កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ចាត់ទុក​ការរួម​ភេទ​ជាមួយ​មិត្តស្រី Rodriguez រំភើប​ជាង​ស៊ុត​ចូល​ទី​ទៅទៀត​
18, Sep 2019 , 3:46 pm        
រូបភាព
Cristiano Ronaldo បាន​សារភាពថា​ការ​រួមភេទ​ជាមួយ​មិត្តស្រី​ខ្លួន​ដែលជា​តារា​ម៉ូ​ឌែ​ល​នាង Georgina Rodriguez គឺ​រំភើប​ជាង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​កីឡាបាល់ទាត់​របស់គេ​ទៅទៀត​។​



​នៅក្នុង​បទ​សម្ភាស​ជាមួយ​សម្រាប់​កម្មវិធី​ទូរទស្សន៍ ITV តារា​ឆ្នើម​ក្រុម​សេះបង្កង់ Juventus រូបនេះ​បាន​ប្រាប់​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​ប្រសើរ​ជាង​អារម្មណ៍​រំភើប​ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​

Ronaldo រៀបរាប់ថា ការ​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ​សម្រាប់ Real Madrid ទល់នឹង​ក្រុម​ដែល​រូបគេ​លេង​សព្វថ្ងៃ​កាលពី​ខែមេសា ឆ្នាំ​២០១៨ គឺជា​គ្រាប់​បាល់​ដែល​ខ្លួន​ពេញចិត្ត​បំផុត ប៉ុន្តែ​វា​ក៏​មិនអាច​ប្រៀបធៀប​ជាមួយ​ដៃគូ​បច្ចុប្បន្ន​របស់គេ​បានដែរ​។​



​គ្រាប់​បាល់​ដែល Ronaldo ចង់​និយាយ​នោះ​គឺ​កើតឡើង​ពី​ការបញ្ជូន​បាល់​របស់​ខ្សែការពារ Dani Carvajal ហើយ​រូបគេ​ប្រើ​ក្បាច់​បក​ចេក​ដើម្បី​បំប៉ោង​សំណាញ់​ទី​ក្រុម Juventus នា​ជំនួប​ជើង​ទី​១ វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Champions League កាលពី​រដូវ​កាល ២០១៧-១៨​។​

​ប្រា​ប់លោក Piers Morgan ក្នុង​បទ​សម្ភាស​នោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​រូបនេះ សារភាពថា​គ្រាប់​បាល់​នោះ​រូបគេ​ពិតជា​ពេញចិត្ត​ខ្លាំងណាស់ ប៉ុន្តែ​យ៉ាងណា Ronaldo មិន​ឲ្យ​តម្លៃ​វា​ខ្ពស់ជាង​បទពិសោធន៍​ស្នេហា​របស់ខ្លួន​ជាមួយ​មិត្តស្រី​នាង Rodriguez នោះទេ​។​

​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester United រូបនេះ ថែមទាំង​អះអាងថា​នាង Rodriguez ដែល​រួមរស់​ជាមួយ​ខ្លួន​រហូត​ទទួលបាន​កូនប្រុស​ម្នាក់ និងចិញ្ចឹមកូនខ្លួន៣នាក់ផ្សេងទៀត ​ជា​មនុស្ស​ល្អ និង​ជា​ម្តាយ​ល្អ ហើយ​រូបគេ​មាន​គម្រោង​រៀបការ​ជាមួយ​នាង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ទៀតផង​៕

Tag:
 Cristiano Ronaldo
  Georgina Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com