ជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ មន្ត្រីត្រូវធ្វើខ្លួនឱ្យស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ដើម្បីពង្រឹងអភិបាលកិច្ចឱ្យបានល្អនោះ មន្ត្រីទាំងអស់ត្រូវចៀសវាងការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរសក្តិ ដែលប្រាប់មន្ត្រីខ្លួនឱ្យធ្វើជាមនុស្សស្អាតស្អំ ក្នុងពេលបំពេញការងារ។
ថ្លែងចំពោះថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង លោក ប៉ាន់ សូរសក្តិ ជំរុញឱ្យមន្ត្រីទាំងអស់ ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ជាពិសេសចៀសវាងការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាព ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត «អភិបាលកិច្ចល្អ» និងក្របខណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈមការរបស់រាជរដ្ឋាភិបាល។
ក្រៅពីណែនាំបែបនេះហើយ រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានពន្យល់ពីកិច្ចការងាររបស់ក្រសួង ដែលត្រូវបន្តពង្រឹងការអនុវត្តទាក់ទងនឹងផ្លូវច្បាប់ផងដែរ។ ត្រង់ចំណុចនេះលោក ប៉ាន់ សូរសក្តិ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ។ បើតាមលោក សូរសក្តិ នៅពេលឯកសារច្បាប់ទាំងអស់លេចចេញជារូបរាងនោះ វានឹងផ្តល់វិសាលភាពដល់ក្រសួង ក្នុងការអនុវត្តកាតព្វកិច្ចកាន់តែប្រសើរ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថែមទៀត។
ថ្លែងក្នុងពិធីចុះសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ទាក់ទងវឌ្ឍនភាពការងារ និងទិសដៅសកម្មភាព ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព កាលពីថ្ងៃទី១៧ កញ្ញា រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បាននិយាយដូច្នេះថា៖«ឥឡូវនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័តរួចហើយ គឺនៅរង់ចាំតែភ្លើងខៀវពីព្រឹទ្ធសភា។ ចំណែកឯអនុក្រឹត្យ ក៏បានឆ្លងផុតក្រសួងមុខងារសារធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់រួចហើយដែរ គឺនៅតែដាក់ឆ្លងអន្តរក្រសួង ធ្វើការពិនិត្យចុងក្រោយតែប៉ុណ្ណោះ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ក៏នឹងត្រូវប្តូរឈ្មោះថ្មីក្នុងពេលឆាប់ៗផងដែរ» ។
គួររម្លឹកថា នៅក្រោមក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មមុខងារជាបន្តបន្ទាប់ដល់ថ្នាក់ក្រោមជាតិ តួយ៉ាងដូចជាការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែន (ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងស្វាយរៀង រួមទាំងតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្វើការបណ្តុះបណា្តលមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្ម លើជំនាញវិធានដើមកំណើតទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញ CO ផងដែរ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម៕
Tag:
ប៉ាន់ សូរសក្តិ
ពាណិជ្ជកម្ម
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com