ធៀប​នឹង​ខែសីហា​២០១៨
18, Sep 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ខែសីហា មាន​ចំនួន​៤១៨​គម្រោង ក្នុង​ទំហំ​ផ្ទៃក្រឡា​ជាង​២,៨​លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន​ជាង​១,៤៣៨​លាន​ដុល្លារ​។ តម្លៃ​វិនិយោគ​នៃ​វិស័យ​សំណង់​នេះ បាន​កើនឡើង​៥៧,២០​ភាគរយ បើ​ធៀប​ខែសីហា ឆ្នាំ​២០១៨ ដែលមាន​ជាង​៩១៥​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ទើប​ចេញផ្សាយ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៩​។ 


​របាយការណ៍​ដដែល បាន​បង្ហាញថា ក្នុងចំណោម​សំណង់​ជាង​៤០០​គម្រោង​ខាងលើនេះ មាន​៦៤​គម្រោង ដែលមាន​ផ្ទៃក្រឡា​ជាង​២​លាន​ម៉ែត្រការ៉េ ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ដែន​រៀបចំ​ដែនដី​ផ្ទាល់​។ សំណង់​ទាំង​៦៤​គម្រោង​នេះ មានតម្លៃ​វិនិយោគ​ជាង​៨៦៧​លាន​ដុល្លារ​។ ដោយឡែក​សំណង់​ចំនួន​៣៥៤​គម្រោង​ទៀត មាន​ផ្ទៃដី​ជិត​៤០​ម៉ឺន​ម៉ែត្រការ៉េ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​-​ខេត្ត មានតម្លៃ​វិនិយោគ​ជាង​១៥៩​លាន​ដុល្លារ​។ ប៉ុន្តែ​តម្លៃ​វិនិយោគ​នេះ​កើនឡើង​ជាង​២៣៥​ភាគរយ​។​

​ឆមាស​ទីមួយ ឆ្នាំ​២០១៩ សំណង់​នៅ​កម្ពុជា មាន​ជាង​២​ពាន់​គម្រោង ក្នុង​ទំហំ​ផ្ទៃក្រឡា ៧​លាន​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​វិនិយោគ​ជាង​៣៣៩២​លាន​ដុល្លារ​។ តម្លៃ​វិនិយោគ​នៃ​វិស័យ​សំណង់​នេះ បាន​កើនឡើង​ជិត​៥៧,៧៥​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទីមួយ ឆ្នាំ​២០១៨ ដែលមាន​ជាង ២១៥៣​លាន​ដុល្លារ​។​

​ចាប់ពី​ឆ្នាំ​២០០០ ដល់​ខែសីហា ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី បានចេញ​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៤៦ ៥៤៨​គម្រោង ដែលមាន​ផ្ទៃ​សាងសង់​ជាង​១២៥​លាន​ម៉ែត្រក្រឡា ជាមួយនឹង​តម្លៃ​វិនិយោគ​ប៉ាន់ស្មាន ជាង​៤៧​ពាន់​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៨ កម្ពុជា​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ២ ៨៦៧ គម្រោង មានតម្លៃ​ប្រមាណ ៥ ២២៨ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លាន​ដុល្លារ​៕


Tag:
 សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com