អន្តរជាតិ
លោក ត្រាំ ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចមានមុន ឬក្រោយការបោះឆ្នោត២០២០ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ខែកញ្ញា បាននិយាយថា រដ្ឋបាលរបស់លោកអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនមុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក ឬក៏អាចព្រមព្រៀងក្រោយថ្ងៃបោះឆ្នោតក៏ថាបាន។
និយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋ New Mexico ទៅរដ្ឋ California លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងប៉េកាំងគិតថា លោក នឹងឈ្នះការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែមន្ត្រីចិនបែបជាចង់សម្រេចកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីផ្សេងទៅវិញ។ ដោយភ្ជាប់ជាមួយនឹងពាក្យគំរាម លោកត្រាំថា ប្រសិនបើសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការបោះឆ្នោតថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វានឹងអាក្រក់ជាងនេះទៅទៀត។
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រធានាធិបតីវ័យ៧៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា៖ «ខ្ញុំគិតថា វានឹងមានកិច្ចព្រមព្រៀងឆាប់ៗនេះ ប្រហែលជាមុនពេលបោះឆ្នោត ឬក៏មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត។ ប្រសិនបើក្រោយការបោះឆ្នោត វាប្រហែលជាមានកិច្ចព្រមព្រៀង ដែលមិនធ្លាប់មានពីមុនមក វាប្រហែលជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ ហើយចិនក៏ដឹងពីបញ្ហានេះដែរ»។
ក្នុងន័យសរសើរខ្លួនឯង ក៏ដូចជាព្រមានចិន លោកដូណាល់ ត្រាំ បានអះអាងថា លោកនឹងឈ្នះ ហើយឈ្នះយ៉ាងស្រួលទៀតផង។ ចំណែកចិនវិញ កំពុងបារម្ភពីកិច្ចព្រមព្រៀង ដែលនឹងត្រូវសម្រេចក្រោយការបោះឆ្នោត ព្រោះវានឹងអាក្រក់ជាងពេលនេះទៅទៀត។ ការលើកឡើងរបស់ប្រធានាធិបតីអាមេរិករូបនេះ គឺធ្វើឡើងមុនជំនួបចរចារវាងមន្ត្រីថ្នាក់ក្រោមអាមេរិក និងចិន បន្ទាប់ពីខកខានជាងពីរខែមកនេះ។
ជាការពិតកិច្ចចរចានេះធ្វើឡើង នៅក្នុងបរិបទនៃភាពធូរស្បើយនៃសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីអាមេរិកបានផ្អាកការយកពន្ធពីចិនមួយរយៈចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា តាមការស្នើសុំរបស់ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ចិន និងអាមេរិក បានប្រកាសយកពន្ធពីគ្នាទៅវិញទៅមកជាលើកដំបូង ប៉ុន្តែវាក៏បានធូរស្បើយវិញបន្ទាប់ពីប្រទេសទាំងពីបានផ្អាកយកពន្ធពីគ្នាមួយរយៈ ក្នុងថ្ងៃគំរប់ខួបសារធារណរដ្ឋប្រជាមានិតចិនលើកទី ៧០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com